ខេត្តព្រៃវែង ៖ បទល្មើសព្រៃឈើបានចរាចរណ៍ តាមរយៈរថយន្តធន់ធំគ្រប់ប្រភេទ ដឹកលើសប៉េសេ(PC) និងរថយន្តសាំយ៉ុងដឹក ជាហូរហែក្លាយទៅជាទម្លាប់ដែរ មិនចេះកែប្រែចូលមកធ្វើការចែកចាយតាមដេប៉ូឈើ ខេត្តព្រៃវែងយ៉ាងរលូន។
ជាក់ស្ដែងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ គឺមានរថយន្តយីឌុបភ្លៅ៥ក្បាលពណ៌ស ទ្រង់ខៀវ ពាក់ស្លាកលេខភ្នំពេញ3C 8923 ដឹកឈើពេញ១រថយន្ត យកមកលក់ ឲ្យដេប៉ូ(លាង ប៊ុនទ្រី) ស្ថិតនៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយខណៈកម្មករកំពុងលើកឈើក៏បានប្រាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថា ឈើ១រថយន្តនេះគឺមានចំនួន៣៨គូប បើដាក់ស្ទើរក៏ជិត៣០គីបដែរ ។ តែដោយឡែក PCដែលបង្ហាញមកអ្នកព័ត៌មានយើងគឺចំនួនឈើក្នុងរថយន្តនោះPCតែ១៧គូបជាងទេ។
ពលរដ្ឋដែលរស់នៅតាមផ្លូវជាតិលេខ៨នៃស្រុកកំចាយមារ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឲ្យដឹងថា រាល់ថ្ងៃនេះគេឃើញរថយន្តដឹកឈើប្រភេទយីឌុបភ្លៅ៥គឺចរាចរណ៍ ជារៀងរាល់ថ្ងៃ រួមទាំងរថយន្តសាំយ៉ុងដឹកឈើច្រើនបន្តកន្ទុយគ្នាគឺដឹកពីខេត្តផ្សេងចូលមកតាមផ្លូវជាតិលេខ៨ស្រុកកំចាយមារ ហើយក៏ធ្វើការចែកចាយតាមដេប៉ូឈើ។
ពលរដ្ឋបន្តថា ដេប៉ូលក់ឈើនៅក្នុងខេត្តព្រៃវែងគឺមានច្បាប់មែន ប៉ុន្តែទិញឈើអត់ច្បាប់ស្ទើរទាំងស្រុងយកមកលក់ ខណៈដេប៉ូទាំងនោះ ទិញឈើពីរថយន្តសាំយ៉ុង និងរថយន្តដឹកលើស(PC) ជារៀងរាល់ថ្ងៃ។
ពាក់ពន្ធ័ករណីរថយន្តសាំយ៉ុងដឹកឈើចូលខេត្តនិងរថយន្តដឹកលើសប៉េសេ(PC) នេះផងដែរ លោក ឃឹម អូន នាយខណ្ឌរដ្ឋាលព្រៃឈើខេត្តព្រៃវែង មិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទចូលហើយលោកមិនទទួល។
គូរបញ្ជាក់ផងដែរថា នាពេលកន្លងមក គេសង្កេតឃើញតែខាងមន្ត្រីប៉ូលីស អាវុធហត្ថ គយ ជាអ្នកបង្ក្រាបបទល្មើសព្រៃឈើទៅវិញដោយបង្ក្រាបរួច ប្រគល់ឲ្យមេព្រៃចាត់ការបន្តតាមនិតិវិធី៕