បាត់ដំបង ៖ ជនជាប់ចោទពីបទនាំពលករឆ្លងដែនខុសច្បាប់ រត់ចេញពីមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុនខេត្តបន្ទាយមានជ័យពេលព្យាបាលវះកាត់ត្រូវនគរបាលស្រុកសង្កែឃាត់ខ្លួន កាលពីវេលាម៉ោង១៦និង១០នាទីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៤នៅក្រុមទី៧ភូមិអន្លង់វិលឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
លោក មួរ ឡាន អធិការរងនគរបាលស្រុកសង្កែបានអោយដឹងថា ជនជាប់ចោទមានឈ្មោះ ហាក់ លី ហៅ ណាង អាយុ៤០ឆ្នាំ(តុលាការមិនទាន់កាត់ទោស) រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជាប់ចោទពីបទល្មើសនាំពលករឆ្លងដែនខុសច្បាប់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១០ នៅភូមិពង្រសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ ពេលមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យនាំខ្លួន ជនជាប់ចោទទៅធ្វើការវះកាត់យកគ្រួសក្នុងប្លោកនោម កាលពីថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១០ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុនស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១០ ជនជាប់ចោទបានរត់ចេញពីមន្ទីរពេទ្យបាត់រហូត ។ នៅថ្ងៃជនជាប់ចោទរត់ចេញពីមន្ទីរពេទ្យ លោក ឡុង ជាប ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីការលេខ៦២ដចខ សំណុំរឿងលេខ៣១៩ ចុះថ្ងៃទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១០ តាមចាប់ខ្លួនជនជាប់ចោទចូលគុកវិញ។
លោកអធិការរងស្រុកសង្កែបានបញ្ជាក់ថា ក្រោយពីអនុវត្តន៍តាមដីការរបស់លោក ឡុង ជាប ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនជាប់ចោទប្រគល់អោយស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់ ៕