0

លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី​ជា​អ្វី​? ធ្វើ​យ៉ាង​ដូចម្ដេច​? នៅឯណា​? អស់ប្រាក់​ប៉ុន្មាន​?

លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី​ជា​អ្វី​? ធ្វើ​យ៉ាង​ដូចម្ដេច​? នៅឯណា​? អស់ប្រាក់​ប៉ុន្មាន​?

ភ្នំពេញ ៖ លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី ជា​លិខិត​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ​-​សង្កាត់ ដើម្បី​ធ្វើ​ជា​អំណះអំណាង​បញ្ជាក់ថា​ដី​នោះ​ជា​របស់​បុគ្គល ឬ​មាន​ម្ចាស់​ពិតប្រាកដ សម្រាប់​ការស្នើសុំ​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ស្រប​តាម​ផ្លូវច្បាប់ និង​ក៏​មាន​សារៈសំខាន់​សម្រាប់​ការទិញ​លក់​ដីធ្លី ឬ​ធ្វើ​កិច្ចសន្យា​ផ្សេងៗ​ផងដែរ​។ នេះ​បើ​តាម​ការ​ផ្ដល់​និយមន័យ​ជាទូទៅ​។​

​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ បាន​ស្នើសុំ​ស្រាយ​ចម្ងល់​ពាក់ព័ន្ធ​នឹង​លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី ជាពិសេស​នីតិវិធី​នៃ​ការស្នើ​សុំ​សេវា ទីតាំង​ស្នើសុំ និង​តម្លៃ​នៃ​សេវា​មួយ​នេះ​។ តប​នឹង​ចម្ងល់​នេះ លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ផ្ដល់​ការពន្យល់​ដោយ​ផ្អែក​លើ​ទិដ្ឋភាព​គតិយុត្ត​ដូចខាងក្រោម​។​

​លោក​បណ្ឌិត ទូច សុឃៈ បាន​លើកយក​ប្រកាស​អន្តរក្រសួង​លេខ ១៤៣៤២​ប្រក ចុះ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ មក​បញ្ជាក់​ជូន​ថា សម្រាប់​ឃុំ​-​សង្កាត់​ក្នុង​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ សេវា​លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី​មានតម្លៃ​៥.០០០​រៀល ចំណែក​រាជធានី ខេត្ត​ផ្សេង​មានតម្លៃ​១០.០០០​រៀល ដោយ​មាន​រយៈពេល​៧​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​ដូច​គ្នា​។​

​លោក​បណ្ឌិត បាន​បន្ថែមទៀតថា ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ស្នើសុំ​លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី សូម​អញ្ជើញ​ទៅកាន់​សាលាឃុំ​-​សង្កាត់ នៃ​ដីធ្លី​នោះ ដោយ​ភ្ជាប់​ឯកសារ​មួយចំនួន​រួមមាន ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អាស្រ័យ​ផល​ចំនួន​១​ច្បាប់ សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​៕
​ដោយ ៖ លោក សេង បូ​លីន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!