ផ្ទៃដីទំហំទទឹង ២៩០ម៉ែត្រ និងបណ្តោយប្រវែង ៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំខ្នារ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ប្តឹងទៅអាជ្ញាធរខេត្ត ដើម្បីគ្រប់គ្រងទៅតាមផ្លូវច្បាប់ ជាការរំលោភយកដោយត្រង់ៗ ដោយសំអាងទៅលើលិខិតស្នាម ។
លោក អ៊ិន ឡាន ជាជនរងគ្រោះ និងជាម្ចាស់ដីបានមានប្រសាសន៍កាលពីពេលថ្មីៗនេះឱ្យដឹងថា ដីមួយ កន្លែងទទឹងប្រវែង ២៩០ម៉ែត្រ និងបណ្តោយប្រវែង ៣៩០ម៉ែត្រ លោកបានកាន់កាប់ចាប់តាំងពីឆ្នាំ ១៩៧៩ រហូត មកដល់ឆ្នាំ២០១៤ នេះ ដោយមានការទទួលស្គាល់ពីសំណាក់អាជ្ញាធរដែនដី តែពុំមានលិខិតស្នាមក្នុងការគ្រប់ គ្រងដីធ្លីនោះទេ ។
លោក អ៊ិន ឡាន បានបន្តឱ្យដឹងទៀតថា ដីដែលលោកគ្រប់គ្រងនេះលោកបានដាំស្រូវតាមលក្ខណៈជនជាតិ ភាគតិច ពីឆ្នាំ ១៩៧៩ រហូតមកដល់ខែកក្កដា ឆ្នាំ២០១៤ ស្រាប់តែលេចមុខបុរសឈ្មោះ ជ័យ ចំរើន មកធ្វើការវាស់ វែងដី ហើយបានធ្វើលិខិតស្នាមស្របច្បាប់ដើម្បីគ្រប់គ្រងដីរបស់លោកទៅវិញ ។
ប្រភពជនរងគ្រោះបានបន្តឱ្យដឹងទៀតថា ឈ្មោះ ជ័យ ចំរើន បានធ្វើប្លង់កាន់កាប់ស្របច្បាប់ ដោយមានអតីតមេឃុំស្តៅ ជាអ្នកចេញមុខចុះហត្ថលេខា រីឯប្រធានភូមិខ្នារ មិនបានចុះហត្ថលេខាទទួលស្គាល់ឈ្មោះ ជ័យ ចំរើន ជាម្ចាស់កម្មសិទ្ធិលើដី មួយកន្លែងនេះឡើយ ។
លោកបានបន្តឱ្យដឹងទៀតថា ឈ្មោះ ជ័យ ចំរើន បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តព្រះវិហារ តែត្រូវ បានរុញច្រានមកឱ្យអាជ្ញាធរខេត្តធ្វើការដោះស្រាយ ។ លោកអភិបាលខេត្តព្រះវិហារទទួលបន្ទុកដោះស្រាយវាទដីធ្លី បានរុញសំណុំរឿងរបស់ ជ័យ ចំរើន មកឱ្យថ្នាក់ស្រុកសង្គមថ្មី ធ្វើការដោះស្រាយ និងធ្វើការសម្របសម្រួលរវាង ដើមចោទ និងចុងចម្លើយ ។
ប្រភពប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ នេត ឡាត់ បានឱ្យដឹងដែរថា ឈ្មោះ ជ័យ ចំរើន នេះបានធ្វើលិខិត ស្នាមរំលោភយកដីរបស់លោកទំហំទទឹងប្រវែង ៥០ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី កាលពីខែកក្កដា ឆ្នាំ២០១៤ ដោយធ្វើលិខិតស្នាម និងប្តឹងទៅតុលាការដូចសំណុំរឿងរបស់លោក អ៊ិន ឡាន ផងដែរ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ដីរបស់លោកជាប្រភេទដីស្រែ លោកបានកាន់កាប់តាំងពីឆ្នាំ ១៩៨២ ព្រមទាំងមានមេភូមិ និងប្រជាពលរដ្ឋទទួលស្គាល់ផងដែរ ។ ក៏ប៉ុន្តែឈ្មោះ ជ័យ ចំរើន នេះបានមកវាស់វែងដី ហើយធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ធ្វើជាម្ចាស់កម្មសិទ្ធិដូចករណីលោក អ៊ិន ឡាន ហើយការរំលោភយកដីរបស់ឈ្មោះ ជ័យ ចំរើន នេះគឺស្របពេលតែមួយហើយផ្ទៃដីរបស់លោក និងដីរបស់ អ៊ិន ឡាន នៅជាប់ព្រំគ្នាហើយត្រូវបាន ឈ្មោះ ជ័យ ចំរើន រំលោភយកទាំងអស់ ។
ប្រភពលោកស្រី នេត ឡាត់ បានឱ្យដឹងទៀតថា រូបលោកជាជនរងគ្រោះរស់នៅសព្វថ្ងៃ អាស្រ័យលើដីមួយដុំ នេះ ធ្វើស្រែចិញ្ចឹមគ្រួសារ ។ ប្រសិនបើអស់ដីមួយដុំនេះ គ្រួសាររបស់លោកពិតជាពុំមានអ្វី ជាទីពឹងទៀតឡើយ ។ លោកបានបន្តឱ្យដឹងទៀតថា ដំណោះស្រាយដីរបស់លោកអាចនឹងធ្វើឡើងជាថ្មីទៀត គឺធ្វើនៅថ្នាក់ស្រុកសង្គមថ្មី ។ ប្រសិនបើធ្វើការដោះស្រាយពុំទទួលបានលទ្ធផលទេនោះ សំណុំរឿងនេះនឹង រុញទៅថ្នាក់ខេត្តធ្វើការដោះស្រាយ ។ រីឯជម្រើសចុងក្រោយ គឺជាសមត្ថកិច្ចរបស់តុលាការដែលជាអំណាចទី ៣ ដើម្បីធ្វើការសម្រេច ។
ទាក់ទិនទៅនឹងការរំលោភយកដីរបស់លោក អ៊ិន ឡាន និងលោកស្រី នេត ឡាត់ ពីសំណាក់ឈ្មោះ ជ័យ ចំរើន នេះប្រជាពលរដ្ឋរស់នៅស្រុកសង្គមថ្មីចំនួន ៥៨គ្រួសារ បានផ្តិតសាមមេដៃគាំទ្រ និងទទួលស្គាល់ថា ដីមានទំនាស់នេះ ជារបស់លោក អ៊ិន ឡាន និងអ្នកស្រី នេត ឡាត់ ពិតប្រាកដមែន ។
ជនរងគ្រោះទាំងពីររូបបានសំណូមពរដល់អាជ្ញាធរស្រុកខេត្តព្រះវិហារ មេត្តាផ្តល់នូវភាព យុត្តិធម៌ដល់ គ្រួសាររបស់លោកជាពិសេសមន្ត្រីជំនាញសុរិយោដីស្រុកសង្គមថ្មី និងលោកប្រធានមន្ទីរដែនដីនគរូបនីយ៍កម្មសំណង់ និងសុរិយោដីខេត្តព្រះវិហារ និងផ្តល់នូវភាពយុត្តិធម៌ពិតប្រាកដ មួយចំពោះគ្រួសាររបស់លោកទាំងពីរ ដែលបាន កំពុងរងគ្រោះ ។ ជាពិសេសលោកបានសំណូមពរដល់លោកអភិបាល ខេត្តព្រះវិហារ ដែលនឹងបង្កើតគណៈកម្មការ ស៊ើបអង្កេត និងដោះស្រាយវិវាទដីធ្លីនេះ និងបើកការស៊ើបអង្កេតយ៉ាង យកចិត្តទុកដាក់បំផុត ដើម្បីផ្តល់នូវសេចក្តីសុខសាន្តដល់ប្រជាពលរដ្ឋរបស់លោក ។ ប្រជាពលរដ្ឋជាជនរងគ្រោះ បានកំពុងតែផ្ញើសេចក្តី សង្ឃឹមយ៉ាងមុតមាំថា លោកអភិបាលខេត្តព្រះវិហារប្រាកដជាផ្តល់នូវភាពយុត្តិធម៌ដ៏ពិត ប្រាកដមួយសម្រាប់ ប្រជាពលរដ្ឋរបស់លោកជាក់ជាពុំខាន ៕