បាត់ដំបង ៖ ស្នេហាត្រីកោណ បុរសម្នាក់ជានគរបាលនាយរង ប៉ុស្តិ៍សឿ សាហាយស្មន់ប្រពន្ធមិត្តភ័ក្ត្រ រួចនាំនាងស្រីកំណាន់មកលេងពិធីបុណ្យអ៊ុំទូកប្រពៃណី នៅក្រុងបាត់ដំបង ដើម្បីក្រេបទឹកឃ្មុំផងនោះ ត្រូវបុរសប្តីដើមតាមទាន់ បញ្ចេញកំហឹងយកដែកជំពុះទង់ចាក់ពីក្រោយខ្នងបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងជាង ៨ យប់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៤នៅបាត់ដំបងក្បែរស្ពានថ្ម ស ខេង ត្រើយខាងលិច ស្ថិតក្នុងក្រុមទី៨ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សហការគ្នាឃាត់ខ្លួនឃាតក កាលពីវេលាម៉ោងជាង ១១យប់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៤ នៅចំណុចផ្ទះជនសង្ស័យមួយកន្លែងស្ថិតក្នុងភូមិបស់ឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ជេត វណ្ណនី ស្នងការងទទួលបន្ទុកនគរបាលយុត្តិធម៌នគរបាលខេត្តបាត់ដំបង បា
នឲ្យដឹងថា ឃាតកដៃដល់ ដែលនគរបាលឃាត់ខ្លួនឈ្មោះ ហែម ហឿត អាយុ៣៦ឆ្នាំ ជាប្តីរបស់ឈ្មោះ មឹង កញ្ញា ហៅ លីន អាយុ ៣២ ឆ្នាំ របរអ៊ុតសក់នៅក្រុងបាត់ដំបង ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានដកហូតបានវត្ថុតាងកាំបិតចំពុះទង់ ចំនួន១ដើម ។ ចំណែកជនរងគ្រោះស្លាប់ មានឈ្មោះ ស្រី វណ្ណរ៉ា អាយុ ៣៧ ឆ្នាំ ជានាយរងនគរបាលប៉ុស្ដិ៍ឃុំសឿ មាន មិនទាន់លែងលះ ឈ្មោះ ផៃ សាលី អាយុ ៣២ ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ឃាតក ឈ្មោះ ហែម ហឿត បានសារភាពប្រាប់នគរបាលថា តាំងពីអ្នកស្រុកប្រាប់ថា ប្រពន្ធឈ្មោះ មឹង កញ្ញា ហៅ លីន មានសាហាយស្មន់ជាមួយឈ្មោះ ស្រី វណ្ណរ៉ានាយរងនគរបាលប៉ុស្ដិ៍ឃុំ សឿ ។ ខ្លួនបានសុំប្រពន្ធលែងលះតាមច្បាប់ និងប្រាប់ជនរងគ្រោះ អោយឈប់ទាក់ទងប្រពន្ធខ្លួន តែគេទាំង២នាក់នៅតែផិតក្បត់ចិត្តទៅលួចសាហាយស្មន់ជាមួយគ្នាដដែល គិតទៅអស់ពេល២ឆ្នាំមកហើយ ខ្លួនក៏ប្តឹងសមត្ថកិច្ចទៀត គេមិនធ្វើការអោយ ។ នៅថ្ងៃកើតហេតុ ខ្លួនបានទូរស័ព្ទទៅជនរងគ្រោះឈ្មោះ ស្រី វណ្ណរ៉ាថា នៅឯណា គេឆ្លើយថានៅភ្នំពេញ! ។ តាមពិតខ្លួនទទួលដំណឹងថា ពួកគេមកខេត្តបាត់ដំបងច្បាស់ ទើបមកឃ្លាំមើល ក៏ឃើញឈ្មោះ ស្រី វណ្ណរ៉ា ជិះម៉ូតូក្នុងក្រុងបាត់ដំបង ខុសពីចម្លើយក្នុងទូរស័ព្ទ ខ្លួនខឹងខ្លាំង ក៏យកចំពុះទង់ចាក់ជនរងគ្រោះតែម្តង ។
លោក ជេត វណ្ណនី បានបន្តថា នាយរងប៉ុស្តិ៍ឃុំសឿបើកម៉ូតូឌុបស្រីទៅផ្ទះសំណាក់ ៩៩៩ រួចជិះម្នាក់ឯងត្រឡប់មកវិញ ដើម្បីទិញខ្សែក្រវ៉ាត់ ក៏ត្រូវជនដៃដល់ចាក់ពីក្រោយខ្នងតែម្តង ។ ក្រោយមកកម្លាំងបានស្រាវជ្រាវ និងបានហៅមនុស្សពាក់ព័ន្ធជាច្រើននាក់មកសាកសួរនិងបានកំណត់មុខសញ្ញាឃាតកសង្ស័យ ឈានទៅឃាត់ខ្លួនយកមកសាកសួរ ប៉ុន្តែជនសង្ស័យមិនសហការភ្លាមៗទេ គឺកម្លាំងស៊ើបអង្កេត រហូតជិត ២៤ ម៉ោង ទើបជនសង្ស័យព្រមសារភាពថា រូបគេបានប្រព្រឹត្តតែម្នាក់ឯងទេ គ្មានអ្នកពាក់ព័ន្ធឡើយ ។ ករណីនេះនគរបាលនៅតែដាក់ការសង្ស័យថា មិនអាចជនសង្ស័យប្រព្រឹត្តម្នាក់ឯងបានទេ ព្រោះពេលកើតហេតុអាចមានអ្នកចូលរួមធ្វើសកម្មភាព ។ ករណីនេះ ប៉ូលិសកំពង់ធ្វើការស្រាវជ្រាវបន្តនៅឡើយដើម្បីឈានទៅរកមនុស្សពាក់ព័ន្ធចូលរួមធ្វើសកម្មភាពឃាតកម្មនេះទៀត ។
លោកជេត វណ្ណនី ស្នងការងនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការបាត់ដំបងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕