0

អាជ្ញាធរ​ខេត្ត​សម្រេច​ប្រគល់​ដី​ទំហំ​ជាង ៥០ ហិកតា ឲ្យ​ពលរដ្ឋ ១៩ គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​សាលា​ក្រៅ​

អាជ្ញាធរ​ខេត្ត​សម្រេច​ប្រគល់​ដី​ទំហំ​ជាង ៥០ ហិកតា ឲ្យ​ពលរដ្ឋ ១៩ គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​សាលា​ក្រៅ​

​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន ១៩ គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​ទំហំ​ជាង ៥០ ហិកតា នៅ​ចំណុច​ភ្នំ​កេះ ស្ថិតក្នុង​ភូមិ​ទំនប់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ជាច្រើន​ឆ្នាំ​កន្លងមកហើយ​ជាមួយ​ឈ្មោះ យស់ សា​រ៉ាវុទ្ធ ពេលនេះ​ត្រូវបាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ធ្លី​ថ្នាក់​ខេត្ត សម្រេច​ប្រគល់​ជូន ពួកគាត់​ទៅ​តាម​ទំហំ​ដី​ជាក់ស្តែង ដើម្បី​ឲ្យ​ពួកគាត់​បាន​កាន់កាប់​ដោយ​ស្របច្បាប់ ។​

​ការដោះស្រាយ​និង ​សម្រេច​ប្រគល់​ឲ្យ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ ២០១៤ នៅ​សាលប្រជុំ​សាលា​ស្រុក​សាលា​ក្រៅ ក្រោម​អធិបតីភាព​លោកស្រី ជា លាភ អភិបាលរង​ខេត្ត លោក ម៉ម ហម លោក គុយ​ណា​រ៉េត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​សូរិយោដី​ខេត្ត លោ​ស្នងការ​នគ​បាល​ខេត្ត និង​ប្រជាពលរដ្ឋ​ច្រើន​នាក់​ផងដែរ ។ ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​នេះ គឺ​ពុំ​មាន​ឃើញ វត្តមាន លោក យស់ សា​រ៉ាវុទ្ធ ដែល​អះអាងថា​ជា​ម្ចាស់​ដី​មក​ចូលរួម​ឡើង ។​អ្នក​រៀបចំ​កិច្ចប្រជុំ​បាន​អញ្ជើញ គាត់​ដែរ តែ​មិនឃើញ​គាត់​មក ដោយ​ប្រាប់ថា​គាត់​ជាប់​ប្រជុំ ។​

​លោកស្រី ជា លាប អភិបាលរង​ខេត្ត​ប៉ៃលិន និង​ជា​អនុប្រធាន​ក្រុម​ការងារ​ដោះស្រាយ បន្ទាន់ នូវ​បញ្ហា​ទំនាស់​ដីធ្លី របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ជាមួយ​ដី​បំរុង​របស់​រដ្ឋ ដី​តំបន់​បរិស្ថាន និង​ដី​ព្រៃ​សហគមន៍​ក្នុង​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា​អាជ្ញាធរខេត្ត​បាន​រៀបចំ​គណៈកម្មការ ដើម្បី​ចុះ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ ទំនាស់​ដីធ្លី​ទាំងអស់​ក្នុង​ខេត្ត​។

​ការដោះស្រាយ​នេះ គឺ​សម្រាប់​តែ​ដី​ដែល​មិនទាន់​មាន​ប្លង់​កាន់កាប់​ស្របច្បាប់​ប៉ុណ្ណោះ ។ ចំនែក​បញ្ហា​ដី​មានទំនាស់ ហើយ​កំពុង​ស្ថិត​ក្នុង​ការស៊ើបអង្កេត របស់​តុលាការ​អាជ្ញាធរ​ខេត្ត​នឹង​ខិតខំ​រក​មេធាវី​ការពារ​ក្តី ជូន​ប្រជាពលរដ្ឋ​ទៅតាម​ផ្លូវច្បាប់ ។​

​ស្ត្រី​ឈ្មោះ ម៉ម ផេ​ត អាយុ ៤៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ តំណាង ប្រជាពលរដ្ឋ​ទាំង​១៩ គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​បានឲ្យដឹង​ថា​ដី​ដែល​មាន​ទំនាស់​មាន​ទំហំ​៥៥ ​ហិកតា នៅ​ចំណុច​ភ្នំ​កេះ ស្ថិតក្នុង​ភូមិ​ទំនប់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។​ដី​នេះ​គឺ​ពួកគាត់​ទំនាស់​ជាមួយ​ឈ្មោះ យស់ សា​រ៉ាវុទ្ធ ជា​មន្ត្រី​ក​យ ដែល​ចុះ​មក​ហាមឃាត់ និង​យក​ប៉ូលីស ប៉េអឹម មក​គម្រាម​ពួកគាត់​មិន​ឲ្យ​បង្កបង្កើន​ផល​លើ​ដី​នោះ​ទេ ដោយ​អះអាង​គេ​ជា​ម្ចាស់​ដី​នោះ ។ បញ្ហា​ទំនាស់​នេះ​គឺ​ដោះស្រាយ​ជាច្រើន​លើក​មក​ហើយ​តែ​មិន​ទទួលបាន​លទ្ធផល​ អ្វី​ឡើយ  ។​

​ស្រី្ត​រូបនោះ​បាន​បន្តថា ពួកគាត់​ទាំង​១៩​គ្រួសារ ក្នុងនោះ​គឺ​១៦​គ្រួសារ មាន​ដី​ក្នុង​មួយ​គ្រួសារ​ទំហំ​៥០​ម៉ែត្រ x ៣០០​ម៉ែត្រ និង​៣​គ្រួសារ​ទៀត​មាន​ដី​ទំហំ ១០០ ម៉ែត្រ x ៣០០​ម៉ែត្រ ។ ដី​នោះ​ពី​ដំបូង​គឺ​លោក វ័រ រួម ដែល​ជា​មេទាហាន​បាន​ចែក​ជូន​ពួកគាត់​ក្រោម​មក​ខេត្ត​សុំ​យក​ដី​នោះ​ធ្វើជា​ ដី​សហគមន៍​។ ក្រោយមកទៀត ដី​នោះ​បែរជា​ត្រូវ​ក្លាយទៅជា​ដី​កម្មសិទ្ធិ ឯកជន របស់​ឈ្មោះ យស់ សា​រ៉ាវុទ្ធ ទៅវិញ ទើប​ពួក​ទាមទារ យក​ដី​នោះ​មក​វិញ ព្រោះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ មាន​តែ​ដី​បន្តិចបន្តួច​នេះ​ដើម្បី​បង្កបង្កើន​ផល សម្រាប់​ចិញ្ចឹម គ្រួសារ  ។​

​ទាក់ទង​នឹង​បញ្ហា​នេះ លោក ហុក សុផល ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម សំណង និង​សូរិយោដី ខេត្ត​ប៉ៃលិន​បានឲ្យដឹងថា ក្រោយពេល​កិច្ចប្រជុំ​ដោះស្រាយ​ថ្ងៃនេះ​រួច បើ​ប្រជាពលរដ្ឋ​ឯកភាព​ទៅ​តាម​ការ សម្របសម្រួល​របស់​គណៈ​កម្មដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​លោក នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាស់វែង​ទំហំ​ដី ជាក់ស្តែង ហើយ​រៀបចំ​ចេញ​ប្លង់​រួមមួយ ដែល​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ ដែនដី គ្រប់​លំដាប់ថ្នាក់ សម្រាប់ ប្រជាពលរដ្ឋ​ទាំង​១៩​គ្រួសារ​តែ​ម្តង ។​

​ លោក​បាន​បន្តថា ពេលនេះ លោក​និង​មន្ត្រី​ជំនាញ​របស់​លោក​កំពុង​តែ​ខិតខំ​រៀបចំ​ចុះបញ្ជី​ប្លង់ដី ជា​ប្រព័ន្ធ​នៅ​ក្រុង​ប៉ៃលិន ឲ្យ​រួចរាល់​សិន ហើយ​នឹង​រៀបចំ​ចុះបញ្ជី​ប្លង់ដី​ជា​ប្រព័ន្ធ​នៅ​ស្រុក​សាលា​ក្រៅ និង​រៀបចំ​ចុះបញ្ជី​ប្លង់​ជា​ប្រព័ន្ធ​ជូន​ពួកគាត់​ទៅ​តាម​គ្រួសារ​នីមួយៗ ។​

​លោក​បាន​ផ្តាំផ្ញើរ​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ត្រៀម​ឯកសារ​ ពាក់ព័ន្ធ ដូច​ជា​លិខិត​បញ្ជាក់​កម្ម​សិទ្ធ​ស្របច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅ​គ្រួសារ ដើម្បី​បំពេញ​តាម​លក្ខណ៍​ក្នុង​ការចុះបញ្ជី​ប្លង់ដី​ជា​ប្រព័ន្ធ ប្រសិន បើ​មិន​មាន​ឯកសារ​ទាំងនោះ​ទេ​គឺ​មន្ត្រី​ជំនាញ​មិន​អាច​ធ្វើ​ប្លង់​ជា​ ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​បានទេ ។​

​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​នោះ លោកស្រី ជា លាភ បាន​ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​ថា គណៈកម្មកា​រដោះ ស្រាយ​ទំនាស់​ដីធ្លី​ខេត្ត បាន​ឯកភាព​តាម​ការណ៍​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ នឹង​រៀបចំ​ប្រគល់​ដី​នោះ​ជូន​ពួកគាត់​។

​ស្ត្រី​ឈ្មោះ ម៉ម ផេន តំណាង​ប្រជាពលរដ្ឋ​ទាំង​១៩​គ្រួសារ​បាន​សំដែង​នូវ​អារម្មណ៍​សប្បាយរីករាយ និង​ថ្លែង​អំណរ គុណ​យ៉ាងខ្លាំង​ដល់​អាជ្ញាធរ​ខេត្ត​ដែល​បាន​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន ​ពួកគាត់​ឲ្យទទួល​បានកម្មសិទ្ធិ​កាន់កាប់​ដី​ស្របច្បាប់ ។ ពួកគាត់​និង​បាន​ឈប់​ព្រួយបារម្ភ អំពី​ការរំលោភ​បំពាន់ និង​គម្រាមកំហែង ពួកគាត់​ទៀត​។​

​លោកស្រី ជា លាភ បានបញ្ជាក់​ថា​ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី​ផ្សេងៗ​ទៀត​ដើល​កើតមាន​ក្នុង​ ខេត្ត​ប៉ៃលិន គណកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត និង​បន្ត​ធ្វើ​ការដោះស្រាយ​ជា​បន្តបន្ទាប់ នៅ​ក្រោយ​ពេល​ចប់​ពិធីបុណ្យ​ភ្ជំបិណ្ឌ ៕ សំ កូ​លីន​

 

2014_09_18a (2) 2014_09_18a 2014_09_18a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment