បាត់ដំបង ៖ បុរសម្នាក់ដាច់ម្រាមដៃ២ ដោយម្ចាស់ខ្ទមខឹង រុះរើកន្លែងស្នាក់នៅ ប្រើដាវសាម៉ុរ៉ៃកាប់ ពេលនគរបាលអោយជួយរុះរើសំណង់សំណង់អនាធិបតេយ្យ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០១៤នៅផ្សារចាស់ក្នុងភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។
លោក ស្រី វុឌ្ឍី អធិការរងស្រុកកំរៀងបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ យ៉ាយ វណ្ឌី ហៅ ថ្លាង អាយុ ៣២ ឆ្នាំ ស្នាក់នៅក្រុមទី១៤ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ចំណែកយុវជនសង្ស័យឈ្មោះ រ៉ូ អាយុ១៧ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។
សាក្សីបានអោយដឹង ថាមុនពេលកើតហេតុជនរងគ្រោះបានជួយនគរបាល រុះរើខ្ទមសំណង់អនាធិបតេយ្យ ពេលកម្លាំងនគរបាលដកចេញអស់ជនសង្ស័យជាម្ចាស់ខ្ទម បានយកដាវសាម៉ូរៃកាប់អោយរងរបួសដាច់ម្រាមដៃឆ្វេង ២ ដោយចោទថា រើទីជម្រករបស់គេ ក្រោយពីកាប់ជនរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ។
លោកអធិការរងបានបញ្ជាក់ថា ការរុះរើខ្ទមសំណង់អនាធិបតេយ្យនេះ ដោយសារតែកាលថ្ងៃទី២៧ និង២៨ ក្រុមជនសង្ស័យប្រើប្រាស់គ្រឿងញៀនមួយចំនួនបានលួចវាយសមត្ថកិច្ចនគរបាលនិងអាវុធហត្ថផ្ទួនពេលកម្លាំងចុះល្បាតនិងស៊ើបការ រួចរត់ចូលពួនសម្ងំនៅចំណុចសំណង់អនាធិបតេយ្យខាងលើនេះ ។
សមត្ថកិច្ចបានជួយយកជនរងគ្រោះទៅមន្ទីរពេទ្យ ហើយស្វែងរកចាប់ខ្លួនជនដៃ ដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕