0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​អបអរសាទ​រការ​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​និង​ខួប​៥​ឆាំ្ន នៃ​ការកសាង​វិមាន​ឈ្នះ​ឈ្នះ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​អបអរសាទ​រការ​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​និង​ខួប​៥​ឆាំ្ន នៃ​ការកសាង​វិមាន​ឈ្នះ​ឈ្នះ​

​នៅ​ព្រឹក ថ្ងៃ​សុក្រ ២​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​ការ​ប្រារព្ធ​ខួប​លើក​ទី ២៥ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកប ដោយ​ជោគជ័យ​នយោបាយ ឈ្នះ ឈ្នះ និង​ខួប​៥​ឆាំ្ន​នៃ​ការកសាង​វិមាន ឈ្នះ ឈ្នះ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន ឈ្នះ ឈ្នះ​។​

​ការរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នយោបាយ​ឈ្នះ​ឈ្នះ​ជា​ការចងចាំ​នូវ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​នាំមក​នូវ​សន្តិភាព​និង​ការឯកភាព​ជាតិ​ពេញលេញ​និង​ការអភិវឌ្ឍ​ប្រទេសជាតិ​មកដល់​សព្វថ្ងៃនេះ ។ ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ស្រប​ជា មួយ​ខួប​៥​ឆ្នាំ​នៃ​ការកសាង​វិមាន​ឈ្នះ ឈ្នះ​ដែលជា​សំណង់​ប្រវត្តិសាស្ត្រ​ដើ ម្បី​រំឭក​ដល់​វីរភាព និង​គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​ផ្តួចផ្តើមឡើង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក និង​ជា​មគ្គុទ្ទេសក៍​ឯក​សន្តិភាព​នៃ​យើង​និង​ជា​ការបង្កើន​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ជាតិ និង​ស្មារតី​ស្រលាញ់​ជាតិ​មាតុភូមិ​ក្នុង​ការបន្ត​ថែ រក្សា​ស្ថិរភាព សន្តិសុខ និង​អភិវឌ្ឍន៍​ជាតិ មាតុភូមិ​យើង​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ​សាងសង់ វិមាន​ឈ្នះ ឈ្នះ ទាំងអស់​ដែល​បាន​ចំណាយ​ទាំង​កម្លាំងកាយ​ចិត្ត និង​ថវិកា​ក្នុង​ការកសាង​សង់​នូវ​វិមាន​ឈ្នះ ឈ្នះ ខណៈ​ការចំណាយ​ទាំងនេះ​គឺជា​ការបង្ហាញ​នូវ​ការ​សាមគ្គី​គ្នា​ក្នុង​ការលើកកម្ពស់ និង​ការកសាង​នូវ​មជ្ឈមណ្ឌល សម្រាប់​ផ្ទុក​នូវ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍ថា ការសាងសង់​នូវ​វិមាន​ឈ្នះ ឈ្នះ គឺ​ធ្វើឡើង​ដើម្បី​កូន​ខ្មែរ​ទាំងអស់​គ្នា គ្រប់​ជំនាន់​បាន​ចង់ចាំ​នូវ​តម្លៃ​សន្តិភាព តថភាព​ពិតប្រាកដ​របស់​កម្ពុជា ហើយ​ក៏​បង្ហាញ​នូវ​និមិត្តរូប នៃ​សន្តិភាព​របស់​កម្ពុជា​ឲ្យ​ស្ថិតស្ថេរ​ជា​រៀង​រហូត​ទៅ​ផងដែរ​។ សម្តេច​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ដែល​បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ក្នុង​ការចុះ​ស្រាវជ្រាវ​គ្រប់​ទីកន្លែង​នូវ​ប្រវត្តិសាស្ត្រ​ពិត​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​តួអង្គ​សំខាន់​ដ៏ទៃទៀត រហូត​ដល់​ការសាងសង់​នូវ​វិមាន ឈ្នះ ឈ្នះ សម្រាប់​ផ្ទុក​នូវ​ប្រវត្តិសាស្ត្រ​ទាំងនោះ ដើម្បី​បង្ហាញ​នូវ​តថភាព​ពិតប្រាកដ​របស់​កម្ពុជា ទាំង​ភាព​ជួរ​ចត់ និង​ភាពជោគជ័យ​នោះ​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ការសាងសង់​នូវ​វិមាន​ឈ្នះ ឈ្នះ គឺ​ធ្វើឡើង​ដើម្បី​កូន​ខ្មែរ​ទាំងអស់​គ្នា​គ្រប់​ជំនាន់​ចង់ចាំ​នូវ​តម្លៃ​សន្តិភាព​តថភាព​ពិតប្រាកដ របស់​កម្ពុជា ហើយ​ក៏​បង្ហាញ​នូវ​និមិត្តរូប​នៃ​សន្តិភាព​របស់​កម្ពុជា​ឲ្យ​ស្ថិតស្ថេរ​ជា​រៀង​រហូត​ទៅ​ផងដែរ​។ ការសាងសង់​នូវ​វិមាន​ឈ្នះ ឈ្នះ មិនមែន​សាងសង់ឡើង​ដើម្បី​សម្រាប់​ទុក​នូវ​ប្រវត្តិសាស្ត្រ​បុគ្គល​ណា​ម្នាក់​នោះទេ មិនមែន​ធ្វើ​ឡើង​សម្រាប់​តែ​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នោះទេ គឺ​ធ្វើឡើង​ដើម្បី​ជា​ការបង្ហាញ និង​ទុកជា​តឹកតាង​នូវ​ប្រវត្តិសាស្ត្រ​ពិតប្រាកដ​របស់​កម្ពុជា​ដែល​បាន​កើតឡើង​ពី​អតីតកាល សម្រាប់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​បាន​ដឹង​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បានបញ្ជាក់​អះអាងថា នយោបាយ ឈ្នះ ឈ្នះ បាន​ជោគជ័យ​រហូតដល់​ពេល​នេះ គឺ​កើត​ចេញពី​ការដាក់ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដោយ​មាន​ការចូលរួម​របស់​ប្រតិបត្តិ​ករ​ស្នូល ប្រតិបត្តិ​ករ​ផ្សេង​ទៀត​រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ដែរ​។ សម្តេច​បាន​ចោទ​ជា​សំណួរ​ថា ប្រសិន​បើ​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ កម្ពុជា​ពុំ​មាន​សុខ​សន្តិភាព​ទេ តើ​មាន​ទាហាន នគរបាល ឬ​បងប្អូន​ទាំងអស់​ដែល​កំពុង​ឈរ​នៅ​ទីនេះ​មាន​ប៉ុន្មាន​នាក់ ខណៈ វត្តមាន​របស់​បងប្អូន​នៅទីនេះ បាន​គឺជា​ផល​លាភ​ដែល​បាន​កើតឡើង​ចេញពី​សុខ​សន្តិភាព​នេះហើយ​នោះ​។​

​សម្តេច​ធិបតី បាន​ថ្លែងថា ប្រសិនបើ​មិន​មាន​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ទេ តើ​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ មាន​ខេត្ត​ណា​ខ្លះ​ទៅ​ដែល​នឹង​ត្រូវ​ប្រកាសថា ជា​ខេត្ត​គ្មាន​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​? នេះ​ជា​សំណួរ​ដែល​ត្រូវ ចោទសួរ​យើងទាំងអស់គ្នា​?​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៀតថា សុខ​សន្តិភាព​បង្ករ​ជម្រើស បង្កើត​ឱកាស​ដល់​កូនចៅ​ខ្មែរ​គ្រប់រូប ហើយ​ផល​លាភ​នៃ​សុខសន្តិភាព​នេះ មិនមែន​បាន​ត្រឹមតែ​បច្ចុប្បន្ន​នោះ​ទេ គឺ​បាន​ផល​ដល់​កូន​ខ្មែរ​គ្រប់​ជំនាន់ និង​ជា​រៀង​រហូត​ត​ទៅ​។​

​សម្តេច​ធិបតី បាន​អះអាង​ថា រាជរដ្ឋាភិបាល​មាន​មហិច្ឆតា​ខ្ពស់បំផុត ក្នុង​ការលើកស្ទួយ​កិត្យានុភាព​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ខ្ពស់ត្រដែត​ឡើង​បន្ថែមទៀត​នៅលើ ឆាក​អន្តរជាតិ និង​បាន​ដាក់ចេញ​នូវ​គោលដៅ​ច្បាស់លាស់​ក្នុង​ឆ្នាំ​២០៥០ ជា​ប្រទេស​ចំណូល​កម្រិត​ខ្ពស់ ខណៈ មហិច្ឆតា​ទាំងនេះ គឺ​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេសជាតិ​ទាំងមូល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន ណែនាំ​ឱ្យ​បន្ត​សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​ដំណើរ​នៃ​ការស្វែងរក​សុខសន្តិភាព និង​ការបិទ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា និង​បន្ត​ផ្សព្វផ្សាយ​ខ្លឹមសារ​គោល​នយោបាយ​ឈ្នះ ឈ្នះ ជា​បន្ត​ទៀត​។ ជាមួយគ្នា​នោះ សម្តេច​ធិបតី ក៏​បាន​ណែនាំ​ឱ្យ​បន្ត​សាងសង់​វិមាន ឈ្នះ ឈ្នះ និង​រៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា នៅតាម​តំបន់​សំខាន់ៗ​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!