បន្ទាយមានជ័យ៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើការស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាក់ FUSO ដែលដឹកខោអាវគីប ចូលទៅក្នុងប្រទេសថៃតាមច្រករបៀងចំបក់ និងច្រករបៀង៩៣មិនបាន
ពេលរថយន្តនេះត្រឡប់មកវិញ បានបន្លំដឹកបង្កប់ ម៉ូតូសេរីទំនើបៗចំនួន១១គ្រឿងដោយខុសច្បាប់ ហើយត្រូវកម្លាំងរាជអាវុធហត្ថស្ទាក់ចាប់បានកាលថ្ងៃ១ខែកញ្ញាឆ្នាំ២០១៤។
ដោយម៉ូតូទាំងនេះបានឆ្លងដែនចូលមកដល់ទឹកដីខ្មែរវិញភ្លាម រួចលើកដាក់រថយន្តធុនធំ។
តាមប្រភពអោយដឹងច្រករបៀងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់លោកឈុត លី មេបញ្ជាការប៉ូលិសការពារព្រំដែន គោកលេខ៨១៥។
មន្ត្រីអាវុធហត្ថអោយដឹងថា ម៉ូតូដែលសមត្ថកិច្ច រឹបអូសយកជាម៉ូតូគេចពន្ឋសេរីថ្មី ម៉ាកស្កូពី និងម៉ាកហ្វីណូ សរុបចំនួន១១គ្រឿង ហើយធ្វើការប្រគល់ជូន មន្ត្រីជំនាញ គយចល័តរបស់ក្រសួង រក្សាទុកជាបណ្តោះអាសន្ន ដើម្បីរងចាំម្ចាស់ម៉ូតូចូលខ្លួន ទៅដោះស្រាយ និងបង់ពន្ឋជូនរដ្ឋតាមផ្លូវច្បាប់។
ប្រភពពីបានឱ្យដឹងថា ម៉ូតូគេចពន្ឋលោតឆ័ត្រខាងលើនេះ គឺមានម្ចាស់ ឈ្មោះភោគ ខេមរិន្ទ ជាមន្ត្រីយោធាប្រចាំទិសនៃយោធភូមិភាគទី៥ ដោយបានធ្វើការសហការគ្នា ជាមួយលោកឈុត លី មេបញ្ជាការប៉ូលិសវរៈការពារព្រំដែនគោកលេខ៨១៥ នាំគ្នាបើកច្រករបៀងបំពានច្បាប់ នាំទំនិញគេចពន្ឋ ចេញចូលប្រទេសខ្មែរ យ៉ាងសេរីនិងអនាធិបតេយ្យស្ទើរគ្រប់ប្រភេទ ជាក់ស្តែងម៉ូតូគេចពន្ឋល្មើសច្បាប់ ខាងលើដែលកងរាជអាវុធហត្ថឃាត់ចាប់បាន។
បើតាមប្រភពដោយឡែកទៀត បានប្រាប់ថា ម៉ូតូគេចពន្ធម៉ាកទំនើបៗ ស៊េរីថ្មីៗ ជាច្រើនគ្រឿងបានចេញនៅច្រករបៀង ខ្លាងាប់ គ្រប់គ្រងដោយយោធាសឹករង ខេត្តបន្ទាយមានជ័យ និងមានម្នាក់កាងនៅចំណុចនេះគឺ ឈ្មោះ សំណាង ជាមន្ត្រីយោធាសឹករង និងក៏ជាឈ្មួញខាងនាំម៉ូតូគេចពន្ធយ៉ាងខ្លាំងផងដែរ ជាពិសេសមានទំនិញជាច្រើនប្រភេទផងដែរ។
ជាក់ស្តែង កាលពីពីខែសីហា ឆ្នាំ២០១៤នេះ អ្នកសារព័ត៌មានបានចុះទៅចំណុចច្រករបៀងខ្លាងាប់ ត្រូវបានមន្ត្រីយោធាសឹករងខេត្ត ឈ្មោះ សំណាងនេះស្រែកគម្រាមដាក់អ្នកសារព័ត៌មាន ព្រមទាំងមិនឲ្យផ្តិតរូបភាពថែមទៀត ព្រមទាំងបាននិយាយថា ម៉ូតូទាំងនេះគឺ បានបង់ពន្ធឲ្យរដ្ឋអស់ហើយ។ តើម៉ូតូនៅច្រករបៀងខ្លាងាប់នេះមានមន្ត្រីគយឈរចាប់ ឬមានស្នាក់ការនៅទីនោះ បានជាឈ្មោះសំណាងនោះថាបង់ពន្ធចូលរដ្ឋ បានជាហ៊ាននិយាយ តើម៉ូតូទាំងត្រូវបង់ពន្ធនោះនិងច្រករបៀង ។
ប្រភពពីប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនបានឱ្យដឹងដែរថា ការរត់ពន្ឋម៉ូតូ ឬរថយន្ត មានទាំងឈើ គ្រញូង និងការបើកដៃឱ្យពលករខ្មែរ ឆ្លងដែនខុសច្បាប់ តាមច្រករបៀងមិនមែនជារឿងថ្មីថ្មោងនោះទេ គឺគេនាំគ្នាឃុតឃិត ជាលក្ខណៈប្រព័ន្ឋជាយូរយាណាស់មកហើយ គេមិនដែលឃើញសមត្ថកិច្ចណា ទប់ស្កាត់ឡើយ ដោយបណ្តោយឱ្យក្រុមឈ្មួញខិលខូច មានអំណាចលួចបន្លំកេងប្រវ័ញ្ញថវិការជាតិ ខាតរាប់រយលានដុល្លាអាមេរិកក្នុងមួយឆ្នាំៗ។
ពាក់ព័ន្ធករណីនេះ លោក ឈុត លី មេបញ្ជាការប៉ូលិស វរៈការពារព្រំដែនគោកលេខ៨១៥ និងឈ្មោះភោគ ខេមរិន្ទ ជាមន្ត្រីយោធាប្រចាំទិសនៃយោធភូមិភាគទី៥ ជាពិសេសលោក សំណាង ផងដែរ អ្នកសារព័ត៌មានមិនបានទំនាក់ទំនងដើម្បីសាកសួរនាំរឿងលេចធ្លោ ទាំងអស់នេះទេព្រោះគ្មានលេខទូរស័ព្ទសំរាប់ទំនាក់ទំនងជាមួយ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤នោះទេ ៕