ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មន្ត្រីនគរបាលយុត្តិធម៌ជាង៣០០នាក់មកពីក្រុងស្រុកទាំង១៤ និងមន្ត្រីមកការិយាល័យនានានៃស្នងការខេត្តបានចូលស្បថបំពេញមុខងារ
នៅក្នុងតុលាការខេត្តបាត់ដំបង ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋដោយយុត្តិធម៌មិនលំអៀង។
វត្តមានអញ្ជើញចូលរួមជាគណអធិបតីពីស្ថាប័នតុលាការមានប្រធានក្រុមប្រឹក្សាស្បថបំពេញជាភ្នាក់ងារ ដោយលោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត អនុប្រធាន២រូបមានលោក ហេង លុយ តំណាងអយ្យការណ៍ និងលោកស្រី យិច ឈាណាវី ជាចៅក្រម។
តាមលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ការស្បថក្នុងអំឡុងឆ្នាំ២០០៨
កន្លងមក ស្នងការដ្ឋាននគរបាលខេត្តយើង បានធ្វើពិធីនេះម្តងរួចមកហើយ ក្នុងនោះក៏មានការបែងចែក និងចូលស្បថជាមន្ត្រីនគរបាលយុត្តិធម៌ដែលមានតួនាទី ឬមានចាប់ពីឋានន្តរសក្តិពីអនុសេនីយ៍ឯកឡើងទៅ។ ដោយឡែកយើងបានធ្វើពិធីនៅថ្ងៃនេះ គឺសម្រាប់តែភ្នាក់ងារនគរបាលយុត្តិធម៌មានចំនួន៣១៥នាក់ បានចូលស្បថបំពេញមុខងារនៅតុលាការខេត្តបាត់ដំបង បន្ទាប់ពីមានលិខិតស្នើសុំរបស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តនាពេលកន្លងមកថ្មីៗនេះ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់ថា ការចូលស្បថនាថ្ងៃនេះ ជាលើកទី២ហើយ គឺជាមន្ត្រីនគរបាលមកពីមូលដ្ឋានតាមបណ្តាស្រុកក្រុងទាំង១៤ និងមន្ត្រីនគរបាលមកពីការិយាល័យនានាចំណុះឲ្យស្នងការខេត្តមួយចំនួន ដើម្បីបំពេញមុខងារ( បំពេញសិទ្ធ)ជាភ្នាក់ងារនគរបាលយុត្តិធម៌ តែមិនមានសិទ្ទ្ធសម្រេចអ្វីធំដុំទេ អាចសម្រេចបានត្រឹមបទលហុប៉ុណ្ណោះ ដូចមានចែងក្នុងក្រម ក្នុងមាត្រា៧៦, ៧៧, ៧៨, ក្រោយបានស្បថហើយមន្រីទាំងអស់ ត្រូវបានទទួលស្គាល់និងចេញវិញ្ញាបនបត្រពីសាលាដំបូងខេត្តបាត់ដំបង ។ ដោយខុសគ្នាពីមន្ត្រីនគរបាលយុត្តិធម៌ ដែលធ្លាប់បានទៅស្បថនៅសាលាឧទ្ធរណ៍ ដែលមានសញ្ញាបត្របញ្ជាក់ពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងមាហាផ្ទៃ ហើយមានសិទ្ធសម្រេចការងារទៅតាមភារកិច្ចជំនាញដែលថ្នាក់លើប្រគល់ជូន៕