បាត់ដំបង ៖ កាលពីម៉ោង៣និង៣០នាទី អាធ្រាតថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ បុរសជនជាតិថៃ ម្នាក់ឆ្លងដែនមកទិញថ្នាំញៀនពីស្ត្រីខ្មែរម្នាក់ យកទៅលក់ ត្រូវនគរបាលល្បាតតាមផ្លូវលេខ៥៩ ក្រុមទី៩ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ឃាត់សាកសួរស្រាវជ្រាវចាប់ដាក់ខ្នោះ ទាំង២នាក់។
ជនសង្ស័យទាំង ២ នាក់ និងថ្នាំញៀន១០គ្រាប់ ត្រូវនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាកា នាព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៤ចាត់ការតាមនិតិវិធី។
លោក ខៀវ ឈឿត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១ ៖ ឈ្មោះ ពីដា ម៉ាត់ឆាមែត (ម៉ាត់ឆាមេខ) ភេទប្រុស អាយុ ២៣ ឆ្នាំជនជាតិថៃ ជាអ្នកទិញយកលក់បន្ត មានទីលំនៅភូមិសាលាឃុំសាមុត្រ ស្រុកមឿង ខេត្តសាតសឹងសៅ ប្រទេសថៃ ។ វត្ថុតាងដែលដកហូតបានមានថ្នាំញៀនចំនួន១០គ្រាប់ ។ ទី២ ឈ្មោះ ផេង រី ភេទស្រី អាយុ៤៨ឆ្នាំ ជាជនជាតិខ្មែរ ជាអ្នកលក់រស់នៅភូមិដូងឃុំបឹងរាំងស្រុកកំរៀង ។
បុរស សង្ស័យឈ្មោះ ពី ដាម៉ាត់ឆាមែត (ម៉ាត់ឆាមេខ) បានសារភាពថា ខ្លួនបានឆ្លងដែន ពីប្រទេសថៃ មកដីខ្មែរទិញថ្នាំញៀនពីស្ត្រី ឈ្មោះ ផេង រី ជាជនជាតិខ្មែរ ពេលទិញថ្នាំញៀន បានចំនួន១០គ្រាប់ ខ្លួនបានធ្វើដំណើរត្រឡប់ទៅវិញ ។ ពេលដើរឆ្ពោះទៅទឹកដីថៃវិញ ក៏ជួបនគរបាល ខ្លួនរត់គេច ត្រូវពួកគេតាមចាប់ខ្លួន ហើយឆែកឆេរ ឃើញថ្នាំញៀនទាំង ១០ គ្រាប់តែម្តង ។
លោក ខៀវ ឈឿត បានបញ្ជាក់ថា ស្ត្រីឈ្មោះ ផេង រី ជាជនជាតិខ្មែរជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀន បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់និងថ្នាំញៀន១០គ្រាប់ ត្រូវបានកសាងសំណុំ រឿងពីបទរក្សាកាន់កាប់និងលក់ចែកចាយគ្រឿងញៀនខុសច្បាប់បញ្ជូនទៅ តុលាកា នាព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៤ចាត់ការតាមនិតិវិធី ៕