0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងា​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី ២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងា​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី ២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​

នៅ​រសៀល​ថ្ងៃ​អង្គារ ៥​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិតជា​រីករាយ ដែល​បាន​អញ្ជើញ មក​បិទ​សន្និបាត បូកសរុប​ការងារ​កសិកម្ម ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២៤ របស់​ក្រសួង​កសិកម្ម​នៅពេលនេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​កសិកម្ម ដែល​សម្រេច​ផែនការ និង​យុទ្ធសាស្ត្រ​សំខាន់ៗ​នា​ពេលកន្លងមក​។ សម្ដេច​ធិបតី បាន​មានប្រសាសន៍ថា ក្រសួង​ពាក់ព័ន្ធ​កំពុង​តាមដាន​វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​គ្រោះ​រាំងស្ងួត កង្វះខាត​ទឹក​ប្រើប្រាស់​ធ្វើស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត និង​ធ្វើការ​ជួយ​សង្គ្រោះបន្ទាន់​លើ​បញ្ហា​នេះ​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ការបើក​ច្រក​ថ្មី ការបើក​ទីផ្សារ​ថ្មី​នៅ​ប្រទេស​នានា​បន្ថែម​ជា​ការល្អ ប៉ុន្តែ​សំខាន់​ត្រូវ​ថែរក្សា​ទីផ្សារ​ចាស់​ឱ្យបាន​ល្អ និង​រឹងមាំ​។​
​សម្ដេច​បន្តថា នៅ​ក្នុង​ការស្វែងរក​ទីផ្សា​រលក់​ផលិតផល​កសិកម្ម សូម​យក​តែ​ផលិតផល​តែ​១​មុខ ឬ ២​មុខ​ដែល​ចាំបាច់ និង​អាច​ជា​តម្រូវការ​ទៅ​បង្ហាញ​នៅ​ប្រទេ ស​នានា​ជា​ការល្អ ប្រសើរ​ជាង​យក​ទៅ​ច្រើន ដែល​ធ្វើឱ្យ​ប្រទេស​នោះ​ពិបាក​នៅក្នុង​ការសម្រេច ហើយ​ប្រទេស​មួយចំនួន​ផ្សេងទៀត ក៏​បាន​នាំ​ចូល​ទៅ​កាន់​ប្រទេស​នោះ​រួច​ហើយ​ដែរ​។​

​នៅថ្ងៃនេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជា​ឱ្យ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ជុំវិញ​តំបន់​បឹង ទន្លេសាប​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ ឱ្យ​បាន​លឿន ច្បាស់លាស់ និង​ឱ្យ​ចប់សព្វគ្រប់​។ សម្ដេច​ក៏​បាន​ដាក់បទបញ្ជា​ទៅ​ស្ថាប័ន​ជំនាញ​ឱ្យ​រៀបចំ​គូស​ផែនទី​តំបន់​ការពារ​បឹង​ទន្លេសាប​ឡើងវិញ និង​រៀបចំ​បោះបង្គោល​ការពារ​នៅ​តំបន់​នោះ​ឡើង​វិញ នៅក្រោយ​រៀបចំ​ផែនទី​តំបន់​ការពារ​រួច​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ចុះ​កំណត់​ឱ្យបាន​ច្បាស់លាស់​នូ​វ​ដី​អភិរក្ស​បឹង​ទន្លេសាប​។ សម្តេច​បាន​ថ្លែងថា ការកំណត់​ដី​អភិរក្ស​បឹង​ទន្លេសាប​ត្រូវ​ធានា​ឱ្យបាន​សុក្រឹត្យភាព ចីរភាព និង​ប្រសិទ្ធភាព​។ ដី​អភិរក្ស​បឹង​ទន្លេសាប​ត្រូវ​ការពារ​ឱ្យបាន ដើម្បី​ការពារ​កិត្តិនាម​បឹង​ទន្លេសាប​ជា​បឹង​ធំ​ជាងគេ និង​ជា​បឹង​សម្បូរ​ត្រី​ជាងគេ​។​

​នា​ឱកាស​នេះ​ផងដែរ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែងថា អាជ្ញាធរខេត្ត និង​ស្រុក​នៅ​ជុំវិញ​បឹង​ទន្លេសាប មាន​តួនាទី​ស្នូល​ក្នុង​កិច្ច​ការពារ​ដី​បឹង​ទន្លេសាប​។ សម្តេច​ក៏​វ​បាន​សុំ​ការយោគយល់​ពី​អ្នក​ទន្ទ្រាន​យក​ដី​បឹង​ទន្លេសាប សូម​ចូលរួម​រក្សា​ដី​បឹង​ទន្លេសាប ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ទូទាំង​ប្រទេស​។ សម្តេច​ធិបតី​បាន​ថ្លែង​ទៀតថា គ្មាន​ផលប្រយោជន៍​ណា​ធំ​ជាង​ការថែរក្សា​ការពារ​ផលប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នោះ​ទេ​។​
​សម្តេច​ធិបតី​ក៏បាន​ប្រាប់​ដល់​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប​ទាំង​៦ ត្រូវ​ចូលរួម​ការពារ​ឱ្យបាន​នូវ​ដី​អភិរក្ស​តំបន់​ល្បី​ជុំវិញ​បឹង​ទន្លេសាប​ឲ្យបាន​។

​នា​ឱកាស​នេះ​ផងដែរ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មួយចំនួន​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!