0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤»​។​

«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» គឺជា​គំនិត​ផ្តួចផ្តើម​របស់​ស​មេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បី​ជំរុញ​សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យទៅ​ជា​ខេត្ត​ដឹក​មុខ​ក្នុង​ការលើកស្ទួយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិការណ៍​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក និង​តំបន់​កំពុងតែ​បន្ត​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្ពស់​។​

«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» ត្រូវបាន​រៀបចំឡើង​ដោយ​ឈរ​លើ​ទស្សនទាន​គោល​ចំនួន​៤​រួមមាន​៖
​ទី​១៖ កែប្រែ​មុខមាត់​ខេត្ត​ព្រះសីហនុ ឱ្យទៅ​ជា​ខេត្ត​ដែល​មាន​មូលដ្ឋាន​សេដ្ឋកិច្ច ពឹងផ្អែក​លើ​ឧស្សាហកម្ម​, ទេសចរណ៍ និង​ការវិនិយោគ​
​ទី​២៖ ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង ដែល​ផ្តល់​លទ្ធផល​រហ័ស​
​ទី​៣៖ ដាក់ចេញ​នូវ​វិធានការ​អនុវត្ត​ជាក់ស្តែង ដែល​មាន​លក្ខណៈ​ជា​ការបំពេញបន្ថែម​ប្រកប​ដោយ​សង្គតិភាព ទៅ​នឹង​គោលនយោបាយ និង យុទ្ធសាស្ត្រ​នានា របស់​រាជរដ្ឋាភិបាល​

​ទី​៤៖ បង្កើន​ល្បឿន​នៃ​ការធ្វើ​បរិវត្ត​កម្ម និង ការអភិវឌ្ឍ​ឧស្សាហកម្ម ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យមាន​តម្លៃ​បន្ថែម និង មាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់ ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី សម្រេចបាន​លទ្ធផល​ការងារ​ជា​បន្តបន្ទាប់ ដែល​បង្ហាញឱ្យឃើញ​ពី​កិច្ចប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​។ សម្តេច​បាន​មានប្រសាសន៍​ទៀតថា កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤​នេះ ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ការវិនិយោគ ក៏ដូចជា​ការដោះស្រាយ​បញ្ហា​នានា ដែល​កំពុង​ប្រឈម និង​កំពុង​ជាប់គាំង ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យទៅ​ជា​ខេត្ត​ឈានមុខ ក្នុង​ការបង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​ប្រសើរ​។ សម្តេច​បាន​ថ្លែង​ទៀតថា «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤» ជា​ជំហាន​ជាក់ស្តែង​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​។ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ជា​គោលដៅ​ពិសេស​សម្រាប់​ការដោះស្រាយ ដូច្នេះ​ហើយ​បាន​រាជរដ្ឋាភិបាល​ដាក់ចេញ​កម្មវិធី​ពិសេស​ក្នុង​ខេត្ត​ទាំងពីរ​នេះ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកាត់បន្ថយ​តម្លៃ​ឡូ​ជី​ស្ទីក និង​ការស្តារ​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ នឹង​ជួយ​ដល់​ការវិនិយោគ និង​បញ្ហា​នៅ​តំបន់​ដទៃ​បាន​។ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យមាន​ប្រសិទ្ធភាព ត្រូវ​ប្រើ​យន្តការ​ជួយ​ពី​ថ្នាក់ជាតិ​។ កម្ពុជា​កំពុង​ពិចារណា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​សម្រាប់​តែ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​តែ​មួយ​។ កម្ពុជា​ត្រូវ​រៀបចំ​គោលនយោបាយ និង​លក្ខខណ្ឌ​វិនិយោគ​ឱ្យ​សមស្រប និង​បត់បែន​ទៅតាម​ការចង់បាន​របស់​អ្នកវិនិយោគ​។

​នៅថ្ងៃនេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​លើ​ចំណុច​សំខាន់ៗ​៖
១) សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​អំពី​គម្រោង​វិនិយោគ​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចខាងក្រោម​៖
-​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​, ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា រយៈពេល​៣​ឆ្នាំ​បន្ថែម​។
– ការលើកលែង​អាករ​លើ​តម្លៃ​បន្ថែម តាម​អត្រា​សូន្យ​ភាគរយ ចំពោះ​ការសាងសង់ បញ្ចប់ និង​ការជួសជុល​កែលម្អ​លើ​អគារ​ដែល​ជាប់គាំង​។
– ការលើកលែង​ពន្ធ​កាត់​ទុក លើ​ការជួល​អចលនទ្រព្យ រយៈពេល​៥​ឆ្នាំ​។​
– ការលើកលែង​ពន្ធ​អចលនទ្រព្យ និង​ការលើកលែង​ទណ្ឌកម្ម​រដ្ឋបាល​។​
– ការលើកលែង​ការបង់ថ្លៃ​សេវាសាធារណៈ និង​ថ្លៃ​លើ​សស​ន្ទ​ស្សន៍​ប្រើប្រាស់​ដី​ចំពោះ​ការស្នើសុំ​លិខិតអនុញ្ញាត​ពាក់ព័ន្ធ​នឹង​ការសាងសង់​។​
– ការសម្រួល​នីតិវិធី និង​បែបបទ នៃ​ការស្នើ​សុំ​លិខិតអនុញ្ញាត ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​ការងារ​សំណង់​
– ការផ្តល់​ការអនុគ្រោះ​លើ​ថ្លៃ​ត្រួតពិនិត្យ និង​ការបញ្ជាក់​ផ្សេងៗ​ពាក់ព័ន្ធ​សំណង់​
– ការសម្រួល​បែបបទ និង នីតិវិធី​វិនិយោគ និង​ធុរកិច្ច រួម​ទាំង​ការស្នើសុំ​អាជ្ញា​បណ្ណ វិញ្ញាបនបត្រ និង​លិខិតអនុញ្ញាត​នានា​។​
– ការរៀបចំ​គោលការណ៍ និង​ការសម្របសម្រួល​បង្កើត​ទីផ្សារ​លក់ឡៃ​ឡុង​អចលនទ្រព្យ ព្រម​ទាំង​ការផ្តល់​សេវា​ផ្គូផ្គង​វិនិយោគិន រួម​ទាំង​ការ​កំណត់​តម្លៃ​យោង សម្រាប់​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​។​
– ការជំរុញ​ការប្រើប្រាស់​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ស្រប​តាម​បទប្បញ្ញតិ​ច្បាប់ ចំពោះ​វិវាទ​ដែល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​។​

២) សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​អំពី​គម្រោង​វិនិយោគ ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចខាងក្រោម​៖
– ការសម្រួល​បែបបទ និង នីតិវិធី​វិនិយោគ និង ធុរកិច្ច រួម​ទាំង​ការស្នើសុំ​អាជ្ញា​បណ្ណ វិញ្ញាបនបត្រ និង​លិខិតអនុញ្ញាត​នានា​។​

– ការ​ផ្តល់​ការលើកទឹកចិត្ត​ពិសេស និង​ការអនុគ្រោះ​នានា ដូចជា ពន្ធអាករ​នាំចូល​, ពន្ធ​ប៉ាតង់​, ពន្ធ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​, ពន្ធ​កាត់​ទុក​លើ​ការជួល​អចលនទ្រព្យ និង​កម្រៃ សេវា​ចុះបញ្ជី ជាដើម ដល់​សហគ្រាស ដែល​មក​វិនិយោគ ឬ ធ្វើ​ធុរកិច្ច ក្នុង​ខេត្ដ​ព្រះសីហនុ​។​
– ការ​ផ្ដល់​ការលើកទឹកចិត្ត​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​, ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា រយៈពេល​៣​ឆ្នាំ​បន្ថែម សម្រាប់​គម្រោង​វិនិយោគ​មាន លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង សហគ្រាស​ធុន​តូច និង​មធ្យម ដែល​បាន​ចុះបញ្ជី ពន្ធដារ​។​
– ការអនុញ្ញាត​ឱ្យ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​អត្រា​សូន្យ​ភាគរយ សម្រាប់​សហគ្រាស ធុន​តូច និង មធ្យម ដែល​បាន​ចុះបញ្ជី​ពន្ធដារ ចំពោះ​ការទិញ​ធាតុ​ចូល​ផលិតកម្ម ដែល​ផលិត​ក្នុងស្រុក​។​

៣) សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​អំពី​ការពង្រីក​គម្រោង​វិនិយោគ និង​ធុរកិច្ច នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចខាងក្រោម​៖
– ការសម្រួល​នីតិវិធី​, បែបបទ និង​ការអនុញ្ញាត​ផ្សេងៗ សម្រាប់​បម្រើ​ដល់​ការអនុវត្ត​គម្រោង ឬ​សកម្មភាព​ពង្រីក​ការវិនិយោគ និង​/​ឬ ធុរកិច្ច​។
– ការ​ផ្ដល់​ការលើកទឹកចិត្ត និង​ការអនុគ្រោះ​នានា ដូចជា ពន្ធអាករ​នាំចូល​, ពន្ធ​ប៉ាតង់​, ពន្ធ​លើ​ផ្ទាំង​ផ្សព្វផ្សាយ និង​ពន្ធ​កាត់​ទុក​លើ​ការជួល​អចលនទ្រព្យ​ជាដើម ដល់​សហគ្រាស​ដែល​អនុវត្ត​គម្រោង ឬ សកម្មភាព​ពង្រីក​ការវិនិយោគ និង​/​ឬ ធុរកិច្ច​។​
– ការអនុញ្ញាត​ឱ្យ​យក ១៥០% គុណ​នឹង​ប្រាក់ចំណូល ដែល​ត្រូវ​ទទួល​បាន​ការលើក ទឹកចិត្ត​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​គណនា​ពន្ធ លើ​ប្រាក់​ចំណូល​។​
– ការលើកទឹកចិត្ត​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល រយៈពេល​៣​ឆ្នាំ ផ្អែក​តាម​សមាមាត្រ​នៃ​អត្រា​ទុន​ពង្រីក និង​ការអនុញ្ញាត​ឱ្យ​យក ១៥០% គុណ​នឹង​ប្រាក់ចំណូល ដែល​ត្រូវ​ទទួល​បាន​ការលើកទឹកចិត្ត​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​គណនា​ពន្ធ​លើ​ប្រាក់​ចំណូល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បន្ត​ទៀ​ថា ដើម្បី​ឱ្យ​ខេត្ត​ព្រះសីហនុ រក្សា​បាន​ការទាក់ទាញ សន្តិសុខ​ជា​កត្តា​ដែល​ត្រូវ​គិតគូរ បើ​គ្មាន​សន្តិសុខ​មិន​អាច​ទៅមុខ​បាន​នោះ​ទេ​។ សម្តេច​បន្តថា ប្រទេស​មហាអំណាច​ខ្លះ មាន​ចោរឆក់​ច្រើន​ជាង​នៅ​ភ្នំពេញ ទៀត ប៉ុន្តែ​ការផ្សព្វផ្សាយ​មួយចំនួន​មិន​ឆ្លើយតប​តថភាព​ពិត​នៅ​កម្ពុជា​។ ការផ្សព្វផ្សាយ​ដែល​មាន​ប្រសិទ្ធភាព គឺ​ការផ្សាយ​ពី​មាត់​មួយ ទៅ​មាត់​មួយ​។​

​សម្តេច បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ យកចិត្តទុកដាក់​លើ​សន្តិសុខ ជា​ពិសេស​គ្រឿងញៀន ហើយ​នៅ​ថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បញ្ជា​ឱ្យ​បិទ​ទីតាំង​ជួល​បាញ់កាំភ្លើង​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការបើក​ថ្មី​ទៀត​នោះឡើយ​។ អ្នក​មក​លេង​ខេត្ត​ព្រះសីហនុ មិនបាច់​មក​ហាត់​បាញ់​កាំភ្លើង​នោះ​ទេ គឺ​អ្នក​មក​លេង​ខេត្ត​ព្រះសីហនុ​ត្រូវ​ដើរ​លេង​នៅតាម​កោះ​នានា​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា បាន​ប្រើ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការបង្ហាញ​រូបភាព​សន្តិភាព​នៅ​កម្ពុជា តែ​បញ្ហា​សន្តិសុខ​រយៈពេល​ប្រមាណ​៦​ខែ បាន​បំផ្លាញ​រូបភាព​ល្អ​របស់​កម្ពុជា​។ សម្ដេច​ធិបតី​បានបញ្ជាក់​សារជាថ្មី​ថា សន្តិភាព ជា​តម្រូវការ​ធំ​សម្រាប់​ជាតិ ប៉ុន្តែ​មាន​សន្តិភាព​ហើយ គឺ​ត្រូវ​ធានា​ឱ្យបាន​នូវ​សន្តិសុខ​។​

​ជាមួយនឹង​ការប្រកាស ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤ ពី​ថ្ងៃនេះ​តទៅ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ថ្ងៃនេះ សូម​ទទួលបាន​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!