0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ឯកអគ្គរ​ដ្ឋ​ទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ឯកអគ្គរ​ដ្ឋ​ទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​

នា​ព្រឹក​ថ្ងៃ​ចន្ទ ១២​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ចា​ស្ទីន ខេ​វិន វ៉ា​យអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម ចា​ស្ទីន ខេ​វិន វ៉ា​យអេត បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិបតី​នៅ​សាធារណរដ្ឋ​បារាំង និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូ​ស សហព័ន្ធ​ស្វីស​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​បញ្ជាក់​ជូន​នូវ​ការបេ្តជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​
​កម្ពុជា​-​អូស្ត្រាលី ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា លើ​គ្រប់​វិស័យ បន្ថែមទៀត ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួល​អាកាសធាតុ និង​ការកសាង​សមត្ថភាព​ក្នុង​វិស័យ​ការពារ​ជាតិ​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ ឯកឧត្តម ចា​ស្ទីន ខេ​វិន វ៉ា​យអេត និង​សហការី ព្រមទាំង​បាន​សម្តែង​នូវ​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ និង​ជំនួយ​របស់​អូស្ត្រាលី​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ចាប់តាំងពី​ដំណើរការ​នៃ​ការស្វែងរក​នូវ​សុខ​សន្តិភាព​រហូតដល់​ពេលបច្ចុប្បន្ន​នេះ​។ ទន្ទឹមនឹងនេះ សម្ដេច​ធិបតី ក៏​បាន​បញ្ជាក់ជូន ឯកឧត្តម​អគ្គរដ្ឋទូត អំពី​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ភាព​ទាក់ទាញ​នៃ​ច្បាប់​ស្តីពី​វិនិយោគនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោលនយោបាយ​លើកទឹកចិត្ត​សម្រាប់​វិនិយោគិន និង​ធុរជន ដែល​ធានាបាន​នូវ​ភាព​អាច​ព្យាករណ៍​បាន និង​ភាពប្រាកដនិយម​ចំពោះ​បរិយាកាស​វិនិយោគ​ប្រកប​ដោយ​ភាពអនុគ្រោះ នៅ​កម្ពុជា​។ មុន​នឹង​បញ្ចប់ សម្តេច​ធិបតី និង ឯកឧត្តម​អគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​លើ​ការងារ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ជា​ផលប្រយោជន៍​រួម រវាង​កម្ពុជា​-​អូស្ត្រាលី ដែល​ទាំង​កម្ពុជា និង អូស្រា្តលី អាច​នឹង​បង្កើន និង​ពង្រឹង​នូវ​តួនាទី​របស់​ខ្លួន នៅក្នុង​វេទិកា​តំបន់ និង​សកល ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!