ខេត្តរតនគិរី ៖ ក្រុមអ្នកកាសែត និងទូរទស្សន៍មួយក្រុមមានគ្នា៧នាក់ បានជិះរថយន្តចំនួន៣គ្រឿង ម៉ាកកាមរីស្វិត បើកបរពេលយប់ក្នុងក្រុងបានលុងដើម្បីយកពត៌មាន ពេលយប់ក្រែងមានឡានដឹកឈើចូលមកក្នុងក្រុង នៅពេលអ្នកកាសែត និងទូរទស្សន៍បើកឡានលេងៗនោះស្រាប់តែប្រទះឃើញឡានដឹកឈើមួយគ្រឿង ម៉ាកសាំយ៉ុងពណ៌ស ដឹកឈើប្រណិតពេញព្រៀប ពេលនោះក្រុមអ្នកកាសែតក៏បានដេញថតយករូបភាពស្រាប់តែឡានដឹកឈើនោះបើករត់គេចក្រុមច្រកល្ហកហើយក៏ចូលមកពួននៅក្រោយមន្ទីរកសិកម្ម និងក្រោយកន្លែងខណ្ឌរដ្ឋបាលព្រៃឈើ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង១៥នាទី យប់ឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង។ ខណៈពេលដែលអ្នកកាសែតកំពុងតែបើកឡានដេញថតឡានដឹកឈើនោះ ស្រាប់តែលេចមុខក្មេងស្ទាវជាង១០នាក់ប្រដាប់ដោយដំបង កាំបិត ដុំថ្ម និងអង្អែរបុកគ្រឿង បានមកស្ទាក់រថយន្តអ្នកកាសែតមុខក្រោយ និងបានធ្វើសកម្មភាពគប់ឡានអ្នកកាសែតបណ្តាលអោយបែកកញ្ចក់ចំនួន២កន្លែង ទី១ បែកកញ្ចក់ទ្វារខាងធ្វេងក្រោយតៃកុង ទី២ កញ្ចក់ចំហៀងខាងស្តាំងសំរាប់មើលក្រោយ។ ក្រុមក្មេងស្ទាវទាំងនោះក្រោយពីធ្វើកម្មភាពហើយបានរត់គេចខ្លួនបាត់អស់ទាំងយប់ ។ នៅក្នុងពេលកើតហេតុនោះដែរក៏មានបុរសម្នាក់ជិះរថយន្តម៉ាកហាយប្រ៊ីក មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2RF-0868 កាងពីក្រោយជាប់ត្រូវគេដឹងថាជាថៅកែឈើប្រណិត។ ក្រុមអ្នកកាសែតដែលត្រូវក្រុមក្មេងស្ទាវស្ទាក់វ៉ៃកាលពីយប់មិញនេះ១. ទូរទស្សន៍ខ្សែកាបប៉ុស្តិ៍លេខ៣ ២. កាសែតជាតិ ៣.សង្គមកម្ពុជា ៤.ភ្នំពេញប្រេស ៥.គំនិតខ្មែរ ៦.ប៉ាផ្កាសេរីសន្តិភាព ៧.មាតុភូមិ។
ក្រោយពីកើតហេតុភ្លាមៗនោះដែរ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរនោះ គាត់ពុំឃើញមានសមត្ថកិច្ចមូលដ្ឋានណាមួយចេញមកជួយអន្តរាគមន៍ដល់ក្រុមអ្នកកាសែតនោះទេ ។ លុះព្រឹកឡើង ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមអ្នកកាសែបានដាក់ពាក្យបណ្តឹងនៅការិយាល័ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តរតនគិរី ដើម្បីអោយសមត្ថកិច្ចរកមុខជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងជួយរកយុត្តិធម៌ដល់ក្រុមអ្នកកាសែតទាំងនោះផង៕