(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដ៏កាន់តែបង្ហាញច្បាស់ ទាំងទំហំ និងភាពញឹកញាប់ នេះជាការពិតណាស់ ពិភពលោកកំពុងស្ថិតនៅរបត់ដ៏សំខាន់មួយ ស្របពេលដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននឹងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងទាំងអស់គ្នាទទួលរងនូវផលវិបាក ដែលក្នុងបរិបទនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើងក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហដោយផ្អែកលើកការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និងការកសាងសមត្ថភាព ដោយការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីសន្តិភាព និងវិបុល (M4P2) ជាមូលដ្ឋានគ្រឹះដ៏សំខាន់៕