ប៉ៃលិន ៖ ក្រុមចោរគាស់ផ្ទះ ចូលយកមាសប្រាក់ និងសម្ភារៈអស់ជាច្រើន ទាំងថ្ងៃ ពេលម្ចាស់ផ្ទះទៅចំការ ហើយគេចខ្លួនដោយសុវត្ថិភាព កាលម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ចំណុចភូមិអូរច្រា លើសង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
នគរបាលក្រុងប៉ៃលិន បានអោយដឹងថា ម្ចាស់ផ្ទះជាជនរងគ្រោះ មានឈ្មោះ ស សម្បត្តិ អាយុ ៥៣ ឆ្នាំ ជាប្តី និងឈ្មោះ ឃីម ប៉ិច អាយុ៤៥ឆ្នាំ ជាប្រពន្ធ មានទីលំនៅក្នុងភូមិកើតហេតុ ។ មាសប្រាក់ដែលបាត់បង់មាន ៖ ប្រាក់ថៃ ចំនួន ១៥ ម៉ឺនបាត ប្រាក់អាមេរិកាំង ចំនួន ៥ ពាន់ដុល្លា គ្រឿងអលង្កកា លោហៈធាតុ ពណ៌លឿង និងពណ៌ស ចំនួន១០តម្លឹង ព្រមទាំងសម្ភារៈមួយចំនួនទៀត ។
គ្រួសារជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពេលពួកគាត់ឡើង ពីចំការមករកបាយទឹកនៅផ្ទះ ស្រាប់តែឃើញផ្ទះបើកទ្វារចំហ ហើយឥវ៉ាន់រាយប៉ាយពេញផ្ទះ សង្ស័យថា មានគេចូលលួចទ្រព្យសម្បត្តិ រួចប្តឹងសមត្ថកិច្ចតែម្តង ។
នគរបាលក្រុងប៉ៃលិន បានបញ្ជាក់ថា ក្រុមចោរមានគ្នាប្រហែល ២ ទៅ ៣ នាក់ធ្វើសកម្មភាពគាស់ផ្ទះ យកទ្រព្យសម្បត្តិ ហើយសមត្ថកិច្ច និងប្រឹងប្រែងស្វែងរកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕