កាលពីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ប្ញស សីមានៅវត្តបឹងប្រិយ៍សិរីសេដ្ឋា ហៅវត្តជីអោកក្រោម ស្ថិតក្នុងភូមិជីអោក ឃុំរមណីយ៍ ស្រុករវៀង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត, ឧកញ៉ា អ៊ុក គឹមសាន្ត អគ្គនាយករងក្រុមហ៊ុនចម្ការ ម្រេច ទ្រី ភាព មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទជិតឆ្ងាយរាប់ពាន់នាក់ ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍សំណេះសំណាល និងថ្លែងអំណរគុណដល់សប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមកសាង និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានេះ ។ ការកសាងព្រះវិហារ នេះឡើងបាន ក៏ដោយសារទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ក៏ដូចជា ពុទ្ធបរិស័ទគោរពប្រណិប័តន៍តាមគន្លងព្រះ ពុទ្ធសាសនានៃយើង ។
ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងពីការកកើតវត្តជីអោក ក្រោមនេះ គឺតាំងពីឆ្នាំ ១៩៦១ មុនរបបប៉ុល ពតម្ល៉េះ តែពុំដែលមានព្រះវិហារ សម្រាប់ពុទ្ធបរិស័ទគោរពបូជាទេ ។ លុះមកដល់របបយង់ឃ្នង ប៉ុល ពត ពួកណេបានបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ទីអារាម សាលារៀន មន្ទីរពេទ្យ និងទើបមកដល់ពេលនេះ រាជរដ្ឋាភិបាលបានអភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ស្តែងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ សម្រាប់ប្រជាពលរដ្ឋគោរពបូជា តាមគន្លងព្រះពុទ្ធសាសនា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់សប្បុរសជន និងព្រះសង្ឃ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ សិស្សានុសិស្ស យាយជីតាជី និងកងកម្លាំងទាំង ៣ប្រភេទ នៅទីនោះជាច្រើននាក់ផងដែរ ៕ ដោយ ៖ សារ៉េត