0

អបអរសាទរ​ខួប​ទី​២៥ (១៩៩៩-២០២៤) នៃ​អនុសញ្ញា​ស្តីពី​ការ​ហាមប្រាម ការប្រើប្រាស់ ការ​រក្សាទុក ការផលិត និង​ការផ្ទេរ​គ្រាប់​មីន​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន​ចោល​(​អនុសញ្ញា​អូ​តា​វ៉ា​)​​

អបអរសាទរ​ខួប​ទី​២៥ (១៩៩៩-២០២៤) នៃ​អនុសញ្ញា​ស្តីពី​ការ​ហាមប្រាម ការប្រើប្រាស់ ការ​រក្សាទុក ការផលិត និង​ការផ្ទេរ​គ្រាប់​មីន​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន​ចោល​(​អនុសញ្ញា​អូ​តា​វ៉ា​)​​

ថ្ងៃទី​០១ ខែ​មីនា គឺជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់ ដែល​យើង​ទាំងអស់​រំលឹក​ខួប​ទី​២៥ នៃ​ការចូល​ជា​ធរមាន​របស់​អនុសញ្ញា​អូ​តា​វ៉ា​។​

​អនុសញ្ញា​ដែល​គួរកត់សំគាល់​នេះ បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួម​របស់​ពិភពលោក ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​។ ការចាប់ផ្តើម​នៃ​អនុសញ្ញា បាន​បង្កើត​នូវ​កំនត់ត្រា​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រួម​របស់​មនុស្សជាតិ ក្រោម​គោលដៅ​ការពារ​អាយុជីវិត លើកកម្ពស់​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។​

​ក្នុង​រយៈពេល​២៥​ឆ្នាំកន្លងមក ស្មារតី​មនុស្សធម៌​នេះ​បាន​បំផុសគំនិត​ឱ្យ​ប្រទេស អង្គការ និង​បុគ្គល​នានា​ជុំវិញ​ពិភពលោក ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ឆ្ពោះទៅរក​ការលុបបំបាត់​គ្រាប់មីន ដែល​ជារឿយៗ​ប្រឈម​នឹង​បញ្ហា និង​ឧបសគ្គ​ដ៏​ធ្ងន់ធ្ងរ​។​

​នៅពេល​យើង​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​វិសេសវិសាល​នេះ សូម​ឲ្យ​យើង​គោរព​នូវ​ភាពក្លាហាន និង​ការលះបង់​របស់​អ្នក​ទាំងអស់​ដែល​បាន​រួមចំណែក​ក្នុង​បុព្វហេតុ​ដ៏​ថ្លៃថ្លា​នេះ ហើយ​សូមឱ្យ​យើង​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​រួម​ក្នុង​ការ​បន្ត​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ឆ្ពោះទៅរក​ការលុបបំបាត់​គ្រាប់មីន​ទាំងស្រុង និង​ធានាបាន​នូវ​ពិភពលោក​មួយ​ដែល​មាន​សុវត្ថិភាព និង​សន្តិសុខ​ជាង​មុន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុង​ឆ្នាំ​២០០០ ហើយ​បាននិងកំពុង​បំពេញ​កាតព្វកិច្ច ជា​រដ្ឋ​ភាគី​គំរូ និង​ឈាន​មុខ​គេ​ក្នុង​ការលុបបំបាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស ហើយ​ត្រូវបាន​សហគមន៍​អន្តរជាតិ​ចាត់ទុក​សមិទ្ធផល​ក្នុង​ការងារ​បោសសម្អាត​មីន​របស់​កម្ពុជា គឺជា​សមិទ្ធផល​មួយ​ផ្នែក​ធំ​របស់​ពិភពលោក​។ ជាងនេះទៅទៀត ក្នុង​ឆ្នាំ​២០២៤ ស្រប​នឹង​ការអបអរសាទរ​ខួប​ទី​២៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា កម្ពុជា ត្រូវ​រដ្ឋ​ភាគី​ចំនួន ១៦៤ បោះឆ្នោត​គាំទ្រ​ជ្រើសតាំង​ធ្វើជា​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ នៃ​អនុសញ្ញា ដែល​កម្ពុជា​អាច​នឹង​ដឹកនាំ​បង្កើត​ផែនការ​សកម្មភាព​៥​ឆ្នាំ​សៀមរាប​-​អង្គរ និង​សេចក្តីថ្លែងការណ៍​សៀមរាប​-​អង្គរ សម្រាប់​រដ្ឋ​ភាគី​ទាំងអស់​។​

​សូម​ចូលរួម​អបអរសាទរ​ខួប​ទី​២៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!