0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​អបអរសាទរ​ខួប​៤៥​ឆ្នាំ ថ្ងៃ​ជ័យជម្នះ​៧​មករា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​អបអរសាទរ​ខួប​៤៥​ឆ្នាំ ថ្ងៃ​ជ័យជម្នះ​៧​មករា​

នៅ​ថ្ងៃ​អាទិត្យ ១១​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ,​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​សរុប​ជាង ២​ម៉ឺន​នាក់ បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤៥​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា​» ដែល​ជា​ថ្ងៃ​ដ៏​វិសេសវិសាល​សម្រាប់​ប្រជាជន​កម្ពុជា បាន​រួច​ជីវិត​ពី​រណ្តៅ​មរណៈ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ក្រោម​ការប្រយុទ្ធ​តស៊ូ​ដ៏​អង់អាច​ក្លាហាន របស់​យុទ្ធជន និង​យុទ្ធ​នារី ដឹកនាំ​របស់​ឥស្សរជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្ងៃ​៧ ខែ​មករា ឆ្នាំ ២០២៤ នេះ ជា​ថ្ងៃ​គម្រប់​ខួប ៤៥ ឆ្នាំ នៃ​ទិវា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន កម្ពុជា​លើ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ធ្វើឱ្យ​ប្រជាជាតិ​ខ្មែរ​បាន​រស់រាន​មានជីវិត​ឡើងវិញ​ទាន់ពេលវេលា រួចផុត​ពី​ទារុណកម្ម និង​អំពើ​កាប់សម្លាប់​ដ៏​សាហាវយង់ឃ្នង​បំផុត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជ័យជម្នះ ៧​មករា បាន​ដណ្ដើម​មក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង ដែល​ត្រូវ​បាត់បង់​ទាំង​ស្រុង​ក្នុង​របប​ប៉ុលពត​បញ្ចប់​សករាជ​ដ៏​ខ្មៅ ងងឹត​បំផុត​របស់​កម្ពុជា និង​បើក​ឡើង​នូវ​សករាជ​ថ្មី​គឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព សង្គម​។ បន្ទាប់​ពី​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​ឧបសគ្គ និង​ការលំបាក​រាប់​ម៉ឺន​សែន​ជំពូក​ប្រកបដោយ​ជោគជ័យ​ក្នុង​បុព្វហេតុ​ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន ស្តារ និង​កសាង​ជាតិ​ឡើងវិញ​ពី​គំនរ​ផេះផង់ រហូត​បាន​ចេញ​ផុត​ពី​ស្ថានភាព​ដែល​វិនាស​ខ្ទេចខ្ទី ឈាន​មកដល់​ដំណាក់ កាល​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្រោម​ម្លប់ នៃ​សន្តិភាព​ប្រកបដោយ​មោទនភាព​ជា​ទីបំផុត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ខួប​នៃ​ទិវា​ជ័យជម្នះ ៧​មករា នៅ​ឆ្នាំ​នេះ ប្រារព្ធ​ឡើង​ក្នុង​សភាពការណ៍​ដែល​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​សមិទ្ធផល​ធំៗ​ថ្មី​ទៀត​លើ​គ្រប់​វិស័យ បន្ទាប់​ពី​កម្ពុជា​បាន​យក​ឈ្នះ​លើ​សមរភូមិ​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ដែល​បង្ក​លក្ខណៈ​ឱ្យ​យើង​បាន​បើក ប្រទេស​ឡើងវិញ​ចាប់ពី​ចុងឆ្នាំ ២០២១​មក ហើយ​បាននិងកំពុង​បន្តដំណើរ​ទៅ​មុខ​ប្រកប​ដោយ​ភាព​ជឿជាក់​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទោះបី​ពេលវេលា​បាន​កន្លងផុតទៅ​រាប់សិប​ឆ្នាំ​ហើយ​ក៏​យើង​ទាំងអស់គ្នា​នៅតែ​ចងចាំ​ជានិច្ច​មិន​អាច បំភ្លេច​បាន​ឡើយ​នូវ​មហា​សោកនាដកម្ម និង​គ្រោះមហន្តរាយ​ដែល​ប្រជាជាតិ​យើង​បាន​ជួបប្រទះ​ពី​ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧៨​។ រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ របស់​ពួក លន់ នល់ តាម​ខ្សែ​ញាក់​របស់​បរទេស បាន​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា ធ្វើឱ្យ​ប្រទេស​ជាតិ​ត្រូវ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​យ៉ាង​សន្ធោរ​សន្ធៅ​បំផុត ដែល​បាន បំផ្លាញ​ខឿនសេដ្ឋកិច្ច សង្គម ឱ្យ​វិនាស​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ និង​បាន​សម្លាប់​ប្រជាជន​កម្ពុជា​អស់​ជិត​១​លាន​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ ១៩៧៧ សម្តេច​បាន​ចេញដំណើរ​ភៀសខ្លួន​ទៅ​ប្រទេស វៀតណាម ដើម្បី​ស្វែងរក​ការជួយឧបត្ថម្ភ​ក្នុង​ការតស៊ូ​រំដោះជាតិ និង​បាន​បង្កើត​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ ឧសភា ឆ្នាំ ១៩៧៨, នៅ​ថ្ងៃ​ទី ២៥ ខែ ឧសភា ឆ្នាំ ១៩៧៨ កងទ័ព និង ប្រជាជន​ទូទាំង​ភូមិភាគ​បូព៌ា​បាន​ក្រោកឈរ​ប្រឆាំង​នឹង​របប​ប៉ុលពត ក្រោម​ការដឹកនាំ​របស់​សម្ដេច ហេង សំរិន និង​សម្ដេច ជា ស៊ីម ព្រមទាំង​កម្លាំង​តស៊ូ​ប្រឆាំង ប៉ុលពត ៣​ភាគី​ទៀត​។ ការរួបរួម​នៃ​កម្លាំង​ទាំង​៥​ភាគី​នេះ បាន​ផ្ដល់​ឱកាស​ដល់​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នា​ថ្ងៃ ២ ធ្នូ ឆ្នាំ​១៩៧៨ ដែលជា​អង្គការ ចាត់តាំង​នយោបាយ​តែមួយគត់​របស់​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ការតស៊ូ​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​មាន​ការគាំទ្រ​ពី​ប្រជាជន​នៅ​ទូទាំង​ប្រទេស និង​ទទួលបាន​ការជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង ទាន់ពេលវេលា​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ព្រមទាំង​ការគាំទ្រ​ពី​កម្លាំង​ស្នេហា​សន្តិភាព និង​យុត្តិធម៌​នានា​នៅលើ​ពិភពលោក បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ សម្រេច​បាន​ជ័យជម្នះ​ជា​ប្រវត្តិ​សាស្ត នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែល​ត្រូវបាន​ប្រជាជន​កម្ពុជា​ប្រសិទ្ធ​នាម​ថា ជា «​ថ្ងៃកំណើត​ទី​២​របស់ខ្លួន​»​។ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បី​សម្រេច​ទាំងស្រុង​នូវ​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ការបង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា សម្តេច​បាន​ដាក់ចេញ និង​ដឹកនាំ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ និង​ការឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង ចាប់ពី​ចុងឆ្នាំ​១៩៩៨ មក​។ ជោគជ័យ​នៃ​នយោបាយ ឈ្នះ ឈ្នះ បាន​បញ្ចប់​សង្គ្រាម ការបែកបាក់​ជាតិ និង​ការបែងចែក​ទឹកដី ដែល​កម្ពុជា​បាន​ឆ្លងកាត់​អស់​រយៈកាល​ជាង​៥០០​ឆ្នាំ ចុងក្រោយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា សន្តិភាព​ដែល​កម្ពុជា​សម្រេចបាន​ដោយ​ខ្លួនឯង និង​ដោយ​គ្មាន​ការ​បង្ហូរឈាម​នេះ បាន​និង​កំពុង​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​យ៉ាង​រឹងមាំ​នៃ​ការអភិវឌ្ឍ​ស​សង្គម​-​សេដ្ឋកិច្ច កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ត្រូវបាន​ចុះហត្ថលេខា បន្ទាប់​ពី​ការចរចា​សន្តិភាព​អស់​រយៈពេល​ច្រើន​ឆ្នាំ និង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ឱ្យ​សម្រេចបាន​ជោគជ័យ​យ៉ាង​ធំធេង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការពិត​ជាក់ស្ដែង​បាន​បង្ហាញ​ច្បាស់​ថា រយៈពេល​៤៥​ឆ្នាំ​កន្លងទៅនេះ បន្ទាប់​ពី​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត កម្ពុជា​បាន​សម្រេច​នូវ​ការផ្លាស់ប្តូរ​យ៉ាង​ជ្រាលជ្រៅ​ដែល​ពុំ​នឹក​ស្មាន​ដល់ ជាពិសេស​ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​កម្ពុជា មាន​សន្តិភាព​ពេញលេញ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា សេដ្ឋកិច្ច​កម្ពុជា បាន​ងើប​ឡើងវិញ​យ៉ាង​រហ័ស និង​កំពុង​ឈាន​ទៅ​រក​ស្ថានភាព​កំណើន​ដូច​មុន​គ្រា​មាន​វិបត្តិកូ​វីដ​១៩​វិញ​, លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទិ្ធមនុស្ស និង​នីតិរដ្ឋ​កាន់តែ​បាន​ពង្រឹង និង​លើកកម្ពស់​ឥតឈប់ឈរ ជាពិសេស​ការប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​នូវ​ការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ បាន​ឆ្លុះបញ្ចាំង អំពី​ភាពចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​របស់​កម្ពុជា តាមរយៈ​ការចូលរួម​ដ៏​ច្រើន​លើសលប់​របស់​ប្រជាពលរដ្ឋ និង ភាពត្រឹមត្រូវ​តាម​ច្បាប់​នៃ​ការបោះឆ្នោត​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជ័យជម្នះ​ដ៏​ត្រចះត្រចង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការបោះឆ្នោត​នេះ បាន​ផ្តល់​លទ្ធភាព​ពេញ លេញ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រគល់​ភារកិច្ច​ដឹកនាំ​ដល់​ជួរ​អ្នក​បន្តវេន​វ័យក្មេង​ដ៏​មាន​សក្ដានុពល ដែល​គណបក្ស​បាន​អប់រំ​បណ្ដុះបណ្ដាល និង​ត្រៀមលក្ខណៈ​យ៉ាង​ម៉ត​ចត់​បំផុត ក្រោម​ការ​សាទរ និង​គាំទ្រ​យ៉ាង​កក់ក្ដៅ​ពី​ប្រជាជន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​កំពុង​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់បំផុត ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ ដើម្បី​ថែរក្សា ពូន​ជ្រំ​រាល់​សមិទ្ធផល​ជាតិ ជំរុញ​សន្ទុះ​កំណើនសេដ្ឋកិច្ច សំដៅ​ធ្វើឱ្យ​កម្ពុជា​ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​ធ​ម្យមកម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​កសាង​មូលដ្ឋាន​ឆ្ពោះ ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជោគជ័យ និង​ការសប្បាយ​រីករាយ​របស់​ប្រជាជន​កម្ពុជា​យើង​នៅ​ថ្ងៃនេះ គឺ​ពិតជា​ផ្តើមចេញ​ពី​ជ័យជម្នះ ៧​មករា បើ​គ្មាន​ជ័យជម្នះ​៧​មករា យើង​ពិតជា​មិន​អាចមាន​អ្វីៗ​ដូច​ថ្ងៃនេះ​ឡើយ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​។ ស្មារតី​៧​មករា ចារិក​ជាប់​ក្នុង​មនសិការ​របស់​ប្រជាពលរដ្ឋ កម្ពុជា​គ្រប់​រូប និង​បាន​ប្រែ​ក្លាយទៅជា​កម្លាំង មហា​សាមគ្គី​ជាតិ​ដើម្បី​កសាង និង​ការពារ​មាតុភូមិ​ប្រកបដោយ​វីរភាព ដែល​ធ្វើឱ្យ​ប្រជាជាតិ​យើង​បាន​ឈានឡើង ពី​ជ័យជម្នះ​មួយ​ទៅ​កាន់​ជ័យជម្នះ​មួយទៀត​ឥតឈប់ឈរ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា សន្តិភាព​មានតម្លៃ​ជាទីបំផុត ការបំផ្លាញ​សន្តិភាព​មិន​ពិបាក​ទេ តែ​ការបង្កើត​សន្តិភាព គឺ​ពិបាក​ណាស់ ពុំនោះសោត​រាប់​តំណ​មនុស្ស​ក៏​ពុំ​អាច​បង្កើត​សន្តិភាព​បាន​ដែរ​។ អាស្រ័យ​ហេតុ​នេះ​យើង​ត្រូវ​សាមគ្គី​គ្នា រួមចិត្ដ​តែមួយ​ដើម្បី​ថែរក្សា​សន្តិភាព​ដែល​រក​បាន​មក​ដោយ លំបាក​បំផុត​នេះ​ឱ្យ​គង់វង្ស​ឋិត​ថេរ មិន​ឱ្យ​អានុភាព​ណា​មក​បំផ្លាញ​បានឡើយ ទោះ​បី​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្ដី​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា សូម​អបអរសាទរ និង​គាំទ្រ​ទាំងស្រុង​នូវ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​កំណត់​យក ថ្ងៃទី ២៩ ខែ​ធ្នូ ជា​រៀងរាល់ឆ្នាំ ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ ជា​រយៈពេល​ដ៏​មាន​សារៈសំខាន់​បំផុត ក្នុង​ការពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន និង​សមធម៌ ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​រយៈពេល​មធ្យម​របស់​កម្ពុជា​នៅ​ឆ្នាំ​២០៣០ និង​រយៈពេល​វែង​នៅ​ឆ្នាំ​២០៥០​។​

​ក្នុងន័យ​នេះ​សម្រាប់​ឆ្នាំ ២០២៤​នេះ ត្រូវ​ប្រមូល​ធ្វើ​ឱ្យបាន​ល្អ​នូវ​ទិសដៅ​សំខាន់ៗ​ដូចខាងក្រោម​៖
១) ការ​ប្តូរផ្តាច់​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខ​សុវត្ថិភាព​សង្គម​ឱ្យបាន​រឹងមាំ ព្រម ទាំង​ការធានា​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង​របស់​ពលរដ្ឋ ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​
២) ការការពារ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារ​រាជបល្ល័ង្ក ការពារ​អង្គ​ព្រះមហាក្សត្រ​ជា​ទី សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត មិន​ឱ្យ​ជន​ណា​មក​បំពារបំពាន​បានឡើយ​
៣) ការជំរុញ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ឱ្យ​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​តាម​ការសង្ឃឹម និង​ជឿ​ទុកចិត្ត​របស់​ប្រជាជន​
៤) ការ​បន្ត​រក្សា​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដើម្បី​ធានា​ចីរភាព​នៃ​កំណើន​ប្រកប​ដោយ​បរិ​យាប​ន្ន តាមរយៈ ការគ្រប់គ្រង​អតិផរណា​ឱ្យ​ស្ថិតក្នុង​កម្រិត​សមស្រប និង​ការរក្សា​ស្ថិរភាព​អាត្រា​ប្តូរប្រាក់ ព្រមទាំង​ជំរុញ​ការកែ ទម្រង់​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​មុត​ស្រួច​
៥) ការរក្សា​លំនឹង​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន តាមរយៈ​ការអភិវឌ្ឍ និង​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ដែល​រួម​បញ្ចូល​នូវ​របប​ជំនួយ​សង្គម និង​របប​សន្តិសុខ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ដែល​ជួយ​គាំពារ ប្រជាជន​គ្រប់រូប ជា​ពិសេស​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ពី​គ្រោះអាសន្ន និង​វិបត្តិ​នានា ដោយ​មិន​ទុកឱ្យ​ប្រជាជន​ណា​ម្នាក់​ទទួល​រង​គ្រោះ​ដោយ​មិន​មាន​ការយកចិត្តទុកដាក់​នោះឡើយ​
៦) ការប្រមូល​កម្លាំង​សរុប​របស់​ជាតិ​ទាំងមូល ដើម្បី​កសាង​ប្រទេស និង​ការពារ​មាតុភូមិ​ស្របតាម ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ សំដៅ​សម្រេច​គោលដៅ​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​រយៈពេល​វែង ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​, ការពារ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​រួម​គ្នា​កម្ចាត់​នយោបាយ​ជ្រុលនិយម​ឱ្យ​ចេញផុត​ពី​កម្ពុជា តាមរយៈ​ការអនុវត្ត​កិច្ច ព្រមព្រៀង​អំពី​កិច្ចសហប្រតិបត្តិការ និង​សម្ព័ន្ធភាព​រវាង​បណ្ដា​គណបក្ស​នយោបាយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយ​គណបក្ស​ចំនួន ២៧ ផ្សេងទៀត កាលពី​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ ២០២៣ ក៏ដូចជា ការជំរុញ​អនុវត្ត​យន្តការ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ប្រកបដោយ​ប្រសិទ្ធភាព​
៧) ការគាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ និង​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឱ្យ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​
៨) ការបន្ត​ជំរុញ​អនុវត្ត​នូវ​នយោបាយ​ការ​បរទេស​ដោយ​ឈរ​លើ​មូលដ្ឋាន​ឯករាជ្យ និង​ច្បាប់​អន្តរជាតិ យកចិត្តទុកដាក់​ខ្ពស់​ដល់​ការថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង ក៏​ដូច​ជា​មួយ​ប្រទេស​ដៃគូ​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ព្រម​ទាំង​ការ បន្ត​ចូលរួម​សកម្ម​ដើម្បី​បុព្វហេតុ សន្តិភាព ស្ថិរភាព និង​ការប្រយុទ្ធ​នឹង​បញ្ហា​ប្រឈម​នានា​នៃ​ពិភពលោក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!