ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីបើកត្រាក់ទ័រភ្ជួរដីចំការ កិនចំមីនតោន ១គ្រាប់ បណ្តាលឲ្យផ្ទុះកក្រើកធរណី និងខ្ទាតប៉ើង ជនរងគ្រោះ ចេញពីត្រាក់ទ័រ ស្លាប់មួយរំពេច ។ ហេតុការណ៍នេះ បានកើតឡើង កាលថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១២ និង ៣០ នាទី នៅភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាបុរសដែលស្លាប់ដោយផ្ទុះម៉ីនតោនមានឈ្មោះជិន កំសាន អាយុ ៣៣ឆ្នាំ ជាកសិករ រស់ នៅភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ចំណែក ត្រាក់ទ័ររបស់គាត់ត្រូវរងការខូចខាតទាំងស្រុង ។ ក្នុងភូមិសាស្ត្រស្រុករតនមណ្ឌលនេះជាអតីតសមរភូមិប្រយុទ្ឋដ៏ក្តៅគគុកមួយកាលពីសម័យសង្គ្រាមហើយបច្ចុប្បន្ននៅមានយុទ្ឋភ័ណ្ឌ មិនទាន់ផ្ទុះជាច្រើននៅកប់រាយប៉ាយក្នុងដីនៅឡើយ បើទោះបីជាមានការរុករាវដោះយកគ្រឿងផ្ទុះពីសំណាក់អាជ្ញាធរជំនាញក្តី តែជារឿយៗគ្រោះថ្នាក់ដែលបង្ករឡើងដោយ (យុទ្ឋភ័ណ្ឌ )បែបនេះតែងតែឆក់យកអាយុជីវិតប្រជាកសិករស្លូតត្រង់ដោយក្តីឈឺចាប់បំផុត ។
សពរបស់ជនរងគ្រោះ ជិន កំសាន ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ លោកសថេតស្នងការនគរបាលខេត្តបាត់ដំបងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងសូមអំពាវនាវដល់ប្រជាកសិករមេត្តាយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតលើបញ្ហានេះ ចៀសវាងកុំឲ្យកើតមានឧប្បត្តិហេតុដូចករណីនេះទៀត ៕