បាត់ដំបង ៖ បុរសម្នាក់និងថ្នាំញៀន ១៧៨៨ គ្រាប់ត្រូវនគរបាលស្រុកសំពៅលូន បញ្ជូនទៅកាន់ស្នងការដ្ឋាននៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់ ។
បុរសសង្ស័យត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខេត្តនិងស្រុកសំពៅលូនឃាត់ខ្លួនពេលនាំយកថ្នាំញៀនមកពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យចូលមកខេត្តបាត់ដំបង កាលពីម៉ោង២២និង១៥នាទី យប់ថ្ងៃទី០១ខែសីហាឆ្នាំ២០១៤នៅចំណុចគីឡូ១១ភូមិឈើទាលឃុំសិរីមានជ័យស្រុកសំពៅលូន។
លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូនបានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលខេត្តដឹកនាំដោយ លោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌សហការជាមួយនគរបាលស្រុកសំពៅលូន ធ្វើការស្រាវជ្រាវទប់ស្កាត់ឃាត់ខ្លួនបុរសសង្ស័យម្នាក់ មានឈ្មោះ ស៊ូ ដេត អាយុ២៩ឆ្នាំ មានទីលំនៅភូមិខ្លាខាំឆ្កែឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងដែលដកហូតបាន មានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១៧៨៨គ្រាប់។
លោក ពេជ្រ សារ៉ែន បានបញ្ជាក់ថា បុរសសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿងពីបទជួញដូរលក់ចែកចាយ កាន់កាប់រក្សាទុកនូវសារធាតុញៀនខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់ ៕