0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​

(​រដ្ឋធានី​ហាណូយ​)៖ នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម ផាម មិ​ញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ០២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម ផាម មិ​ញជិញ បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ ក្នុងនាម​នាយក​រដ្ឋមន្ត្រី របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ចំពោះ សម្តេច​ធិបតី ផ្ទាល់ ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។ ទន្ទឹមនឹងនេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការគូសបញ្ជាក់​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​ធិបតី នា​ឱកាស​នេះ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម នឹង​កាន់តែ​រីកចម្រើន​រឹងមាំ ស្រប​តាម​ស្មារតី​នៃ​ភាព​ជា​អ្នកជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុយជ្រោយ និង​ស្ថិរភាព​យូរអង្វែង ។ ជាងនេះទៀត ឯកឧត្តម​នាយករដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការជឿជាក់​ផងដែរ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេចនាយក​រដ្ឋមន្ត្រី នោះ​នាវា​កម្ពុជា​នឹង​កាន់តែ​អភិវឌ្ឍ​ខ្លាំងក្លា​ទៅមុខ​បន្ថែមទៀត ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​២០៥០ ជាក់​ជាមិនខាន ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​នេះ និង​បាន​ថ្លែងអំណរគុណ ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១ របស់ សម្តេច​ធិបតី ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ឱកាស​នេះ ។ ជាមួយគ្នានេះ សម្តេច​ធិបតី ក៏​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ផងដែរ ។​

​សម​ភាគី​ទាំងពីរ បាន​ជម្រាបជូន​គ្នា​ទៅវិញទៅមក​អំពី​ស្ថានភាព​នៃ​ប្រទេស​ទាំង​ពីរ ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច ក៏ដូចជា​បាន​ធ្វើ​ការពិភាក្សា និង​វាយតម្លៃ​លើ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​រយៈកាល​កន្លងមក ព្រម​ជាមួយ​នឹង​ការដាក់ចេញ​នូវ​ទិសដៅ​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឱ្យ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​បន្ថែមទៀត ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ជាតិ និង​ប្រជាជន​ទាំងពីរ ជាពិសេស​វិស័យ​នយោបាយ​, ពាណិជ្ជកម្ម​, វិនិយោគ​, ទេសចរណ៍​, សុខាភិបាល​, អប់រំ​, ការតភ្ជាប់​, ការពារជាតិ​, សន្តិសុខ​, ការងារ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន ។ ទន្ទឹមគ្នានេះ សម​ភាគី​ទាំងពីរ ក៏​បាន​ផ្លាស់ប្តូរ​យោបល់​ផង​ដែរ​អំពី​កិច្ចការ​តំបន់ និង​សាកល ដោយ​បាន​បង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​លើ​វេទិកា​អន្តរជាតិ​នានា ដូចជា ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​, អាស៊ាន និង​អនុតំបន់​មេគង្គ ជាដើម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!