0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ Jeffrey Sachs ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព នៃ​សាកលវិទ្យាល័យ Columbia និង ជា​អ្នកជំនាញ​សេដ្ឋកិច្ច​កម្រិត​ពិភពលោក ដ៏​ល្បីល្បាញ​មួយរូប ចូលជួប​សម្តែង​ការគួរសម​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ Jeffrey Sachs ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព នៃ​សាកលវិទ្យាល័យ Columbia និង ជា​អ្នកជំនាញ​សេដ្ឋកិច្ច​កម្រិត​ពិភពលោក ដ៏​ល្បីល្បាញ​មួយរូប ចូលជួប​សម្តែង​ការគួរសម​

រាជធានី​ភ្នំពេញ ថ្ងៃ​ពុធ ១៤ រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤
​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ Jeffrey Sachs ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព នៃ​សាកលវិទ្យាល័យ​កូឡុំប៊ី (Columbia) និង​ជា​ប្រធាន​ផ្នែក​ដោះស្រាយ​ការអភិវឌ្ឍ​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក​សាស្ត្រាចារ្យ Jeffrey Sachs បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​ឆ្លៀតពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូបលោក​សាស្ត្រាចារ្យ និង​ភរិយា ចូលជួប​សម្តែង​ការគួរសម បន្ទាប់​ពី​ជំនួប​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លងទៅ នៅ​ទីក្រុង​ញូយ៉ក ។ លោក​សាស្ត្រាចារ្យ បាន​គោរព​ជម្រាបជូន សម្តេច​ធិបតី ថា លោក​សាស្ត្រាចារ្យ មាន​ឆន្ទៈ​ដ៏​មុតមាំ និង បាន​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការចែករំលែក និង​ជួយ​ប្រទេស​កម្ពុជា នូវ​ទស្សនាទាន និង​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, ការអភិវឌ្ឍ​ប្រព័ន្ធ​ថាមពល​កកើត​ទ្បើង​វិញ ដោយ​ចីរភាព និង​ការកសាង​សេដ្ឋកិច្ច​ពណ៌​បៃតង ជាដើម ។
​ឆ្លៀត​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ក្រៅ​ផ្លូវការ​របស់​លោក​សាស្ត្រាចារ្យ នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក​សាស្ត្រាចារ្យ បាន​ចូលរួម​ជា​វាគ្មិន​កិត្តិយស ក្នុង​សិក្ខាសាលា​ស្តីពី «​ភាព​ធន់​នឹង​អាកាសធាតុ និង​អន្តរកាល​ថាមពល​៖ បច្ច័យ​សម្រាប់​កម្ពុជា​» ដែល​នឹង​រៀបចំ​ដោយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី (​គ​.​ស​.​វ​.) នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ ដោយ​មាន​មន្ត្រីជាន់ខ្ពស់ និង មន្ត្រី​ជំនាញ​កម្ពុជា ចូលរួម​ប្រមាណ ៤០០​នាក់​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​សាស្ត្រាចារ្យ Jeffrey Sachs និង​ភរិយា ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ក្រៅផ្លូវការ​នៅ​ប្រទេស​កម្ពុជា និង បាន​ថ្លែងអំណរគុណ ចំពោះ​ការអញ្ជើញ​ចូលរួម​របស់​លោក​សាស្ត្រាចារ្យ ជា​វាគ្មិន​កិត្តិយស ក្នុង​សិក្ខាសាលា​ខាងលើ ។ ព្រម​ជាមួយគ្នានេះ សម្តេច​ធិបតី មាន​ជំនឿ​យ៉ាង​មុតមាំ​ង​ថា មន្ត្រីជាន់ខ្ពស់ និង មន្ត្រី​ជំនាញ​កម្ពុជា នឹង​មាន​ឱកាស​បាន​សិក្សា​រៀនសូត្រ​បន្ថែម និង បាន​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក​សាស្ត្រាចារ្យ​។

​ជាទី​បញ្ចប់ សម្តេច​ធិបតី បាន​ជូនពរ​លោក​សាស្ត្រាចារ្យ Jeffrey Sachs និង​ភរិយា បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ប្រកបដោយ​ជោគជ័យ និង ផ្លែផ្កា និង ធ្វើដំណើរ​មាតុភូមិនិវត្តន៍​ដោយ​សុខ​សុវត្ថិភាព​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!