0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ​អឺរ៉ុប ប្រមាណ ២ ៥០០​នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ​អឺរ៉ុប ប្រមាណ ២ ៥០០​នាក់

នៅវេលា​ម៉ោង​៥​ល្ងាច​(​ម៉ោង​នៅ​ប៉ារីស​) ត្រូវ​នឹង​ម៉ោង​១១​យប់​(​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា ប្រមាណ ២៥០០​នាក់ នៅ​ទ្វីបអឺរ៉ុប ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។

​ពិធី​សំណេះសំណាល​រវាង សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​ពលរដ្ឋ​នា​ថ្ងៃនេះ គឺ​បាន​បន្ត​យ៉ាង​ខ្ជាប់ខ្ជួន​ពី សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​តែង​បាន​ផ្តល់​ពេលវេលា​ដើម្បី​ជួប​ជាមួយ​បងប្អូន​សហគមន៍​រស់​នៅតាម​បណ្តា​ក្រៅប្រទេស ហើយ​ក្នុងនោះ​តំបន់​អឺរ៉ុប ក៏​ត្រូវបាន​រៀបចំ​ជា​បន្តបន្ទាប់​។ គោលបំណង​សំខាន់​ក្នុង​ការជួបជុំ គឺ​ដើម្បី​សាកសួរ​សុខទុក្ខ និង​ផ្តល់​នូវ​ការ​សំណេះសំណាល​ប្រកបដោយ​ស្មារតី​ខ្មែរ​តែ​មួយ ជា​ពិសេស​ក៏​បាន​ឆ្លៀត​ឱកាស​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​សុខសន្តិភាព ការអភិវឌ្ឍ និង​សេចក្តីសុខសាន្ត​របស់​កម្ពុជា​។

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នេះ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ក្រុម​យុវជន​នៅ​ក្រៅប្រទេស ដែល​បាន​រៀបចំ​ជំនួប​សំណេះសំណាល នាពេលនេះ ព្រម​ទាំ​បានបញ្ជាក់​ថា​ការ​សំណេះសំណាល​នេះ ព្រមទាំង បាន​បន្ថែមថា ខ្មែរ​យើង​រស់​នៅ​ក្រៅប្រទេស តែង​ចង់ដឹង​អំពី​ស្ថានភាព​ប្រទេស​កម្ពុជា ដោយ​ចង់​ដឹង​ផ្ទាល់​ពី​នាយក​រដ្ឋមន្ត្រី ដែល​វប្បធម៌​នេះ មាន​តាំងពី​អំឡុង​សម្តេច​តេជោ កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ផងដែរ​។

​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា វត្តមាន​របស់​សម្តេច​នៅ​អឺរ៉ុប​រយៈពេល​៦​ថ្ងៃនេះ គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​នៅ​ដា​វ៉ូ​ស និង​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង ដោយ​សម្តេច​មាន​កម្មវិធី​ប្រជុំ​ប្រមាណ​៤០ ហើយ​ពេល​ខ្លះ សូម្បី​តែ​ម៉ោង​បាយ ក៏​ត្រូវ​ធ្វើឡើង​នៅ​លើ​យន្តហោះ​ដែរ ។ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្មវិធី​ច្រើន ហើយ​មមាញឹក​បែបនេះ មិនមែន​ដោយសារ​ជំនួយការ​នោះទេ តែ​ដោយសារ​ការសម្រេច​ចិត្ត​របស់​សម្តេច​ផ្ទាល់​តែម្តង ពីព្រោះថា បើ​ជំនួប​របស់ សម្តេច​ជា​មួយ​ដៃគូ​អន្តរជាតិ ត្រឹម​១៥​នាទី អាច​ទាក់ទាញ​ការវិនិយោគ​របស់​ពួក​គាត់​នៅ​កម្ពុជា នោះ​សម្តេច​ត្រូវតែ​ចំណាយពេល​ជួប ដោយ​មិន​ខ្វល់​ពី​ការនឿយហត់ ហើយ វត្តមាន​របស់​សម្តេច​នៅ​ក្រៅ​ប្រទេស​នា​ពេល​នេះ គឺជា​ការ​ដើរ​គាស់​ទ្វារ​អ្នក​ធុរកិច្ច ដើម្បី​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ស្វីស លើក​នេះ​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ផង​ដែរ​ថា ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​នៅ​ប្រទេស​បារាំង មាន​លក្ខណៈ​ពិសេស ដោយសារ​ប្រធានាធិបតី​បារាំង ជា​អ្នកចេញ​លិខិតអញ្ជើញ ព្រោះ​ធម្មតា គឺ​មាន​សម​ភាគី​ការទូត គឺ​បើ​នាយករដ្ឋមន្ត្រី ត្រូវ​អញ្ជើញ​ដោយ​នាយក​រដ្ឋមន្ត្រី​។ ហើយ​នៅ​ឆ្នាំ​២០២៦​ខាងមុខនេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ហ្វ្រង់​ហ្វូ​កូនី ខណៈ​ដែល​កម្ពុជា បាន​ដាក់​ជា​បេក្ខជន​រួចហើយ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចោទសួរ​ទៅ​អ្នក​ដែល​ចេញ​សារ ចង់ឱ្យ​រដ្ឋាភិបាល​បារាំង មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​កម្ពុជា តើ​ចំណេញ​អ្វី​ដល់​ជាតិ​?

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា អ្នកនយោបាយ​ចាស់វស្សា លែង​ហ៊ាន​រិះគន់​សម្តេច​ថា «​ជា​អ្នកនយោបាយ​មិនទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​» ទៀត​នោះ​ទេ ព្រោះ​ប្រធានាធិបតី​បារាំង មាន​អាយុ​ប្អូន​សម្តេច​ប៉ុន្មាន​ខែ​ទៅ​ទៀត ព្រមទាំង​បាន​ប្រាប់​ទៅ​អ្នកនយោបាយ​ចាស់វស្សា ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង ហើយ​មាន​សញ្ជាតិ​ពីរ គួរតែ​អបអរសាទរ​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បារាំង​ពេលនេះ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មិន​បន់​ឱ្យ​អ្នកនយោបាយ​នោះ​ស្រលាញ់​សម្តេច ឬ​ឈប់​រិះគន់​នោះ​ទេ ប៉ុន្តែ​គួរតែ​គិតថា នៅពេលណា​ដែល​មាន​ផលប្រយោជន៍​ជាតិ​រួម យើង​កុំ​ធ្វើឱ្យប៉ះពាល់​។

​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា បើ​ប្រជាជន​មិន​ជឿ​ទុកចិត្ត​លើ​ការបោះឆ្នោត ក៏​ពួកគាត់​មិន​ទៅ​បោះឆ្នោត​យ៉ាង​ច្រើន​លើសលប់​នៅ​ការ​ឆ្នោត​ឆ្នាំ​២០២៣​នោះដែរ ហើយ​ពេល​នោះ​ដែរ​គឺ​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​គគ្រឹកគគ្រេង គឺ​បញ្ជាក់​អំពី​ភាពជឿជាក់​ទៅលើ​ស្ថិរភាព​នៅ​កម្ពុជា​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​នៅ​អឺរ៉ុប ដែល​បាន​ទៅ​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា​។

​ពាក់ព័ន្ធ​ការផ្ទេរអំណាច​នៅ​ដើម​អាណត្តិ​ទី​៧​នេះ ក៏​បាន​ធ្វើឱ្យ​សម្តេច​ធិបតី មាន​ការភ្ញាក់ផ្អើល​ផងដែរ នេះ​ក៏​ដោយសារ​លទ្ធផល នៃ​ការបោះឆ្នោត ដែល​មាន​ប្រជាពលរដ្ឋ​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ច្រើន​ជាង​អាណត្តិ​កន្លងទៅ ហើយ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា ការផ្ទេរ​អំណាច​ដល់​យុវជន​បន្តវេន គឺ​ថ្នាក់​ដឹកនាំ​ជំនាន់​មុន ចង់​ឃើញ​ការថែរក្សា​សមិទ្ធផល​របស់​ពួកគាត់ រយៈពេល​៤០​ឆ្នាំកន្លងមក បន្ត​ទៅមុខ​ទៀត​ជាមួយ​ស្ថិរភាព​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ៤២​ខែ ចាប់តាំងពី​ឆ្នាំ​២០២០ ការឧបត្ថម្ភ​សាច់ប្រាក់ រាជរដ្ឋាភិបាល បាន​ចំណាយ​អស់​ជិត​១៣០០​លាន​ដុល្លារ​អាមេរិក ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៧​ម៉ឺន​គ្រួសារ ។ និង​ខណៈដែល​ពិភពលោក​មាន​បញ្ហា​២​ផ្ទួនគ្នា ដោយ​ជួប​ជាមួយ​ជំងឺ​រាតត្បាត និង​បញ្ហា​សេដ្ឋកិច្ច ដោយសារ​តែ​សង្គ្រាម​រុស្ស៉ី​-​អ៊ុ​យក្រែន ហើយ​បន្ត​ដល់​សង្គ្រាម​នៅ​មជ្ឈឹម​បូព៌ា​។ ហើយ​ចាប់តាំងពី​ឆ្នាំ​២០២២​មក រដ្ឋ​បាន​ជួយ​ប្រជាពលរដ្ឋ​ប្រមាណ​៤០​ម៉ឺន​គ្រួសារ​ផ្សេងទៀត ដែល​ប៉ះពាល់​ដោយសារ​អតិផរណា​។​

​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បានលើកឡើង​គោលនយោបាយ​របស់​កម្ពុ​ជា គឺ​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​អាច​រស់​ដោយ​ខ្លួនឯង ពិសេស​គោលដៅ​របស់​រដ្ឋាភិបាល​ថ្មី គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ឱ្យ​អត្រា​ក្រីក្រ ធ្លាក់ចុះ​នៅ​ក្រោម​១០​ភាគរយ តាមរយៈ​គោលនយោបាយ​បញ្ច​កោណ និង​ត្រូវ​ធ្វើឱ្យ​ប្រទេស​កម្ពុជា មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​អ្នកមាន​ឆ្នាំ​២០៥០​។

​ពាក់ព័ន្ធ​នឹង​ការ​ចំណាកស្រុក របស់​ប្រជាពលរដ្ឋ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ចោទសួរ​ថា តើ​ប្រទេស​ណា​ដែល​មិន​មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក​? ការចរចារ​ពាណិជ្ចកម្ម​សេរី គឺ​ដើម្បី​ចល័ត​មនុស្ស ការ​ប៉ះប៉ូវ​គ្នា​ទៅវិញទៅមក ទន្ទឹម​នឹង​នេះ​នៅក្នុង​ប្រទេស​វិញ ក៏​យើង​ត្រូវ​ការបង្កើត​ការងារ​ឱ្យបាន​ច្រើន ប៉ុន្តែ​ក៏​យើង​មិន​បិទ​សិទ្ធិ ប្រជាពលរដ្ឋ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នោះ​ដែរ​។

​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​បាន​បញ្ជាក់ថា ផលប្រយោជន៍​ដែល​កើតឡើង​ដោយ​ការខិតខំ​របស់​រាជរដ្ឋាភិបាល នឹង​បែងចែក​ស្មើ​គ្នា​ទៅ​ដល់​ប្រជាពលរដ្ឋ មិនមែន​មនុស្ស​មួយក្រុម​ដូច​ការចោទប្រកាន់​នោះទេ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​នាពេល​បច្ចុប្បន្ន មានលទ្ធភាព ទិញ​រថយន្ត និង​ទិញ​ផ្ទះ​ប្រើប្រាស់​។ រាជរដ្ឋាភិបាល មិន​ច្របាច់ក​ប្រជាពលរដ្ឋ​នោះ​ទេ ខណៈ​ដែល​កន្លង​ទៅ​មាន​ការវាយប្រហា​រថា រាជរដ្ឋាភិបាល​បន្ថែម​ពន្ធ​ថ្មី​។ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​បន្ថែមថា កន្លង​ទៅ​រាជរដ្ឋាភិបាល បាន​រក្សា​លំនឹង​តម្លៃ​អគ្គិសនី សុខចិត្ត​ខាត ដោយ​មិន​បាន​ដំឡើង ដូច​ប្រទេស​ដទៃ​នោះទេ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បញ្ជាក់​ផង​ដែរ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល អាណត្តិ​ទី​៧ គឺ​បាន​ចំណាយ​ថវិកា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ ទទួលបាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​១​លាន​៥​សែន​នាក់​។​

​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ថា ឆ្នាំ​២០២៤​នេះ សម្តេច​នឹង​មិន​ឱ្យ​រើស​មន្ត្រី​ថ្មី​នោះ​ទេ ហើយ​មួយវិញទៀត កងកម្លាំងប្រដាប់អាវុធ ទាំង​ទាហាន និង​ប៉ូលិស បើ​មាន​ប្រើប្រាស់​គ្រឿងញៀន ត្រូវតែ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​។ សម្តេច​ធិបតី ក៏​មិន​ជឿថា មន្ត្រី​រាជរដ្ឋាភិបាល ល្អ​ទាំងអស់​នោះ​ទេ ដូច្នេះហើយ បាន​ត្រូវ​មាន​អភិក្រម​ទាំង​៥ ហើយ​ការ​ដែល​ដក​អភិបាលក្រុង​កែប ដោយសារ​តែ​ការរំលោភ​អំណាច គឺជា​ការអនុវត្ត​អភិក្រម​ទី​៥​។​

​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ជនរួមជាតិ រួមគ្នា​កសាង​សមិទ្ធផល​ជាតិ និង​សុខសន្តិភាព កុំឱ្យ​មាន​សង្គ្រាម​កើតឡើង​ជា​ថ្មី និង​បាន​បញ្ជាក់ថា ទិវា​សន្តិភាព គឺ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយណា ដែល​ស្រលាញ់​សន្តិភាព និង​ស្អប់​សង្គ្រាម ហើយ​ត្រកូល ហ៊ុន ក៏​ជា​អ្នក​ស្រលាញ់​សន្តិភាព និង​ស្អប់​សង្គ្រាម​ដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!