0

អគ្គនាយិកា​ក្រុមហ៊ុន​ទេសចរណ៍​លំដាប់​ពិភពលោក Trip.Com ប្តេជ្ញា​នាំ​ភ្ញៀវទេសចរ​ឱ្យបាន​កាន់តែ​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា​

អគ្គនាយិកា​ក្រុមហ៊ុន​ទេសចរណ៍​លំដាប់​ពិភពលោក Trip.Com ប្តេជ្ញា​នាំ​ភ្ញៀវទេសចរ​ឱ្យបាន​កាន់តែ​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី Jane Sun អគ្គនាយិកា​ក្រុមហ៊ុន Trip.com ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វីស ។​

​ក្នុង​ជំនួប​នេះ លោកស្រី Jane Sun បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​លោក​ស្រី និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​ជម្រាបជូន សម្តេច​ធិបតី អំពី​ដំណើរការ​អាជីវកម្ម និង​សក្តានុពល​របស់​ក្រុមហ៊ុន Trip.com ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​ផ្តោតជាសំខាន់​លើ​វិស័យ​ទេសចរណ៍ ។

​ជាមួយគ្នានេះ លោកស្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​គោលបំណង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​នៅ​កម្ពុជា ដើម្បី​នាំ​ភ្ញៀវទេសចរ​ឱ្យបាន​កាន់តែ​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ដ៏​ស្រស់ស្អាត និង​មាន​គោលដៅ​ទេសចរណ៍ ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​ជំនួប​ជាមួយ​លោក​ស្រី​អគ្គនាយិកា និង​សហការី និង​បាន​បង្ហាញ​នូវ​ការស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុងការ​ពង្រីក​សកម្មភាព​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​តាមរយៈ​កិច្ចសហការ​ជាមួយ​នឹង​បណ្តា​ក្រុមហ៊ុន​ដៃគូ​ក្នុងស្រុក ស្របពេល​ដែល​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ បាន និង​កំពុង​ដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ចាំបាច់ សំដៅ​ជំរុញ​កំណើន​នៃ​វិស័យ​ទេសចរណ៍ នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ។​

​គួរបញ្ជាក់​ថា Trip.com Group Limited គឺជា​វេបសាយ​ធ្វើដំណើរ​មួយ​ឈាន​មុខ​គេ​លើ​ពិភពលោក ដោយ​រួម​បញ្ចូល​នូវ​កញ្ចប់​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ដ៏​ទូលំទូលាយ សម្រាប់​ការធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ។

​អ្នកទេសចរ​ទូទាំង​ពិភពលោក ក៏​អាច​កក់​សេវាកម្ម​ទេសចរណ៍ ដូចជា សំបុត្រ​យន្តហោះ កន្លែង​ស្នាក់នៅ និង​សំបុត្រ​រថយន្ត​ជាដើម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​វេបសាយ Trip.com ហើយ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់​កម្ពុជា ក៏​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​ភាព​ជា​ដៃគូ​ជាមួយនឹង Trip.com ក្នុង​ការបង្កើត​អាកាសយានដ្ឋាន​ឆ្លាត​វៃ (smart airport) នៅក្នុង​ខេត្ត​សៀមរាប​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!