ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាន នគរបាលស្រុកមេមត់ បានធ្វើការស្រាវជ្រាវរហូតឈានដល់បង្ក្រាបករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កំពង់លក់ចែកចាយ ព្រមទាំងដកហូតបាននូវវត្ថុតាងថ្នាំញៀនមួយចំនួន ៣៤កញ្ចប់។ ហេតុការនេះបានធ្វើឡើងកាលពីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមទី១ ឈ្មោះ ញាញ់ វ៉ាន ភេទប្រុស អាយុ៣៣ឆ្នាំ ទី២. ឈ្មោះ ជុំ ពិស ភេទប្រុស អាយុ៣៨ឆ្នាំ និងទី៣ ឈ្មោះជុំ ឆុន ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំងបីនាក់ រស់នៅក្នុងភូមិឃុំខាងលើ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបានធ្វើការឆែកឆេរ រកឃើញព្រមទាំងដកហូតបាននូវវត្ថតាងម្ស៉ៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ៣៤ កញ្ចប់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយនិងវត្ថុតាងថ្នាំញៀន ត្រូវបាននាំទៅកាន់ អធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ចូនទៅតុលាការ៕