នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» រួចហើយនោះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអោយដឹងថា ជំនួបនាថ្ងៃនេះ មានកម្មករនិយោជិតចំនួន ១១,០០០នាក់ ស្ត្រីមានផ្ទៃពោះចំនួន ៥៥១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, បង្គុំខ្សែរភ្លើងចំនួន១, ប៉ាក់លើសម្លៀកបំពាក់ចំនួន១, បរិក្ខាអេឡិចត្រូនិកចំនួន១,ដំឡើងរថយន្ត និងបង្គុំខ្សែភ្លើងចំនួន១។
ឯកឧត្តមបន្តថា ជំនួបសំណេះសំណាលនេះ ជាកម្មវិធីលើកទី១១ ដែលសម្តេចធិបតីបានជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងនាមជានាយករដ្ឋមន្ត្រី។ គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១៨ម៉ឺននាក់។
នេះជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់បំផុតរបស់សម្ដេចធិបតី ចំពោះសុខទុក្ខកម្មករនិយោជិត។
ថ្លែងទៅកាន់អង្គពិធី សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន «សម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិតក្នុងខេត្តកោះកុង ដែលជាកម្មវិធីលើកដំបូងសម្រាប់ឆ្នាំថ្មី ២០២៤ នេះ។
សម្តេចធិបតី ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋខេត្តកោះកុងផងដែរ។ នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ ខេត្តកោះកុង ទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស។ សម្តេចបានថ្លែងទៀតថា រាជរដ្ឋាភិបាលដែលកើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបានគាំទ្រនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតអោយ។ សកម្មភាព និងគោលនយោបាយទាំងឡាយដែលបានដាក់ចេញ គឺដើម្បីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
សម្តេចធិបតីបានថ្លែងថា ខេត្តកោះកុងពីអតីតកាលហាក់បីដូចជាឆ្ងាយណាស់ ពីព្រោះគ្មានផ្លូវធ្វើដំណើរ មិនមែនមានស្ថានភាពដូចពេលបច្ចុប្បន្ននោះឡើយ ពេលនេះកោះកុងនឹងកាន់តែរស់រវើកនាពេលអនាគត។ សមិទ្ធផលកើតមានលើទឹកដីខេត្តកោះកុង គឺកើតចេញពីការប្រឹងប្រែង និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយសន្តិភាព គឺជាគោលនយោបាយដ៏ចាំបាច់នាំមកនូវការបញ្ចប់សង្គ្រាម និងការឯកភាពជាតិ ហើយនាំឱ្យមានការអភិវឌ្ឍន៍ខេត្តកោះកុង។ បើគ្មានសន្តិភាពច្បាស់ណាស់ កោះកុងគ្មានវត្តមានរោងចក្រ សហគ្រាសនោះឡើយ។ សម្តេចធិបតីបានបន្តថា ដើម្បីមានសន្តិភាព គឺផ្តើមចេញពីនយោបាយ ឈ្នះ-ឈ្នះ បង្កើតដោយសម្តេចតេជោ ហ៊ុន សែន។សម្តេចបានថ្លែងថា ទិវាសន្តិភាព២៩ធ្នូ គឺដើម្បីប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលស្អប់សង្គ្រាម និងស្រឡាញ់សន្តិភាព។ នរណាមិនសប្បាយចិត្តនឹង «ទិវាសន្តិភាព២៩ធ្នូ» គឺមិនបាច់ឈប់សម្រាកនៅថ្ងៃនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្ពុជារស់នៅដោយមានឯករាជ្យ និងអធិបតេយ្យជាតិ ដោយសារមាន៩ វិច្ឆិកា ដែលជាព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ។ ឆ្លើយតបនឹងការរិះគន់របស់ម្សៀក្បត់ជាតិតជំនាន់ សម រង្ស៉ី, សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា
ចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩ តើខ្មែរក្រហមបានស្លាប់ខ្មែរមែនឬទេ? ក្រោយរណសិរ្សសាមគ្គីសង្គ្រោះជាតិ បានផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពេលដែលខ្មែរក្រហមលែងសម្លាប់ពលរដ្ឋខ្មែរមែនទេ? ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នា១៩៧៩ គឺជាការបិទបញ្ចប់ការកាប់សម្លាប់របស់ខ្មែរក្រហម ហើយរំដោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់។
សម្តេចបន្តថា ក្រោយថ្ងៃផ្តួលរំលំរបបខ្មែរក្រហម គឺបាននាំឱ្យកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនដូចពេលបច្ចុប្បន្ន នេះជាសច្ចភាពប្រវត្តិសាស្ត្រ។ សម្តេចធិបតីបានថ្លែងថា ចុងទសវត្សរ៍ឆ្នាំ៧០ កម្ពុជាគ្មានជម្រើសស្វែងរកអ្នកជួយសង្គ្រោះនោះឡើយ ក្រៅពីប្រទេសវៀតណាម ខណៈច្បាប់មិនបើកផ្លូវឱ្យអង្គការសហប្រជាជាតិចូលមកជួយកម្ពុជានោះឡើយ។
សម្តេចធិបតីបានថ្លែងថា កុំយករឿងនយោបាយ មកបកស្រាយប្រវត្តិសាស្ត្រ ត្រូវយកទិដ្ឋភាពប្រវត្តិសាស្ត្រ មកបកស្រាយប្រវត្តិសាស្ត្រ ដើម្បីរកឃើញការពិត។ សម្តេចធិបតីបានប្រៀបធៀបស្ថានភាពជីវិតខ្មែរក្នុងសម័យខ្មែរក្រហម ជាពេលលិចទូកកណ្តាលទន្លេ កណ្តាលសមុទ្រ គឺគ្មានជម្រើសរើសអ្នកជួយនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់ពីពេលបច្ចុប្បន្ន ទៅអនាគត ត្រូវរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេស រក្សាឱ្យបាននូវសុខសន្តិភាព ទប់ស្កាត់កុំឱ្យមានសង្គ្រាមវិលត្រឡប់មកវិញ។
នៅថ្ងៃនេះ សម្តេចធិបតី បានថ្លែងថា សម្តេចសម្រេចដំឡើងឋានន្តរស័ក្តិជូនអ្នកប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ មួយចំនួន ដើម្បីជាការដឹងគុណការលះបង់របស់ពួកគាត់។ សម្តេចធិបតីបានថ្លែងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញប្រកាសកម្មវិធីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលនីតិកាលទី៧ មិនរង់ចាំពេលវេលា៣ខែ ទើបដាក់ចេញគោលនយោបាយនោះទេ ពោលក្រោយសភាផ្តល់សេចក្តីទុកចិត្តសម្តេចបានប្រកាស និងអនុវត្តន៍ភ្លាមៗតែម្តង។ ត្រូវប្រឹងរក្សាសមិទ្ធផលជំនាន់មុន ហើយបន្តប្រឹងប្រែងដើម្បីបន្សល់សមិទ្ធផលដល់អ្នកជំនាន់ក្រោយ។សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ក្រើនរំលឹកក្រសួងការងារយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញ មិនត្រូវយកលុយជាតិបង្កើតគម្រោង ហើយបណ្តុះបណ្តាលមិនមានគុណភាពនោះទេ។រយៈពេលប្រមាណជា៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលចំណាយជិត៥លានដុល្លារ សម្រាប់ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ។
ឱកាសនេះ ផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួនដែលបានចូលរួមចំណែកក្នុងកិច្ចការ សាងសង់ស្ពានកោះយ៉ និងការអភិវឌ្ឍន៍ខេត្តកោះកុងមួយចំនួនទៀត៕