កណ្តាល ៖ នារសៀលថ្ងៃទី ៣០ ខែកក្កដា នេះ វត្តទួលរាជា ស្ថិតនៅក្នុងភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ទីដែលបុគ្គល ធាន វុទ្ធី តាំងខ្លួនជាព្រះសេអាមេត្រីព្រះទី៥ របស់ព្រះពុទ្ធសាសនាសណ្ឋិតនៅនោះ ត្រូវអាជ្ញាធរបិទជាបណ្តោះអាសន្នសិនហើយ ដើម្បីធ្វើការតាមដានពីភាពមិនប្រក្រតី។
បើយោងតាមលិខិតរបស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា ព្រមជាមួយនឹងសម្តេចសង្ឃ អំ លឹមហេង ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីចុះទៅពិនិត្យដោយផ្ទាល់បានលើកឡើងថា ហេតុការណ៍ដែលបានកើតឡើង នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ក្នុងនោះដែរ ក្រសួងធម្មការ ក៏បានធ្វើការហាមប្រាមមិនឱ្យធ្វើការផ្សព្វផ្សាយនូវរូបរបស់បុគ្គល ធាន វុទ្ធី ជារូបថត ឬវីដេអូ ដែលបានធ្វើសកម្មភាពហួសព្រំដែន ខុសនឹងច្បាប់ព្រះពុទ្ធសាសនា និងច្បាប់រដ្ឋ។
គេនៅមិនទាន់ដឹងនៅឡើយទេថា តើក្រសួងនឹងមានវិធានការយ៉ាងណាទៀតចំពោះបុគ្គល ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសេអាមេត្រី ព្រមទាំងប្រមូលលុយរាប់លានដុល្លារ ពីអ្នកដែលជឿជំនឿ មិនសមហេតុផលនោះ ៕