បាត់ដំបង ៖ អៀគីមហ៊ុន លក់គ្រឿងប្រេងម៉ាស៊ីន រំអិលម៉ាក elf ថៃរំលោភសិទ្ធបញ្ញារបស់ក្រុមហ៊ុនអេស និងតូតាល់ខ្មែរ ត្រូវនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ចំណុចផ្ទះលេខ ៥៣០ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ការដឹកនាំចុះបង្ក្រាបមាន លោក ឡុង ស្រេង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក ហេង លុយ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង លោក ម៉ៅ រង្សី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ព្រមទាំងមន្ត្រីអជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
លោក ម៉ៅ រង្សី នាយការិយាល័យនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត បានអោយដឹងថា ទីតាំងដែលលក់ប្រេងម៉ាស៊ីនរំអិលថៃ រំលោភលើសិទ្ធបញ្ញាក្រុមហ៊ុនអេស និងតូតាល់ខ្មែរ មានម្ចាស់ឈ្មោះ អៀ គីមហ៊ុន ភេទប្រុសអាយុ ៣៨ ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុ ។ វត្ថុតាងដែលដកហូតបានមានប្រេងម៉ាស៊ីរំអិលម៉ាក elf របស់ថៃចំនួន ១៣ កេះ ៦ កំប៉ុង (ក្នុង១កំប៉ុងចំណុះ១លីត្រ) ។
ឈ្មោះ អៀ គីមហ៊ុន ម្ចាស់ទីតាំងលក់ប្រេងម៉ាស៊ីនម៉ាក elf របស់ថៃ បានសារភាពថា ពីមុនខ្លួនបានទិញប្រេងម៉ាស៊ីនម៉ាក elf ខ្មែរលក់ក្រោយមកក៏ទទួលទិញប្រេងម៉ាស៊ីនរំអិលម៉ាក elf នាំចូលពីប្រទេសថៃមកលក់់ក្នុង ១ ដង ៥ ទៅ ៦ កេះប៉ុណ្ណោះ ។
លោក លឹម សំណាង ប្រធានផ្នែកលក់ទីផ្សារក្រុមហ៊ុន តូតាល់ បានអោយដឹងថា តាមការស៊ើបអង្កេតឈ្មោះ អៀ គីមហ៊ុន បានបំពានសិទ្ធផ្តាច់មុខរបស់ក្រុមហ៊ុនអេស និងតូតាល់ខ្មែររយៈពេល ៣ ខែមក ហើយដោយបានទទួលទំនិញប្រេងម៉ាស៊ីនរំអិលម៉ាក elf នាំចូលពីប្រទេសថៃយកមកលក់ចែកចាយលើទីផ្សារខ្មែរ និងដាក់រង្វាន់សំរាប់ការទិញប្រេង ម៉ាស៊ីនម៉ាក elf របស់ថៃ និងលក់ថោកជាង របស់ក្រុមហ៊ុនតូតាល់ខ្មែរ ដោយគ្មានការអនុញ្ញាត ។ ប្រេងម៉ាស៊ីនរំអិល elf ខ្មែរមានលក្ខណៈសំគាល់ ជាកំប៉ុងដែកមានអក្សរជាភាសារអង្គគ្លេស និងស្លាកសញ្ញាតូតាល់ ។ ចំណែកប្រេងម៉ាស៊ីនរំអិល elf ថៃមានលក្ខណៈសំគាល់ជាកំប៉ុងជ័រ មានអក្សរជាភាសារអង្គគ្លេស និងអក្សរថៃ និងស្លាកសញ្ញាខុសពីសញ្ញតូតាល់ ។
លោក ឡុង ស្រេង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងថា ឈ្មោះ អៀ គីមហ៊ុន ជាអ្នកលក់ប្រេងម៉ាស៊ីនរំអិល elf ថៃនិងប្រេងម៉ាស៊ីរំអិលម៉ាក elf របស់ថៃចំនួន ១៣ កេះ ៦ កំប៉ុង ត្រូវបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដើម្បីធ្វើការសាកសួរបន្ថែម តើឈ្មោះ អៀ គីមហ៊ុន ទិញបន្តឬដឹកមកដោយផ្ទាល់ ដើម្បីងាយស្រួលដោះស្រាយជាមួយខាងក្រុមហ៊ុន និងតាមផ្លូវច្បាប់ ៕