ខេត្តប៉ៃលិន ៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិន ដឹកនាំកម្លាំងជំនាញ សហការមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ចុះបង្ក្រាបទំនិញខូចគុណភាព ដូចជាគ្រឿងបរិភោគ និងភេសជ្ជៈជាដើម កាលថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០១៥នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីសមត្ថកិច្ចជំនាញ បានចុះអនុវត្តការងារ ដឹកនាំដោយលោក សានវិជ្ជា សារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្តប៉ៃលិននិងលោកសុខ សាធីម ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្ត ។ ការចុះត្រួតពិនិត្យដកហូតទំនិញទាំងនោះបន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានមកថាមានទំនិញប្រភេទភេសជ្ជៈប៉ូវកម្លាំងខ្លះដែលហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវបានគេលួចបន្លំកោសលេខកូដចេញ រួចយកមកដាក់លក់នៅលើទីផ្សារខេត្តប៉ៃលិន ដែលអាចបង្កឱ្យមានហានិភ័យខ្ពស់សម្រាប់អ្នកទិញប្រើប្រាស់ ។ ទំនិញដែលមន្ត្រីជំនាញដកហូត រួមមានទឹក ក្រូចfanta ១៦ដប ម្ស៉ៅស៊ុបរ៉តឌី១៣កញ្ចប់ ស្រាបៀ blackcat ៩ កំប៉ុង ភេសជ្ជៈ Vigos ២ កំប៉ុង ទឹក ដូងកំប៉ុង៨ដប និងភេសជ្ជៈខារ៉ាបាវ ២៤ ដប និងមីម៉ាម៉ា ៣ កេះ ។ ក្នុងនោះ មន្ត្រីជំនាញក៏បានធ្វើការអប់រំដល់ម្ចាស់ទំនិញ ដែលបានដកហូតហើយឱ្យធ្វើកិច្ចសន្យា ដើម្បីឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាព តទៅទៀត ប្រសិនមិនរៀងចាលថ្ងៃក្រោយមន្ត្រីជំនាញរកឃើញនិងអនុវត្តទៅតាមផ្លូវច្បាប់ ។ ខណៈនោះ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់ម្ចាស់ហាង និងអាជីវករម្ចាស់តូបឱ្យចេះរៀបចំ ទុកដាក់ទំនិញឱ្យបានត្រឹមត្រូវ ប្រកបដោយអនាម័យនិងណែនាំឱ្យចេះមើលលេខកូដកាលបរិច្ឆេទប្រើប្រាស់ផងដែរ ។
លោក សានវិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានប្រាប់ឱ្យដឹងថា៖ មន្ត្រីជំនាញចុះត្រួតពិនិត្យទំនិញធ្វើឡើងនៅពេលនេះដើម្បីបង្ការទប់ស្កាត់ទំនិញដែលចរាចរណ៍លក់នៅលើទីផ្សារដែលច្បាប់ហាមឃាត់ជាពិសេសភេសជ្ជៈខារ៉ាបាវ ។ ដើម្បីចៀសវាងប្រជាពលរដ្ឋទិញទំនិញខូចគុណភាព យកទៅប្រើប្រាស់ដែលជាហេតុបង្កឱ្យផលប៉ះពាល់ដល់សុខភាពនិងកើតជម្ងឺផ្សេងៗធ្វើឱ្យខាតបង់ថវិកាក្នុងគ្រួសារនិងថវិកាជាតិ ។ លោកសូមអំពាវនាវឱ្យអាជីវករនិងម្ចាស់ហាងលក់ទំនិញត្រូវតែចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ទំនិញខូចគុណភាពនៅលើទីផ្សារដើម្បីក្នុងផលប្រយោជន៍ដល់សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទូទៅ ។ ទំនិញដកហូតបានយកមករក្សាទុកដើម្បីរង់ចាំទុកដុតកំទេចចោល ៕