បាត់ដំបង ៖ អាវុធហត្ថក្រុងបាត់ដំបង បំបែកសំបុកលក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៤ នាក់ និងដកហូតថ្នាំញៀនម៉ាទឹកកក ៧ កញ្ចប់តូចនិងសម្ភារៈបញ្ជូនទៅ តុលាកានាថ្ងៃទី១១ខែតុលាឆ្នាំ២០១៤ចាត់ការតាមនិតិវិធី។
ជនសង្ស័យ ៤ នាក់អាវុធហត្ថឃាត់ខ្លួន កាលពីម៉ោង ៥:៣០ នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤នៅក្នុងផ្ទះមួយកន្លែង នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោក សំ វីឡុង មេបញ្ជារងអាវុធហត្ថ ក្រុងបាត់ដំបង បានឲ្យដឹងថា ក្រុមជនសង្ស័យ ប្រុសស្រី ៤ នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១ឈ្មោះ ដួង រីហ្វីន ភេទប្រុស អាយុ២៤ឆ្នាំមេខ្លោង រស់នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ទី២ឈ្មោះ ចាន់ សុម៉ាឡា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាព្រួចសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ។ ទី៣ ឈ្មោះ វ៉ាន់ សាវឿន ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង និងទី៤ឈ្មោះរឹទ្ធ រាត្រី ភេទស្រីអាយុ២៣ឆ្នាំ រស់នៅផ្ទះជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ វត្ថុតាងដែលដកហូតបានមានថ្នាំញៀនម៉ាទឹកកក ចំនួន ៧កញ្ចប់តូច ដាវសាម៉ូរ៉ៃចំនួន២ដើម សម្ភារៈវេចខ្ចប់ និងសម្រាប់ជក់ថ្នាំញៀន មួយ ចំនួនទៀត។
ក្រុមសង្ស័យបានសារភាពថា ពួកខ្លួនបានលក់ដូរថ្នាំញៀនយូខែមកហើយ ។
លោក សំ វីឡុង បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៤ នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅ តុលាការនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ចាត់ការតាមនិតិវិធី ៕