រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយ លោកស្រី Laurel E. Miller ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
មូលនិធិអាស៊ីបានក្លាយជាដៃគូកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះមានរយៈពេល៣០ឆ្នាំ គឺនៅឆ្នាំ១៩៩៣ ចាប់តាំងពីប្រទេសកម្ពុជាមិនទាន់ស្គាល់សន្តិភាពពេញលេញនៅឡើយ។
ក្នុងឱកាសនៃជំនួប លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេប អំពីការងារសំខាន់ៗរបស់អង្គការមូលនិធិអាស៊ី ដែលមានប្រតិបត្តិការនៅប្រទេសចំនួន២០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំ កន្លងមក និងវឌ្ឍនភាពការងារនៃភាពជាដៃគូរបស់អង្គការមូលនិធិអាស៊ី នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក។ ដោយមានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការមូលនិធិអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា លោកស្រីនាយកប្រតិបត្តិបានប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តទៀត ជាពិសេស តាមរយ:ការចូលរួមគាំទ្រដល់ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។
សម្ដេចធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអង្គការមូលនិធិអាស៊ី ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបានចែករំលែកអំពីអាទិភាព និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកសាងមូលធនមនុស្ស ដែលជាមូលដ្ឋាននៃការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយដែលកម្មវិធីរបស់អង្គការមូលនិធិអាស៊ី នៅកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។ លោកស្រីនាយកប្រតិបត្តិក៏បានឯកភាពជាមួយសម្តេចធិបតីថា ការអភិវឌ្ឍមូលធនមនុស្សគឺពិតជាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់បុគ្គលិកបម្រើការរបស់អង្គការមូលនិធិអាស៊ី៕