ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់វ័យ៤៦ឆ្នាំ បានដើរតាមដងផ្លូវសាធារណៈម្នាក់ឯង ត្រូវបានរថយន្តមិនស្គាល់ម៉ាក់ មិនស្គាល់ពណ៌បុកស្លាប់យ៉ាងអាណោចអាធម នៅលើផ្លូវ ។ ហេតុការណ៍នេះ នៅវេលាម៉ោង ៤ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តនិវេសន៍ ក្នុងភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពបានបង្ហើបប្រាប់ថា ជនរងគ្រោះខាងលើនេះ មកស្នាក់នៅក្នុងវត្តនិវេសន៍ខាងលើនេះ ប្រហែលជា២ទៅ៣ ថ្ងៃហើយ ដោយពុំឃើញនិយាយស្តីជាមួយអ្នកណាសោះ បើអង្គុយកន្លែងណាគឺអង្គុយកន្លែងនឹងរហូត និងមិនដែលឃើញហូបបាយហូបទឹកសោះ ជាពិសេសនោះ មិនដែលស្គាល់ឈ្មោះ មិនស្គាល់អាស័យដ្ឋានផងដែរ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរីបានប្រាប់តាមទូរស័ព្ទថា ក្រោយពីកើតហេតុមហាជនបានរាយការណ៍ប្រាប់លោកក៏បានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗផងដែរ ។
លោកបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងគឺមានរថយន្តបុកអ្នកថ្មើរជើងបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ រថយន្តបង្កសមត្ថកិច្ច និងមិនមានអ្នកណាម្នាក់ ដឹងថាមានម៉ាក ពណ៌ និងបើកបរពីទិសណាទៅទិសណាឡើយ ។ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៤៦ឆ្នាំ សម្បុសណ្តែកបាយ កម្ពស់១,៤៥ម៉ែត្រ សក់ខ្លីត្រឹម ស្មារ អត់មានអាវ ស្លៀកខោខ្លី ពណ៌ក្រឡាការ៉ូ ស ខ្មៅ អាស័យដ្ឋានមិនដឹង ប្រហែលជាមនុស្ស (វិកលចរិក) ហើយមកស្នាក់នៅក្នុងវត្តនិវេសន៍ពី ២ ទៅ ៣ ថ្ងៃហើយ ។
ក្រោយពីសមត្ថកិច្ចចុះមកកន្លែងកើតហេតុ និងតាមស្រាវជ្រាវរកមុខសញ្ញារថយន្តបង្ក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ រួចបានយក សពស្ត្រីរងគ្រោះទៅដាក់ក្នុងវត្តនិវេសន៍ និងស្រាវជ្រាវរកបងប្អូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕
ដោយចិន្តា