បាត់ដំបង ៖ បុរសសង្ស័យម្នាក់ និងថ្នាំញៀន៥ថង់ស្មើទម្ងន់២,៧៧ក្រាម និងសម្ភារៈ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមបង្ការបង្ក្រាបនៃស្នងការឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង កាលពីម៉ោង១៤និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នៅចំណុចក្រុមទី២ ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោក ស៊ាន សូណាល់ ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ស្តីទីបានអោយដឹងថា បុរសសង្ស័យ ដែលសមត្ថកិច្ចឃាត់បានមានឈ្មោះ អេង គឹមហួត អាយុ២៥ឆ្នាំ មានទីលំនៅភូមិបឹងបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ វត្ថុតាងដែលដកហូតបានមានថ្នាំញៀនថ្នាំញៀន ម៉ាទឹកកក ៥ ថង់ ស្មើទម្ងន់២,៧៧ក្រាម ថង់សំរាប់ច្រកថ្នាំញៀន លក់មួយដុំ ដបសំរាប់ជក់ថ្នាំញៀនចំនួន១ ដែកកេះ សំរាប់ប្រើប្រាស់ចំនួន ១ ដាវសាម៉ូរ៉ៃ ចំនួន ២ និងទូរស័ព្ទចំនួន១គ្រឿង ។
ឈ្មោះ អេង គឹមហួត ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួន ហើយទើបតែរៀនលក់ចែកចាយបន្តិចបន្តួចប៉ុណ្ណោះ ។
លោក ស៊ាន សូណាល់ បានបញ្ជាក់អោយដឹងថា ក្រោយពីសាកសួរ និងធ្វើតេស្តពិសោធន៍ រួចជនសង្ស័យ និងវត្ថុតាងត្រូវកសាងសំណុះរឿងបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ៕