0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​»

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​»

ខេត្តកំពង់ចាម ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ជា​អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» ។

ថ្លែង​ក្នុងឱកាសនោះ ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានប្រសាសន៍ថា ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល ៥០០​ឆ្នាំ ដែល​យើង​មាន​ការឯកភាព​ជាតិ​, មាន​រាជរដ្ឋាភិបាល​តែមួយ និង​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដែល​បង្ក​លក្ខណៈ​ឱ្យ​យើង​អាច​វាស់វែង​ដី​ទាំងអស់​នៅ​ទូទាំង​ប្រទេស​, ចុះបញ្ជី​ស្តង់ដា​តែមួយ ហើយ​ទទួលបាន​កម្មសិទ្ធិ​ពេញលេញ​។ ដូចនេះហើយ ដី​គឺជា​ទ្រព្យ​សំខាន់​សម្រាប់​យើងទាំងអស់គ្នា​, មិន​ត្រឹមតែ​សម្រាប់​ជា​មូលដ្ឋាន​រស់នៅ តែ​ក៏​ជា​មូលដ្ឋាន​សម្រាប់​ការដាំដុះ​ចិញ្ចឹមជីវិត មិន​ត្រឹមតែ​ប៉ុណ្ណឹង ដី​ក៏​ជា​ទ្រព្យសម្បត្តិ​សម្រាប់​ការប្រើប្រាស់ និង​ច្នៃ​ទៅ​ប្រើប្រាស់​តាម​សេចក្តីត្រូវការ និង​ផែនការ​ជីវិត​ផង​ដែរ​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា កន្លង​ទៅ​យើង​ធ្លាប់​ប្រកាស​ខេត្ត​ដែល​អស់​មីន តែ​បច្ចុប្បន្ន​យើង​បាន​ចុះ​មក​ប្រកាស​ខេត្ត​ដែល​បានប្រកាស​បញ្ចប់​ការ​វាស់វែង​ដី​ជា​ប្រព័ន្ធ​, ធានា​ដល់​ការផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាជន​យូរអង្វែង​, ជា​ផល​សម្រាប់​ប្រជាជន ក្រោម​ផ្លែផ្កា​នៃ​សុខសន្តិភាព ហើយ​នេះ​ជា​ការបើក​ទំព័រ​ថ្មី​មួយ​ក្នុង​ការចុះបញ្ជី​ដីធ្លី​, ក្នុង​ការបញ្ចប់​ការចុះវាស់វែង​ជា​ប្រព័ន្ធ​បាន​គ្រប់​ក្បាលដី​នៅ​ទូទាំង​ខេត្ត​កំពង់ចាម ដើម្បី​ឈាន​ទៅដល់​ការរៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​។ ជាមួយនឹង​សមិទ្ធផល​ដ៏​ធំធេង​នេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកស្រុក​ស្ទឹងត្រង់​, ស្រុក​ក្រូចឆ្មារ និង​អ្នក​កំពង់ចាម​ទាំង​អស់ ដែល​បាន​ផ្តល់​ការគាំទ្រ គោរព​ស្រលាញ់​សម្តេច​តេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បន្ត​ដឹកនាំ និង​បម្រើប្រជាជន និង​ផ្តល់​ផល​ឱ្យ​កាន់តែ​ច្រើន​គ្រប់​ទីកន្លែង​ទាំងអស់​។​

​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា អ្វី​ដែល​យើង​ឆ្លងកាត់ គឺ​ឆ្លងកាត់​ពី​ការលំបាក​, ឆ្លងកាត់​ពី​ការ​បែង​បាក់ រហូតមកដល់​ការរស់រានមានជីវិត​, មាន​ការ​បែងចែក​ផល​នៃ​សន្តិភាព និង​ពេល​នេះ​ជា​សក្ខីភាព​នៃ​ការ​ទទួលផល​ពិតប្រាកដ និង យូរអង្វែង សម្រាប់​ការកាន់កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​រឹងមាំ ក្នុង​ការអភិវឌ្ឍ និង​ទទួលបាន​មនុញ្ញ​ផល​។ ឈរ​លើ​បទពិសោធន៍​នេះ ទើប​រាជរដ្ឋាភិបាល បានចាត់ទុក​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជា​អាទិភាព ដោយ​ចាត់ទុកថា​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ការតភ្ជាប់​ទាំង​មនុស្ស​, សេដ្ឋកិច្ច និង​បម្រើ​ការរីកចម្រើន​ដល់​មូលដ្ឋាន និង​សង្គមជាតិ​ទាំងមូល​។ ព្រម​ជាមួយគ្នានេះ​ដែរ​, ក្រោយពី​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់លក្ខណៈ​, អ្វី​ដែល​ជា​កត្តា​យកចិត្តទុកដាក់ គឺ​ការផ្តល់​ដី​, ការបែងចែក​ដី​ជូន​ប្រជាជន ហើយ​ដើម្បី​ឱ្យ​ដី​មាន​ផលប្រយោជន៍ គឺ​តម្រូវ​ឱ្យ​មាន​បណ្ណ​កម្មសិទ្ធិ​ច្បាស់លាស់​, មាន​ភាពរឹងមាំ​ក្នុង​ការគ្រប់គ្រង និង​កាន់កាប់​ដីធ្លី ពិសេស​ឈានទៅ​លុបបំបាត់​នូវ​រាល់​ទំនាស់​ដីធ្លី ជាមួយ​នឹង​ការរៀបចំ​ផែនការ​អភិវឌ្ឍ ផងដែរ​។

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​អំពី​ពាក្យ “​ផ្កា​រីក​នៃ​សន្តិភាព​” ផ្កា​រីក​ដែល​ទទួល​បាន​ដោយ​នយោបាយ​ឈ្នះ​-​ឈ្នះ​, ផ្កា​រីក​ដើម្បី​ផ្តល់​ភាព​ញញឹម​, ការស្រលាញ់គ្នា​, ការថែរក្សា​គ្នា​, ការថែរក្សា​សន្តិភាព និង​ការទទួល​ផល​នៃ​សុខសន្តិភាព​ទាំងអស់គ្នា ហើយ​យន្តការ​ផ្កា​រីក​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ដោយ​ផ្កា​រីក​ជាមួយ​រាជរដ្ឋាភិបាល គឺ​ស្រស់បំព្រង​ជាមួយគ្នា​។ ដូចនេះ​ថ្ងៃនេះ​, សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​រាំវង់​សន្តិភាព​ផ្កា​រីក​, កែប្រែ​ដី​ដែល​ធ្លាប់តែ​ស្រ​ពោន​, ពោរពេញ​ទៅដោយ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ អាច​ទទួលបាន​ការសម្អាត​ឱ្យមាន​សុវត្ថិភាព និង​បណ្ណ​កម្មសិទ្ធិ ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាច​ដាំ​ដុះ និង​បំពេញ​សេចក្តីត្រូវការ​ក្នុងកា​រស់នៅ ប្រកប​ដោយ​សេចក្តីសុខសាន្ត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!