បាត់ដំបង ៖ បទល្មើសនេសាទខុសច្បាប់ចំនួន ៣៨ ករណី ក្នុង ៩២ ករណី ត្រូវបានកម្លាំងជលផលចុះធ្វើការបង្ក្រាប និងបំផ្លាញចោល ហើយធ្វើការទប់ស្កាត់ មិនអោយមានការកាប់ព្រៃលិចទឹក និងការពារថែរក្សាមិនអោយមានភ្លើងឆេះព្រៃលិចទឹក និងអភិរក្សពូជត្រីនៅខែមិនាឆ្នាំ២០១៥ ។
លោក ជួង សុភា នាយខ័ណ្ឌជលផលបានអោយដឹងថា កម្លាំងសមត្ថកចិចជំនាញជលផលបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកមោងឬស្សី បង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន ៣៨ ករណី ក្នុង ៩២ ករណីក្នុងនោះ បានដុតបំផ្លាញចោលស្បៃមង បណរ៉ាវ ៣៤ ករណី និងពិន័យ ៤ ករណីផងដែរ ។ នៅខែមិនានេះ អាកាសធាតុផ្លាស់ប្តូរ មានសភាពក្តៅស្ងួតនិងមានភ្លៀងកក់ខែម្តងម្កាល និងតាមរយៈប្រជាពលរដ្ឋកាប់ឆ្កាដុតព្រៃ ដើម្បីប្រកបការដាំដុះផ្សេងៗ ការលួជដុតព្រៃដើម្បីចាប់សត្វ ដោយខ្វះការទទួលខុសត្រូវ និងធ្វើសប្រហេសចេតនា បណ្តាលអោយមានភ្លើងឆេះព្រៃនិងព្រៃលិចទឹក ។
យោងតាមសេចក្តីណែនាំលេខ ០០៣ សណន/កសក ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៤របស់ក្រសួងកិសកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ។ ដោយមានការចង្អុលបង្ហាញពីអនុគណៈកម្មាការខេត្ត ខណ្ឌបានចាត់វិធានការ អោយផ្នែកសង្កាត់រដ្ឋបាលជលផល មូលដ្ឋានផ្ទាល់ចុះត្រួតពិនិត្យតាមដាន និងផ្សព្វផ្សាយច្បាប់ លិខិតពាក់ព័ន្ធ ដល់ប្រជាពលរដ្ឋដែលរស់នៅជាប់តំបន់ងាយរងគ្រោះភ្លើងឆេះព្រៃលិចទឹក និងតាមតំបន់ដែលរងការកាប់បំផ្លាញជាញឹកញាប់ ។ ខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានបន្តពង្រឹងអនុវត្តន៍ការងារ អធិការកិច្ច ធនធានជលផល ដោយស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី ៥ ពោល គឺគោលនយោបាយធ្វើការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាល ទី ៣ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអនុវត្តស្របតាមលិខិតបទដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា ។
គោរពតាមយន្តការដឹកនាំប្រកបដោយគតិបណ្ឌិត ប្រមុខរាជរដ្ឋាភិបាល ខណ្ឌរដ្ឋបាលជលផលបាត់ដំបងដោយមានកិច្ចសហការល្អជាមួយអធិការដ្ឋាន រដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប និងសហគមន៍នេសាទ អាជ្ញាធរខេត្តស្រុកឃុំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានពង្រឹងនិងបន្តអនុវត្តន៍ ការងារលុបបំបាត់បទល្មើសនេសាទជាប្រចាំ ។
លោក ជួង សុភា ក៏បានបញ្ជាក់ថា ដើម្បីបន្តពូជត្រីអោយគង់វង្ស ត្រូវអភិរក្សដូចខាងក្រោម ៖ពិនិត្យ ស្រាវជ្រាវ និងរៀបចំកន្លែងអភិរក្សសហគមន៍ ស្រះជម្រកត្រី បន្ថែមទៀត នៅតាមមូលដ្ឋានភូមិឃុំ ។ ចុះពិនិត្យ ឃ្លាំមើល និងបង្ក្រាបបទល្មើសជលផល នៅក្នុងតំបន់គ្រប់គ្រងដោយសហគមន៍នេសាទ ។ ពង្រឹងសហគមន៍នេសាទលើការងារគ្រប់គ្រង កន្លែងអភិរក្សត្រីមេពូជដែលមាស្រាប់ និងកន្លែងអភិរក្សជលផល ដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៣៧អនក្របក ចុះថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១២ ។ ចុះរៀបចំស្រះជម្រកត្រី សហគមន៍នេសាទ ដែលមានស្រាប់ អោយមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស ៕