ខេត្តព្រៃវែង ៖ លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា កាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តរបស់លោក បានស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកឈើមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 3.4546 ដែលស្ថិតនៅត្រង់ចំណុចផ្លូវបំបែក ក្នុងស្រុកព្រះស្ដេច ហើយសមត្ថកិច្ចឆែករកឃើញប្រភេទឈើ ហ៊ុបប្រណិតជាច្រើនដុំ ដែលដាក់ទំនិញបង្កប់ពីលើ ដើម្បីបំភ័នភ្នែកសមត្ថកិច្ច។
មន្ត្រីអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មាននៃការដឹកជញ្ជូនឈើទាំងនេះ កម្លាំងអាវុធហត្ថបានធ្វើការពួនស្ទាក់ រហូតចាប់បានតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ចំនួនឈើប្រណិតទាំងនេះមិនទាន់ដឹងនៅឡើយទេ ដោយបច្ចុប្បន្នត្រូវបានប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្ត ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបុគ្គលទាំងអស់នេះតែងតែប្រព្រឹត្តជាហូរហែចំពោះការដឹកជញ្ជូនឈើប្រណិតក្រោមរូបភាព បង្កប់នេះ បង្កប់នោះ ដោយភាគច្រើនប្រើប្រាស់រថយន្តរបស់យោធា ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន,ហើយល្មើសច្បាប់ធ្ងន់ធ្ងរទៅទៀត ។ ប្រភពព័ត៌មានមិនទាន់ជាផ្លូវការប្រាប់ថា គេឃើញដឹកតែរហូតមិនមែនទើបតែពេលនេះទេ ដែលរថយន្តយោធាទាំងនេះបានដឹកនោះ ។
ហើយកន្លងមក ពេលដែលចាប់បាន គឺបានត្រឹមតែឈើប៉ុណ្ណោះ ចំណែកឯម្ចាស់មិនដែលមកទទួលខុសត្រូវនោះទេ សូម្បីតែតៃកុងរថយន្ត ក៏មិនដែលចាប់បានដែរ។ ប្រភពដដែលបានបន្តថា ឈើដែលចាប់បានហើយក៏អាចនិងនៅមានរឿងបន្តទៀតខាងក្រោយដែរ ព្រោះថាកន្លងមក ឈើទាំងនោះនិង ចាត់ការបន្តៗរហូត…៕