0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​អង្គការ​-​សមាគម ប្រកៀក​ស្មា​បម្រើ​ផលប្រយោជន៍​សង្គម និង​មនុស្សជាតិ ជាមួយ​រាជរដ្ឋាភិបាល​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​អង្គការ​-​សមាគម ប្រកៀក​ស្មា​បម្រើ​ផលប្រយោជន៍​សង្គម និង​មនុស្សជាតិ ជាមួយ​រាជរដ្ឋាភិបាល​

ថ្លែង​ក្នុង​ពិធី​បិទ​វេទិកាស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី​៦ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ និង​លើកទឹកចិត្ត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល រួម​ប្រកៀក​ស្មា​គ្នា​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ និង​មនុស្សជាតិ ស្របតាម​ច្បាប់​និង​លក្ខន្តិកៈ ដែល​ខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​មាន​សមត្ថកិច្ច​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ស្នើ​ឱ្យ​ចៀសវាង​ជាដាច់ខាត​ការពាក់ព័ន្ធ ឬ​គាំទ្រ​អំពើ​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​អាវុធ​មហា​ប្រល័យ ព្រមទាំង​បន្ត​ចូលរួម​ដោយ​ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​និង​ ​បរិស្ថាន ការទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ និង​បទល្មើស​នេសាទ ដើម្បី​ពង្រឹង​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ណែនាំ​អង្គការ និង​សមាគម ចៀស​ចេញពី​ក្រុម​ជ្រុលនិយម​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រឆាំង​រដ្ឋធម្មនុញ្ញ និង​ជា​វិទ្ធង្សនា​លើ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​នាំ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​ជាតិ​។

​ជាថ្មីទៀត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា ដូច​ប្រទេស​នានា​ដែរ រួម​ទាំង​អាម៉េរិក និង​អឺរ៉ុប អង្គការ សមាគម ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់ ក្នុង​នោះ​សម្រាប់​កម្ពុជា ច្បាប់​បាន​តម្រូវឱ្យ​ផ្ដល់​របាយការណ៍​សកម្ម​ភាព របាយការណ៍​ហិរញ្ញវត្ថុ និង​លេខ​គណនី​ប្រតិបត្តិការ មក​ក្រសួង​មាន​សមត្ថកិច្ច​។​

​ពី​ចំណែក​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​វិញ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​បន្ត​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ចុះបញ្ជី​ត្រឹមត្រូវ​ស្របច្បាប់ ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការរារាំង និង​ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​ជាមុន លើកលែងតែ​ក្នុងស្ថានភាព​ចាំបាច់​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងទៀត​កំណត់​ដោយ​ច្បាប់​ជា​ធរមាន​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត បន្ត​រៀបចំ​វេទិកា​ស្តីពី​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​ឡើងវិញ ឱ្យបាន​ហោចណាស់ ២​ដង ក្នុង​មួយ​ឆ្នាំ ដោយ​លើក​ទី​១ អាច​រៀបចំ​តាម​ប្រព័ន្ធ​ហ្ស៊ូ​ម​។​

​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​សង្កត់ធ្ងន់​ទៀត​ថា រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ចាត់​វិធានការ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​របស់​ស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន ដែល​បោកប្រាស់ អូសទាញ​ប្រជាពលរដ្ឋ តាមរយៈ​ការ​ចូល​ជា​សមាជិក និង​ការតម្រូវ​ឱ្យ​បង់​ប្រាក់​ចូល​មូលនិធិ ដើម្បី​យក​ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន និង​ចាត់វិធានការ​ភ្លាម​ចំពោះ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ចូលរួម​ជាមួយ​ក្រុម​ជ្រុលនិយម រៀបចំ​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

​សូមបញ្ជាក់​ថា វេទិកា​លើក​ទី​៦ ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល ដោយ​មាន​តំណាង​ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អង្គទូត តំណាង​អង្គការ​ជាតិ អន្តរជាតិ និង​សមាគម​នានា ចូលរួម​ប្រមាណ ៥២០​នាក់​។ អង្គ​វេទិកា បាន​ស្ដាប់​ការធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​តាម​វិស័យ​ជំនាញ ព្រមទាំង​បាន​ពិភាក្សា ពិគ្រោះ​យោបល់ ចែករំលែក​បទពិសោធ បញ្ហា​ប្រឈម លើក​ដំណោះស្រាយ និង​សំណូមពរ​មួយចំនួន ក្នុងន័យ​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល អាជ្ញាធរ​ជាមួយនឹង​អង្គការ សមាគម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!