0

សម្តេច​ធិបតី អញ្ជើញ​ជួប​ជាមួយ ឯកឧត្តម ច​ច យ៉ូ យ៉ុង ប៊ូ​ន (George Yeo Yong-Boon) អតីតរដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០ រោច ខែ​កត្តិក ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រី​ការបរទេស នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​សហការី ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម​អតីតរដ្ឋមន្ត្រី​ការបរទេស​សិង្ហ​បុរី បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​បង្ហាញ​នូវ​ភាព​រីករាយ​ដែល ឯកឧត្តម បាន​អញ្ជើញ​មកកាន់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សាជាថ្មី ព្រម​ជាមួយ​នឹង​ការកត់សម្គាល់​អំពី​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ដែល​ជា​ប្រទេស​ទើប​ចេញ​ចាក​រួចផុត​ពី​សង្គ្រាម ។ ឯកឧត្តម ក៏​បាន​ជម្រាបជូន សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ផងដែរ​នូវ​ចំណាប់អារម្មណ៍​ក្នុង​ការស្វែងយល់​បន្ថែម​អំពី​សក្តានុពល​នៃ​វិស័យ​វិនិយោគ និង​វិស័យ​មួយចំនួន​ទៀត​នៅ​កម្ពុជា ជាពិសេស ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ស្របពេល​ដែល ឯកឧត្តម ក៏​បាន​អញ្ជើញ​ចូលរួម​ធ្វើ​បាឋកថា​ជូន​ដល់​សិក្ខាកាម​នៅ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស​កម្ពុ​ជា ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់ ឯកឧត្តម អតីតរដ្ឋមន្ត្រី​ការបរទេស​សិង្ហ​បុរី និង​សហការី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ធ្វើ​បាឋកថា​នៅ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស​កម្ពុ​ជា ។ ជាមួយគ្នានេះ សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ដែល​តែង​បាន​គាំទ្រ​ដល់​តួនាទី​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ក្នុង​រយៈកាល​កន្លងមក ព្រមទាំង​បាន​លើកឡើង​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​ការ​បន្ត​អភិវឌ្ឍ​ប្រទេស បន្ទាប់ពី​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ ចាប់តាំងពី​ចុងឆ្នាំ​១៩៩៨ នៅក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​យុទ្ធសាស្ត្រ​របស់ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!