0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ការអប់រំ​បណ្តុះបណ្តាល​បង្កើន​ចំណេះដឹង និង​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ ត្រូវតែ​ធ្វើ​គ្មាន​ទីបញ្ចប់​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ការអប់រំ​បណ្តុះបណ្តាល​បង្កើន​ចំណេះដឹង និង​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ ត្រូវតែ​ធ្វើ​គ្មាន​ទីបញ្ចប់​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា ការអប់រំ​បណ្ដុះបណ្ដាល​បង្កើន​ចំណេះដឹង និង​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ គឺ​ត្រូវតែ​ធ្វើ​គ្មាន​ទីបញ្ចប់ ពោល​គឺ​បុគ្គល​ម្នាក់ៗ ត្រូវតែ​បន្ត​សិក្សា​ស្រាវជ្រាវ ទាំង​ទ្រឹស្ដី និង​បទពិសោធ​បន្ថែម ភ្ជាប់​នឹង​ការងារ​ជាក់ស្ដែង ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ និង​ភាពជោគជ័យ​របស់​អង្គភាព ស្រប​តាម​ការវិវត្ត​រីកចម្រើន​របស់​សង្គម វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា​។ ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ចំនួន ៤ ដែល​រួមមាន​៖ វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល កម្រិត​២ ជំនាន់​ទី​៦ វគ្គ​បំប៉ន​ជំនាញ​ស៊ើបអង្កេត​បទល្មើស​សេដ្ឋកិច្ច វគ្គ​បំប៉ន​ជំនាញ​ការងារ​គ្រប់គ្រង​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍ ការ​ស្នាក់នៅ​បណ្តោះអាសន្ន​និង​បាត់​មុខ និង​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​មន្ត្រី​នគរបាល​ថ្នាក់ក្រោម​ជាតិ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្តិតក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៤​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានចាត់ទុក​ការងារ​សន្តិសុខ ជា​តួនាទី​ស្នូល​ដ៏​សំខាន់ ព្រោះ​បញ្ហា​នេះ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ជីវភាព​ប្រជាពលរដ្ឋ និង​ស្ថិរភាព​សង្គម​ជាតិ ខណៈ​បណ្ដា​ប្រទេស​កាន់តែ​ច្រើនឡើងៗ បាន​នឹង​កំពុង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ក្នុងនោះ​ក៏​មាន​ការ​បង្កឡើង​ដោយ​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​ឧទ្ទាម​ផងដែរ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់​ដែរ​ថា ក្រុមប្រឆាំង​ជ្រុលនិយម បាន​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​បាន​បរាជ័យ​ដោយសារ​កិច្ចប្រតិបត្តិការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ប្រកបដោយ​ការទទួលខុសត្រូវ​របស់​សមត្ថកិច្ច និង​ការចូលរួម​ការពា​រសុខ​សន្តិភាព​យ៉ាង​ច្រើន​លើសលុប​ពី​ប្រជាពលរដ្ឋ ជាពិសេស​ការទប់ស្កាត់​រាល់​ការប៉ុនប៉ង​បង្ក​អសន្តិសុខ​ដើម្បី​ធ្វើ​ជា​ឈ្នាន់​ប្រជែង​អំណាច​តាម​វិធី​ក្រៅច្បាប់​របស់​ក្រុម​ជ្រុលនិយម​។

​ភ្ជាប់​នឹង​ការងារ​សន្តិសុខ​នេះ​ដដែល ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែង​ថ្កោលទោស​ចំពោះ​ការប៉ុនប៉ង​ធ្វើឃាត​បេក្ខជន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ ម្ដង​ហើយ​ម្ដងទៀត និង​បាន​អំពាវនាវ​ឱ្យ​កងកម្លាំង អាជ្ញាធរ​គ្រប់​ថ្នាក់ បន្ត​យកចិត្តទុកដាក់​លើ​តួនាទី​ធានា​ការពារ​សន្តិសុខ​ក្នុងសង្គម ព្រោះ​ជាក់ស្ដែង​ណាស់ សហរដ្ឋអាមេរិក តែងតែ​កើតមាន​អំពើ​បាញ់ប្រហារ​ឃោ​ឃៅ រហូត​ថ្មីៗ​នេះ​មាន​ទាំង​ការប៉ុនប៉ង់​សម្លាប់​អតីត​ប្រធានាធិបតី និង​ក៏​ជា​បេក្ខជន​ប្រធានាធិបតី ដោយសារ​តែ​ភាពជ្រុលនិយម​ខាង​នយោបាយ​។

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការបណ្ដុះបណ្ដាល​មន្ត្រី​នរ​បាល​ជាតិ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការគាំទ្រ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ត្រង់​មុំ​ធនធានមនុស្ស ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​បង្ហើប​ឱ្យដឹងថា សព្វថ្ងៃ​មាន​មន្ត្រីនគរបាល​កម្ពុជា ចំនួន ៨​រូប កំពុងតែ​សិក្សា​នៅ​ប្រទេស​តួ​ក​គី ដែល​ចំនួន​នេះ នឹង​កើនឡើង​ទ្វេ​ដង​នៅ​ឆ្នាំ​បន្ទាប់ ប្រសិន​បើ​នគរបាល​ទាំងនោះ សិក្សា​បាន​លទ្ធផល​ល្អ ជា​ពិសេស​មាន​ការគោរព​វិន័យ​បាន​ត្រឹមត្រូវ​។​

​យោងតាម​របាយការណ៍​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោ​សែន ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា វគ្គ​បណ្ដុះបណ្ដាល​ទាំង​បួន​វគ្គ​នេះ មាន​សិក្ខាកាម​ជា​មន្ត្រី​នគរបាល​ជាតិ ចូលរួម​ចំនួន ៥០៦​នាក់ ក្នុង​នោះ​សិក្ខាកាម​ទទួលបាន​ជ័យលាភី មាន​ជាង ៤០០​នាក់ ដោយ​សាលា បាន​ធ្វើ​មូល​វិចារ​អំពី​ការគោរព​វិន័យ​របស់​សិក្ខាកាម​ម្នាក់ៗ គោរព​ជូន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជូន​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​ធនធាន​មនុស្ស​ផង​ដែរ​។

​តំណាង​សិក្ខាកាម​ជ័យលាភី បាន​ឡើង​គោរព​ថ្លែងអំណរគុណ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​ផ្ដល់​គោលការណ៍​និង​ដឹកនាំ​ឱ្យ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ទាំង​៤ និង​បាន​ប្ដេជ្ញាចិត្ត​បម្រើ​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ភាពស្មោះត្រង់ គោរព​អនុវត្តតាម​បទបញ្ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ការដឹកនាំ​របស់​ឯកឧត្តម​អភិស​ន្តិ​បណ្ឌិត អនុវត្ត​វិន័យ​នគរបាល​ជាតិ​កម្ពុជា និង​បន្ត​ស្វ័យ​សិក្សា​ស្រាវជ្រាវ​បន្ថែម ដើម្បី​ពង្រីក​ចំណេះដឹង​បម្រើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!