ប៉ៃលិន ៖ ផ្ទះប្រជាជនពលរដ្ឋមួយកន្លែងត្រូវបានចោរគាស់បង្អួចចូលទៅក្នុងផ្ទះ ហើយលួចយកទ្រព្យសម្បត្តិ មានលុយ និងគ្រឿងអល័ង្ការជាច្រើន សរុបជាទឹកប្រាក់ជាង៥ពាន់ដុល្លារ ទៅដោយសុវត្ថិភាព ខណៈពេលដែលម្ចាស់ផ្ទះទៅចំការ កាច់ពោតទាំងអស់គ្នា ។ ប៉ូលិសពុំទាន់អាចកំណត់មុខសញ្ញាចោរលួចគាស់ផ្ទះ លួចទ្រព្យសម្បត្តិម្ចាស់ផ្ទះរងគ្រោះនៅឡើយ ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៤ នៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិថ្នល់កែវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ម្ចាស់ផ្ទះឈ្មោះ ទួត សំអាន អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ ផាន់ រ៉េត អាយុ ៥៤ឆ្នាំ មុខរបរជាកសិករមានទីលំនៅចំណុចកើតហេតុខាងលើ ។ មុនពេលកើតហេតុ គាត់ ប្រពន្ធគាត់ និងកូនៗបាននាំគ្នាទៅចំការ ដើម្បីកាច់ពោត តាំងពីព្រឹក រហូតដល់ម៉ោងប្រហែលជា ៥ ល្ងាចពួកគាត់បានត្រឡប់មកផ្ទះវិញ ពេលមកដល់គាត់បានចូលទៅក្នុងផ្ទះឃើញរបស់របររាយប៉ាយពេញផ្ទះ ហើយឃើញបង្អួចត្រូវរបើកទើបដឹងថា មានចោរចូលក្នុងផ្ទះក៏បានប្តឹងទៅប៉ូលីសតែម្តង ។ ទ្រព្យសម្បត្តិ ដែលត្រូវក្រុមចោរ លួចយកទៅមានប្រាក់ចំនួន ៨ លានរៀល និងគ្រឿងអល័ង្កាមួយចំនួនទៀត ដែលមានតំលៃជាង១៥ម៉ឺនបាត ។
លោក គង់ ណន នាយបុស្តិ៍នរគបាលឃុំអរណ្តូងបានឲ្យដឹងថា ចោរដែលចូលរួចទ្រព្យក្នុងផ្ទះជនរងគ្រោះ អាចមានតែម្នាក់ឯកទេ ។ ទ្រព្យសម្បត្តិដែលត្រូវចោរលួចទៅមានលុយចំនួន ៨ លានរៀល នឹងគ្រឿង អលង្ការមួយចំនួនទៀត ដែលម្ចាស់ផ្ទះមិនបានចាំអស់ទេ ដែលគិតជាទឹក ប្រាក់អស់ចំនួនជាង ១៥ ម៉ឺនបាត ។ ពេលនេះប៉ូលិសកំពុងធ្វើការបស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនល្មើសយកមកចាត់ការទៅតាមផ្លូវច្បាប់ ៕
សំ កូលីន