បាត់ដំបង ៖ ឯកឧត្តម ស ខេង ជុំរុញអោយប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីចូលរួមបោះឆ្នោតនាពេលខាងមុខនិងធ្វើប័ណ្ណការងារឬផាស្ព័រមុននឹងទៅរកកាងារធ្វើនៅប្រទេដ៏ទៃ ការអំពាវនាវនេះធ្វើឡើង ក្នុងពិធីបច្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី នៃវត្តសំរោងក្នុង កាលព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ ២០១៥ ក្នុងភូមិសំរោងក្នុងឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង ។
លោក មៀច ស៊ុមន៍ អភិបាលស្រុកឯកភ្នំបានអានរបាយការណ៍ និងបានលើកសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ថា ដោយមានការចូលរួមយ៉ាផុលផុស ពីសំណាក់ប្រជាពលរដ្ឋការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព នៅគ្រប់មូលដ្ឋានទូទាំងស្រុកឯកភ្នំ បទល្មើសត្រូវបានកាត់បន្ថយ ហើយធ្លាក់នូវកំរិតទាបបំផុត ទាំងបទល្មើសឧក្រិដ្ឋនិងបទល្មើសមជ្ឈឹម ។ ក្នុងដើមឆ្នាំ២០១៥ នេះ បទល្មើសកើតឡើង ៖ បទល្មើសឧក្រិដ្ឋគ្មានថយ ៣ ករណីប្រៀបធៀបឆ្នាំ២០១៤ ។ បទល្មើសមជ្ឈឹម ២ ករណី (បង្ក្រាបបាន) ថយ ៨ ករណី ប្រៀបធៀបឆ្នាំ ២០១៤ ។ គ្រោះថ្នាក់ចរាចរណ៍ ២ ករណីថយ ៤ ករណីប្រៀបធៀបឆ្នាំ ២០១៤ ។
លោក មៀច ស៊ុមន៍ អភិបាលស្រុកឯកភ្នំបានបន្តថា ជាទូទៅសន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវបានធានា ដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី ៣ ការបោះឆ្នោតជ្រើសរើសតំណាងឃុំសង្កាត់អាណត្តិទី ៣ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ និងពិសេសការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខេត្ត កាលឆ្នាំ២០១៣ កន្លងមកបានប្រព្រឹត្តប្រកប ដោយសុវត្ថិភាព ស្ថិតក្នុងបរិយាកាសល្អប្រសើរ មានភាពរលូន សេរីត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងគ្មានអំពើហឹង្សា ។
ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានសប្រសាសន៍ថា ប្រជាពលរដ្ឋ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ត្រូវធ្វើអត្តសញ្ញាណប័ណ្ណ អោយបានរួសរាន់ដើម្បីចូលរួមបោះឆ្នោត នាពេលខាងមុខ ចំណែកព្រះសង្ឃមានឆាយាល័ក្ខ មិនអាចចូលរួមបោះឆ្នោតបានទេ ។ ម្យ៉ាងទៀត បើសង្ឃធ្វើនយោបាយនោះ សង្ឃនៅក្នុងវត្តនឹងបែងចែកបក្សនេះ បក្សនោះ មិនតែប៉ុណ្ណោះ ពុទ្ធបរិស័ទមកគោរពបូជាពិតជាប្រកាន់បក្សនយោបាយលែងគោរពពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ ប្រជាពលរដ្ឋត្រូវធ្វើប័ណ្ណការងារ ឬផាស្ព័រ អោយបានត្រឹមត្រូវមុនចាកចេញពីប្រទេសកម្ពុជា ទៅរកការងារនៅប្រទេសគេ ហើយមន្ត្រីអន្តោប្រវេសន៍ក៏ត្រូវត្រួតពិនិត្យលើជនបរទេសមកស្នាក់នៅកម្ពុជាដែរ ត្រូវរកប័ណ្ណឆ្លងដែនផាស្ព័រ បើពួកគេមកធ្វើការងារតាមរោងចក្រ ឬសណ្ឋាគារត្រូវពិនិត្យប័ណ្ណការងារ បើមិនមានត្រូវផាកពិន័យដើម្បីប្រមូលពន្ឌជូនរដ្ឋ ៕