0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ សិក្សា​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា ដោយសារ​វិស័យ​នេះ ត្រូវការ​ការវិនិយោគ​ច្រើន និង​ចំណាយពេល​យូរ ដើម្បី​ទទួលបាន​លទ្ធផល ទាំង​ដែល​លទ្ធផល​នោះ​អាច​នឹង​សម ឬ​មិន​សមប្រកប​តាម​គោលដៅ​កំណត់​ក៏​ថា​បាន ខណៈ​ស្ថានភាព​ពិភពលោក ក៏​មាន​ការ​ប្រឈម​ប្រែប្រួល​ដែល​ទាមទារ​ឱ្យមាន​ភាពបត់បែន​គ្រប់​ផែនការ រួម​ទាំង​ផែនការ​ក្នុង​វិស័យ​កីឡា​នេះដែរ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូ​រង គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ កីឡា​ការិនី នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍​ទៀតថា ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ គួរ​តម្រង់​ទិស​ថា តើ​គោលបំណង​ធំ​ចុងក្រោយ​ចង់បាន​អ្វី និង​ត្រូវ​ត្រៀម​លក្ខណៈ​អ្វី​ខ្លះ ដើម្បី​សម្រេច​គោលបំណង​នោះ ស្របពេល​ដែល​ផ្លូវ​ដើរ​ទៅ​រក​គោលដៅ​ដែល​ចង់បាន អាច​នឹង​ទទួលរង​ឥទ្ធិពល​ប្រែប្រួល​ជា​បន្តបន្ទាប់ ដូច​ស្ថានភាព​ពិភពលោក នាពេលនេះ​។​

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ជា​ការពិត គោលដៅ​របស់​ក្រុម​កីឡាករ កីឡា​ការិនី គឺ​យក​មេដាយ​ជូន​ជាតិ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ការរៀបចំ​ផែនការ និង​ការប្ដេជ្ញា​ចិត្ត​អនុវត្ត​ប្រកបដោយ​គុណភាព ពិសេស​គុណភាព​នៃ​ការហ្វឹកហាត់ គឺ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​បង្ហាញ​ឆន្ទៈ​ផ្លាស់ប្ដូរ​ពី​ប្រទេស ឬ​ក្រុម​ដែល​ធ្លាប់តែ​ចូលរួម​កំដរ​រោង​នៃ​ព្រឹត្តិការណ៍​កីឡា​នានា ទៅ​ជា​ប្រទេស ឬ​ក្រុម​ដែល​ប្រជែង​យក​មេដាយ​ជូន​ជាតិ តួយ៉ា​កីឡា​ម៉ូតូ​ទឹក ដែល​ពីមុន​កម្ពុជា​ត្រឹមតែ​សុំ​គេ​ចូលរួម ប៉ុន្តែ​តែ​ពេល​នេះ​ឈាន​ដល់​ដណ្ដើម​មេដាយ​ពី​គ្រប់​ប្រទេស​។​

​ពី​វេទិកា​សំណេះសំណាល​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ពង្រឹង​ប្រភេទ​កីឡា​រួម (Team Sport) ជា​កីឡា​មាន​ប្រជាប្រិយភាព​បំផុត​ទាំង​ក្នុងប្រទេស និង​លើ​ឆាក​អន្តរជាតិ និង​ត្រូវ​បន្ត​លើកទឹកចិត្ត​និង​ផ្តល់​ភាពងាយស្រួល​ឱ្យ​គ្រូបង្វឹក និង​អត្ត​ពលលិក​ខិតខំ​ប្រឹងប្រែង​ស្វែងយល់ និង​ហ្វឹកហាត់​ទាំង​លើ​បទបញ្ជា និង​បច្ចេកទេស​ថ្មីៗ នៃ​ប្រភេទ​កីឡា​របស់ខ្លួន ឱ្យ​ទាន់​តាម​ស្តង់ដារ​សកល ព្រមទាំង​ចៀសវាង​ដាច់ខាត​នូវ​ការពាក់ព័ន្ធ​ល្បែងស៊ីសង និង​គ្រឿងញៀន​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ណែនាំ​ឱ្យ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ រៀបចំ​ការ​កួត​នានា​ក្នុង​កម្រិត​ផ្ទៃក្នុង ឬ​មិត្តភាព រវាង​ក្រសួង​-​ស្ថាប័ន​លើ​ប្រភេទ​កីឡា​មាន​សក្ដានុពល និង​ផ្ដល់​ឱកាស​បន្ថែមទៀត​ឱ្យមាន​ការចូលរួម​ពី​មហាជន​ដែល​អាច​មាន​ជន​ឆ្នើម​បង្ហាញ​ភាព​លេចធ្លោ​លើ​ប្រភេទ​កីឡា​ណាមួយ​។ ជាមួយគ្នានេះ អង្គភាព​ចំណុះ​ក្រសួង ក៏​ត្រូវតែ​ជំរុញ​មន្ត្រី​ខ្លួន​ឱ្យ​លេង​កីឡា​តាម​ដែល​ចូលចិត្ត ព្រោះ​អាច​ថា យើង​នឹង​ទទួលបាន​នូវ​អត្ត​ពលិក​ថ្មីៗ ពី​សំណាក់​អង្គភាព​ទាំងនោះ មក​បញ្ចូល​ក្នុង​សមាសភាព​កីឡា​ផ្លូវការ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!