មានកន្លែងលាក់ទុកសត្វព្រៃគ្រប់ប្រភេទដែលមានទីតាំងស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានបំពានទៅនឹងច្បាប់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានហាមប្រាម ក្នុងការប្រមាញ់ចាប់សត្វព្រៃ និងចរាចរណ៍លក់ដូរសត្វទាំងអស់នោះ ។ ក៏ប៉ុន្តែមានក្រុមជនខិលខូចមួយចំនួននៅតែ ប្រព្រឹត្តបំពានច្បាប់ដដែលគ្មានអ្នកការពារទប់ស្កាត់ ឬបង្ក្រាបនោះឡើយ ។
សេចក្តីរាយការណ៍ពីក្រុងសៀមរាបបានឱ្យដឹងកាលពីពេលថ្មីៗនេះថា មានសកម្មភាពជួញដូរសត្វព្រៃយ៉ាង ខ្លាំងនៅក្រុងសៀមរាបហើយថែមទាំងមានទីតាំងរក្សាទុក្ខសត្វព្រៃទាំងអស់នោះថែមទៀតផង ។ រាល់ការជួញដូរ សត្វព្រៃទាំងអស់នោះ មិនត្រូវបានទប់ស្កាត់ ឬបង្ក្រាបពីសំណាក់មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបនោះទេ ។ អ្នកទាំងអស់នោះទំនងជាធ្វើការគាំទ្រដល់សកម្មភាពជួញដូរសត្វព្រៃ ព្រោះអ្នកទាំងនោះក៏អាចត្រូវការបរិ ភោគសាច់សត្វព្រៃទាំងអស់នោះដែរ ។
សេចក្តីរាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា បើអស់លោកអ្នកត្រូវការសត្វព្រៃ សូមអញ្ជើញទៅផ្ទះ លោកស្រី ខុន អាយុ ៣២ឆ្នាំ មានទីតាំងស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាងដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបនោះ អស់លោកអ្នកនឹងអាចជ្រើសរើសសត្វព្រៃបាន ព្រោះទីតាំងរក្សាទុកសត្វព្រៃរបស់លោកស្រី ខុន នេះមានសត្វព្រៃ គ្រប់ប្រភេទទាំងអស់ សូម្បីតែសត្វចាប លលក ជាសត្វស្រុកក៏មានដែរ កុំថាឡីយដល់សត្វទន្សាយ ឈ្លូស អន្សង… ៘ គឺមានទាំងអស់ ហើយនឹងបំពេញបំណងអស់លោកមិនឱ្យខកបំណង ឬទាស់ចិត្តឡើយ ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងរក្សាទុកសត្វព្រៃរបស់លោកស្រី ខុន នេះបានឱ្យដឹងថា ប្រជាពលរដ្ឋសង្កេតឃើញមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងងស់បានចុះទៅធ្វើការត្រួតពិនិត្យរួចហើយ ក៏ត្រឡប់ទៅ វិញ ក្រោយពីជួបឈ្មោះ ខុន ជាម្ចាស់ទីតាំងជួញដូរលាក់ទុកសត្វព្រៃមួយកន្លែងនេះ ហើយប្រជាពលរដ្ឋក៏មិនដែលឃើញមន្ត្រីជំនាញរួមទាំងអាជ្ញាធរដែនដីធ្វើការព្រមានធ្វើការទប់ស្កាត់ ឬបង្ក្រាបទីតាំងជួញដូរសត្វព្រៃរបស់ឈ្មោះ ខុន ភេទស្រីអាយុ ៣២ឆ្នាំ មួយរូបនេះឡើយ ៕