បន្ទាយមានជ័យ ៖ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងត្រូវអគ្គិភ័យឆាបឆេះបណ្តាលឲ្យផ្ទះចំនួន២ខ្នង ឆេះ ទាំងស្រុង និង២ខ្នងទៀតខូចខាតស្ទើរទាំងស្រុង តែមិនមានបង្កអោយអ្នកណារងរបួសទេកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៤នៅភូមិក្បាសស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ពេលនោះមានប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ច ប្រដាប់អាវុធ បានជួយអន្តរាគមន៍ភ្លាមៗ ។
បើតាមប្រភពសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យនេះគឺបណ្តាលមកពីផ្ទះ១ខ្នង មានម្ចាស់ឈ្មោះ កែវ ប្តី អាយុ ៣៧ ឆ្នាំ និងប្រពន្ធឈ្មោះ ច្រិប ៣២ឆ្នាំ មានមុខរបជាកម្មករនៅផ្សាររោងក្លឿរ ប្រទេសថៃ មួយណា២នាក់ប្តីប្រពន្ធនេះមិនបាននៅផ្ទះទេ ដោយបានចាក់សោរចោល ហើយចេញទៅធ្វើការងារទាំងអស់គ្នា ។ប្រភពបានបន្តថា ២នាក់ប្តីប្រពន្ធបានចេញទៅធ្វើតាំងព្រឹកព្រលឹមម្ល៉េះ លុះដល់ម៉ោង៨និង៥០នាទី បានឮសូរផ្ទុះកំប៉ុងហ្គាសតូច មិនបានប៉ុន្មានផងក៏មានអណ្តាលភ្លើងឆេះឆាបតែម្តង មួយណាផ្ទះនៅមាន ផ្ទះឈើ ដំបូលសង្ក័សី ជញ្ជាំងកៅស៊ូ និងទ្រព្យសម្បត្តិច្រើនផង បានឆេះតែម្តងទៅ រហូតឆេះរាលដៅដល់ផ្ទះចំនួន៣ខ្នងថែមទៀត ។
ភ្លាមនោះគេឃើញមានលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង និងលោក តាំង គឹមរិទ្ធសមាជិកក្រុមប្រឹក្សាក្រុងឡើងលើដំបូលផ្ទះដើម្បីបញ្ជាចង្អុលបង្ហាញកន្លែងឆាបឆេះ និងកម្លាំងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋបានជួយអន្តរាគមន៍ និងយកទឹក យកធុងពន្លត់អគ្គិភ័យជាច្រើនធុង ដោយសារតែផ្ទះ១ខ្នងបង្កហេតុងាយស្រួលឆាបឆេះ ជាពិសេសនៅចំណុចកើតហេតុខាងលើនេះមានស្ថាភាពផ្លូវតូចចង្អៀត ទើបបណ្តាលឲ្យឆាបឆេះរាលដាលដល់៣ខ្នងទៀតដូច្នេះ។
ភ្លាមនោះលោក ង៉ោ ម៉េងជ្រួនអភិបាលក្រុងអន្តារាគមន៍ដល់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនកាស៊ីណូត្រូពីកាណា ហ្គ្រេនដាយមិន រថយន្តពន្លត់អគ្គីភ័យកាស៊ីណូស្តាវេកាស(ផ្កាយ៥) រថយន្តពន្លត់អគ្គិភ័យសាលាក្រុង រថយន្តដឹកទឹកលក់ ទើបមានការពន្លត់ជាស្ថានពរ ដោយប្រើប្រាស់ទឹកអស់ចំនួន៦ រថយន្ត និងធុងពន្លត់អគ្គិភ័យជាច្រើនធុង និងបានប្រើកម្លាំងសាមគ្គីអស់រយះពេលតែ១ម៉ោង។
កម្លាំងនគរបាលមូលដ្ឋានបានប្រាប់ថា ករណីខាងលើនេះ និងការសន្និដ្ឋានគេឃើញថា គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសតូចៗ ទើបបង្កហេតុដូច្នេះ និងមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនិងអគ្គិភ័យខាងលើនេះដែរ។ នគរបាលមូលដ្ឋានបានបន្តថា ផ្ទះបង្កហេតុដំបូងមានឈ្មោះម្ចាស់ឈ្មោះ កែវ ប្តី អាយុ ៣៧ ឆ្នាំ និងប្រពន្ធឈ្មោះ ច្រិប អាយុ៣២ឆ្នាំ មានមុខរបជាកម្មករនៅផ្សាររោងក្លឿរ ប្រទេសថៃ មានទំហំផ្ទះ៤គុណ២០ម៉ែត្រ សាងសងពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងកៅស៊ូ ឆេះទាំងស្រុង និងបណ្តាលឲ្យឆេះផ្ទះ៣ខ្នងទៀត ទី១ឈ្មោះ ទូច ប្តី ចែ ម៉ុម ប្រពន្ធផ្ទះសាងសងពីឈើ ប្រក់ដំបូលស័ង្កសី ក្រោមថ្ម ជញ្ជាំងថ្ម ខូចខាតទ្រព្យសម្បត្តិទាំងស្រុង ទី២ឈ្មោះ ហេង យូឡេង ភេទប្រុស អាយុ៥១ឆ្នាំ ផ្ទះសាងសងពីឈើ ប្រក់ដំបូលស័ង្កសី ក្រោមថ្ម ជញ្ជាំងថ្ម ខូចខាតទ្រព្យសម្បត្តិស្ទើរទាំងស្រុង ទី៣ ឈ្មោះ វង្ស សារី ភេទប្រុស អាយុ៤៩ឆ្នាំ ផ្ទះសាងសងពីថ្ម ប្រក់ដំបូលស័ង្កសី ក្រោមថ្ម ជញ្ជាំងថ្ម ខូចខាតទ្រព្យសម្បត្តិ ប្រមាណ២០ភាគរយ ផ្ទះទាំង៣ខ្នងនេះ មានទំហំផ្ទះ៤គុណ២០ម៉ែត្រ។
ទោះបីជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថាការខូចខាតទាំងអស់នោះពុំទាន់ដឹងច្បាស់ថាតើ ករណីនេះខូចខាតទ្រព្យសម្បត្តិប៉ុន្មានទេ។
ពលរដ្ឋនៅកន្លែងកើតហេតុបានរិះគន់ថា នៅចំនុចកើតហេតុខាងលើនេះគឺផ្លូវបេតុងតូចចង្អៀតពេក និងរក្សាយានយន្តនៅមុខផ្ទះ ទុករទះដឹកទំនិញ កង់ ម៉ូតូ សុំបីតែមានរថយន្ត១គ្រឿងបើកឆ្លងកាត់ ក៏មានការពិបាកការជះគ្នាដែរ ដោយការឈប់ ចតលើដងផ្លូវ ជាមួយពិសេសមានផ្ទះ ត សំយ៉ាបផ្ទះពេលចូលដីចំណីផ្លូវស្ទើរគ្រប់គ្នា ដោយរូបភាពមួយអាណាធិតេយ្យ គួរណាអាជ្ញាធរមានវិធានការខ្លះហើយ ដូច្នេះហើយទើបមានការយឺតយ៉ាវ ការចូលរបស់រថយន្តពន្លត់អគ្គិភ័យ ទើបបណ្តាលឲ្យឆេះផ្ទះចំនួន៤ខ្នងបែបនេះ៕