0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កុម្ភ​: ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​ថៃ​។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ ក្នុងនាម​ជា​នាយក​រដ្ឋមន្ត្រី​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការគូសបញ្ជាក់​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​ធិបតី នា​ឱកាស​នេះ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ថៃ នឹង​កាន់តែ​រីកចម្រើន​រឹងមាំ​។

​សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​នេះ និង​បាន​ថ្លែងអំណរគុណ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១ របស់ សម្តេច​ធិបតី ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៅ​ព្រះរាជាណាចក្រ​ថៃ នា​ឱកាស​នេះ​។ សម​ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កន្លងមក និង​បាន​ផ្លាស់ប្ដូរ​យោបល់​ពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ជាច្រើន ដែល​រួមមាន​៖ វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និង​វិស័យ​ថាមពល​។ ក្នុង​ក្របខ័ណ្ឌ នៃ​ការពង្រឹង​ទំនាក់ទំនង​នយោបាយ និង​ការទូត សម​ភាគី​ទាំងពីរ បាន​ឯកភាព​លើ​ការតំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី ពី “​ការពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្ដិភាព និង​វិបុលភាព​” ទៅជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ ទន្ទឹមគ្នានេះ សម​ភាគី​ទាំងពីរ ក៏​បាន​ពិភាក្សា​អំពី​កិច្ចការ​ក្នុង​តំបន់ និង​សកល ដោយ​បាន​បង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​លើ​វេទិកា​អន្តរជាតិ និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការបោកប្រាស់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ការកសាង​ព្រំដែន​ប្រទេស​ទាំង​ពីរ​ទៅ​ជា​ព្រំដែន​សន្ដិភាព និង​វិបុលភាព​។​

​ដោយឡែក នៅក្នុង​ឱកាស​នៃ​ជំនួប​នេះ​ផងដែរ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា និង​ផ្លាស់ប្តូរ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ចំនួន ៥ រួមមាន​៖
១-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នៃ​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​ការឆ្លើយតប​គ្រោះអាសន្ន រវាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា និង​ក្រសួង​មហាផ្ទៃ​ថៃ​;
២-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិក្សាធិការ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា និង​ក្រសួង​ឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​ថៃ​;
៣-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ទំនិញ​ឆ្លងកាត់ រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​នាយកដ្ឋាន​គយ​ថៃ​;
៤-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​ធនាគារ​នាំចេញ​-​នាំចូល​ថៃ​;
៥-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ថៃ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!