0

ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​

ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​

នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញជាអធិបតី​​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ “​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​” នៅសណ្ឋាគារ​សុខា​ភ្នំពេញ ។

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី សម្ពោធ​ដាក់​ឱ្យ​ដំណើរការ “​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​” ថា ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង​មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​មិន​មាន​ការបង្ខិតបង្ខំ​នោះឡើយ​។ នេះ​ជា​យន្តការ​ដែល​រាជរដ្ឋាភិបាល​រៀបចំឡើង ដើម្បី​បង្កើត​នូវ​ទំនាក់ទំនង​រវាង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​ការគិតគូរ និង​ជួយ ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​រហ័ស​ទាន់​ពេល​។​

​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ពន្យល់​បន្ថែម​អំ​ពី គុណ​តម្លៃ និង​កញ្ចប់​អត្ថប្រយោជន៍ នៃ​ការចុះឈ្មោះ​ចូល​ក្នុង​ប្រព័ន្ធ​ចំនួន ៨ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ និង​រៀបចំ​ជួយ​ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុងនោះ​រួមមាន​៖
១/ ការចុះ​ឈ្មោះ​របស់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​អនុវត្ត​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ទាំងស្រុង​, មិន​មាន​ការបង្ខិតបង្ខំ និង​មិន​គិតថ្លៃ​អ្វី​ទាំងអស់​,
២/ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ផលរបរ​ក្រោម ២៥០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ មិន​មាន​កាតព្វកិច្ច​ពន្ធ​, មិនចាំបាច់​បង់ពន្ធ​ប៉ាតង់ និង​មិន​ចាំបាច់​រៀបចំ​ឯកសារ​ប្រកាស​ពន្ធ​អ្វី​ទាំងអស់​,
៣/ ក្រោយ​ចុះ​ឈ្មោះ និង​ទទួល​បាន​ការអនុម័ត​រួច បងប្អូន​នឹង​ទទួលបាន​វិញ្ញាបនបត្រ​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ជា​ការបញ្ជាក់​នៃ​ការទទួលស្គាល់​តួនាទី និង​ការរួមចំណែក​របស់​បង​ប្អូន​ដល់​សេដ្ឋកិច្ចជាតិ​,
៤/ ការចុះ​ឈ្មោះ​នេះ នឹង​ផ្តល់​លទ្ធភាព​ឱ្យ​បងប្អូន​បង្កើន​សមត្ថភាព​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ តាមរយៈ​ការពង្រឹង​ជំនាញ​ដែល​មាន​ស្រាប់ និង​ការចាប់យក​ជំនាញ​ថ្មី​,
៥/ ការចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រៀប​ដូច​ជា​កូនសោ​មួយ ដែល​បងប្អូន​អាច​ចាក់ ដើម្បី​បើកទ្វារ​ទៅ​កាន់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ រួម​ទាំង​សេវា​ឥណទាន ឬ​ទុនវិនិយោគ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​មុខរបរ ដោយ​ចៀសវាង​ទៅ​ចងការ ឬ​ទៅ​ខ្ចីបុល​ក្រៅផ្លូវការ​,
៦/ លទ្ធភាព​ក្នុង​ការ​ចូល​ជា​សមាជិក​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.),
៧/ ការចុះ​ឈ្មោះ​នេះ នឹង​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​ទិន្នន័យ​ល្អ ដែល​នឹង​ផ្តល់​លទ្ធភាព​ដល់​រដ្ឋ​ក្នុង​ការផ្តល់​ការគាំទ្រ​ទៅដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យចំ​គោលដៅ និង​រហ័ស ជាពិសេស​ក្នុង​អំ​ព​ឡុង​ពេល​នៃ​វិបត្តិ​នានា និង​
៨/ ការចុះ​ឈ្មោះ​នេះ នឹង​ជួយ​សម្រួល​ដល់​បងប្អូន​ឱ្យ​ទទួលបាន​ការថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ តាមរយៈ​មូលនិធិ​សមធម៌​សុខាភិបាល នៅតាម​បណ្តា​មន្ទីរពេទ្យរដ្ឋ​នៅ​ទូទាំង​ប្រទេស​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ដល់​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការអនុវត្ត​វិធានការ​ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ជាតិ ហើយ​ដែល​ស្ថិតនៅក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​គិតគូរ​រៀបចំ​សកម្មភាព​គាំទ្រ​បន្ថែមទៀត សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​, ភាពកក់ក្តៅ និង​ការជួយ​គាំទ្រ ជាពិសេស​នៅ​តាម​មូលដ្ឋាន​ដែល​បងប្អូន​កំពុង​ប្រកប​អាជីវកម្ម និង​មុខរបរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!