0

ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស Tony Blair កោតសរសើរ​ការរីក​ចម្រើន​ដ៏​ឆាប់រហ័ស​នៅ​កម្ពុជា

ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស Tony Blair កោតសរសើរ​ការរីក​ចម្រើន​ដ៏​ឆាប់រហ័ស​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ កញ្ញា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ជាមួយ ឯកឧត្ដម Tony Blair ប្រធាន​ប្រតិបត្តិ​នៃ Tony Blair Institute of Global Change ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម Tony Blair អតីត​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន Tony Blair សម្រាប់​ការផ្លាស់ប្តូរ​សកល (TBI) ដែល​មាន​សាខា​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក រួម​ទាំង​តំបន់​អាស៊ាន បាន​កោតសរសើរ​ការ​រីកចម្រើន​គួរឱ្យ​កត់សម្គាល់​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​១ ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​សកម្មភាព​ការងារ​របស់​វិទ្យាស្ថាន​Tony Blair ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និង​មាន​បេសកកម្ម​ផ្ដល់​ទស្សនទាន​ផ្នែក​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ ដល់​បណ្តា​រដ្ឋាភិបាល​នៅ​លើ​ពិភពលោក​។ ឯកឧត្តម Tony Blair បាន​បង្ហាញ​អំពី​បំណង​នៃ​ការផ្តល់​កិច្ច​សហការ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចូលរ​រួមចំណែក​សម្រេចបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​។

​សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ និង​បេសកកម្ម​របស់​វិទ្យាស្ថាន Tony Blair និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ចំណាប់អារម្មណ៍​របស់​វិទ្យាស្ថាន ក្នុង​ការផ្តល់​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​ធិបតី​បាន​ជម្រាបជូន​ដោយ​សង្ខេប​នូវ​សមិទ្ធផល​ក្នុង​រយៈពេល​មួយឆ្នាំ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា សម្រេចបាន ទិសដៅ​បន្ត និង​ចក្ខុវិស័យ ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​វិទ្យាស្ថាន Tony Blair បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​លេ​ី​កិច្ចសហប្រតិបត្តិការ​ជា​ក់​លាក់ ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​។

​សម្ដេច​ធិបតី និង ឯកឧត្តម Tony Blair ក៏បាន​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ទស្សនៈ​អំពី​វិស័យ​សក្ដានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច រួម​មាន​ជាអាទិ៍​៖ វិស័យ​អប់រំ​, ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, វិស័យ​សុខាភិបាល​, វិស័យ​ឌីជីថល និង​ការវិនិយោគ ជាដើម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!