ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ដោយសារចាញ់ល្បែងកាស៊ីណូអស់ប្រាក់និងគ្រឿងអល័ង្កការ ខ្លាចប្តីរករឿងក៏បែកគំនិតប្រើល្បិចកុហក់ប៉ូលីសថា មានក្រុមចោរ៤នាក់កាំភ្លើងខ្លីមួយដើមនិងកាំបិតមួយបានចូលមកប្លន់ដល់ក្នុងផ្ទះរួចហើយទូរស័ព្ទប្រាប់ប្តីដែលជាមន្ត្រីនគរបាលប៉ុស្ថិ៍កំពុងដេកប្រចាំការនៅកន្លែងធ្វើការឲ្យមកផ្ទះវិញ ។កាលពីម៉ោង ១យប់ ថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៤ នៅភូមិ ទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវសេនីយ៍ត្រីសៅប៊ុនអធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ឲ្យដឹងថា៖ស្ត្រីរូបដែលកុហក់សមត្ថកិច្ចនោះមានឈ្មោះ ហាយ សាវី អាយុ៣២ ឆ្នាំ មានប្តីឈ្មោះ ស្រី កែវ អាយុ៥៦ឆ្នាំ ជាមន្ត្រីនគរបាល ប៉ុស្ថិ៍ទួលពង្រ រស់នៅភូមិ ទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
កាលពីម៉ោង ១យប់ ថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៤ ក្រោយពីលោក ទទួលបាន ដំណឹងថាមានករណីចោរប្លន់ផ្ទះប្រជាពលរដ្ឋរួចមក លោកបានរាយការណ៍ជូន លោកឧត្ត មសេនីយ៍ស្នងការនគរបាលខេត្ត ហើយលោកស្នងការបានចេញបទបញ្ជាឲ្យលោក ដឹកនាំកម្លាំងចុះទៅស្រាវជ្រាវបើកការស៊ើបអង្កេតនៅកន្លែងកើតហេតុទាំងយប់។ទៅដល់កន្លែងកើតហេតុសមត្តកិច្ចធ្វើការត្រួតពិនិត្យនិងសាកសួរអ្នកជិតខាងរួមនិងស្ត្រីម្ចាស់ផ្ទះតាមវិធានការ ជំនាញ ក្នុងនោះស្ត្រី ឈ្មោះ ហាយ សាវី រូបនេះ ថាខ្លួនត្រូវចោរប្លន់បាត់បង់អស់ កាតគ្រីរថយន្ត១, អត្តសញ្ញាណប័ណ្ណ១, ខ្សែកមាស១ខ្សែ ខ្សែដៃមាស១ខ្សែ,ប្រាក់ខ្មែរជាង៣ លានរៀល និងប្រាក់ថៃជាង១ម៉ឺនបាត។
លោកអធិការបានប្រាប់ឲ្យដឹងទៀតថា៖បន្ទាប់មកសមត្តកិច្ចធ្វើការស្រាវជ្រាវស៊ើប អង្កេតបានគ្រប់ជ្រុងជ្រោយប្រើប្រាស់រយៈពេលអស់ជាច្រើនម៉ោងរហូតទៅដល់វេលាម៉ោង ១១ព្រឹកថ្ងៃដដែលទើបដឹងថាស្ត្រីរូបនោះជាអ្នកញៀនល្បែងជំពាក់ប្រាក់គេច្រើននិងយកកាតគ្រីរថយន្តទៅបញ្ចាំគេយកប្រាក់ទៅលេងល្បែង។បន្ទាប់មកសមត្តកិច្ចកោះហៅស្ត្រីឈ្មោះ ហាយ សាវី មកសួរនាំបន្ថែមទៀត នៅអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ទើបឆ្លើយ សារភាពថា រឿងទាំងនោះជាការប្រឌិតឡើងរបស់នាង ដោយសារលេងល្បែងចាញ់អស់ ប្រាក់ ហើយខ្លាចប្តីរករឿងទើបបង្កើតរឿងនោះឡើង។
លោកអធិការបានបន្តឲ្យដឹងទៀតថា៖ក្រោយពីសមត្តកិច្ចសាកសួររួចមក បានធ្វើការ អប់រំ និងឲ្យត្រឡប់ទៅផ្ទះវិញដោយមិនបានចាត់វិធានការតាមផ្លូវច្បាប់នោះឡើយ៕វិច្ឆិកា